Home ពត៍មានថ្មីៗ ករណីអ្នកអាងអំណាចយកកាំភ្លើងភ្ជង់អ្នកបើករថយន្ដស្ទូច ដែលបានស្ទូចរថយន្តLexus 570 ពាក់ស្លាកលេខរដ្ឋ ពេលនេះបានបញ្ជូនទៅកាន់តុលាការវិញហើយនៅព្រឹកនេះ

ករណីអ្នកអាងអំណាចយកកាំភ្លើងភ្ជង់អ្នកបើករថយន្ដស្ទូច ដែលបានស្ទូចរថយន្តLexus 570 ពាក់ស្លាកលេខរដ្ឋ ពេលនេះបានបញ្ជូនទៅកាន់តុលាការវិញហើយនៅព្រឹកនេះ

383

អ្នកបើករថយន្ដ Lexus 570 ពាក់ស្លាកលេខរដ្ឋ ដែលភ្ជង់អ្នកបើករថយន្ដស្ទូច ដើម្បីឲ្យដឹកយករថយន្តរបស់ខ្លួនទៅទុកនៅផ្ទះវិញ ត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញវិញហើយ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា ពេលនេះព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ កំពុងបន្ដការសួរនាំជនសង្ស័យ ដែលអាងអំណាចម្នាក់នេះផងដែរ។

សូមបញ្ជាក់ថា ការបញ្ជូនជននេះទៅតុលាការ ដោយសារតែជនម្នាក់នេះ បានប្រព្រឹត្តល្មើសច្បាប់ រួមទាំងការបុកបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋ ប្លន់យករថយន្ដរបស់ខ្លួនពីសមត្ថកិច្ចទៅទុកផ្ទះវិញ រួមទាំងបទល្មើស ដែលរកឃើញតាមក្រោយ រួមមាន ការប្រើប្រាស់កាំភ្លើងខុសច្បាប់ និងប្រើប្រាស់រថយន្ដមិនបង់ពន្ធ។

តាមសេចក្ដីរាយការណ៍មួយចំនួន ពីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានឲ្យដឹងថា រហូតមកដល់ពេលនេះកិច្ចអន្ដរាគមន៍ ពីសំណាក់សាច់ញាតិ ក្រុមគ្រួសាររបស់ជនបង្ករូបនេះ បាននិងកំពុងរត់ការ ខ្វែងដៃខ្វែងជើងឲ្យដោះលែង ខណៈដែលក្រសែភ្នែកមហាជន នៅគ្រប់ទិសទីរង់ចាំមើលពីចំណាត់ការដ៏ម៉ឺងម៉ាត់របស់សមត្ថកិច្ច និងស្ថាប័នតុលាការ។

តាមសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនម្នាក់នេះ ប្រឈមនឹងបទល្មើសមួយចំនួន ដូចជា៖ បំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ, ប្លន់យកវត្ថុតាងរបស់សមត្ថកិច្ច, ប្រើប្រាស់កាំភ្លើងអត់ច្បាប់ និងប្រើប្រាស់រថយន្ដអត់បង់ពន្ធ។ ក្នុងនោះកាំភ្លើងដែលរូបគេប្រើប្រាស់ សមត្ថកិច្ចអះអាងថា បានទិញមកពីប្រទេសថៃ ដោយឡែករថយន្ដដែលពាក់ស្លាកលេខរដ្ឋនោះ ទិញបន្ដពីគេ ដោយមិនមានការបង់ពន្ធ និងក៏ពាក់ព័ន្ធជាមួយមន្ដ្រីជាន់ខ្ពស់ម្នាក់ ប៉ុន្ដែសមត្ថកិច្ចមិនទាន់បានបញ្ជាក់អត្តសញ្ញាណ។

ដូច្នេះឆ្លើយតាមការប្រព្រឹត្តបទល្មើសទាំងនេះ ស្ថាប័នតុលាការ នឹងចាត់វិធានការឲ្យតឹងរឹងជាទីបំផុត បើទោះបីមានកិច្ចអន្ដរាគមន៍ខ្វែងដៃខ្វែងជើង ចង់ឲ្យដោះលែងជននេះក៏ដោយនោះ៕​

ប្រភពពី៖ Freshnews