Home ពត៍មានថ្មីៗ បច្ចេកវិទ្យា ការច្នៃប្រឌិតថ្មីដែលអាច កែប្រែដីខ្សាច់ទៅជាដី ដែលអាចធ្វើដំណាំបាន

ការច្នៃប្រឌិតថ្មីដែលអាច កែប្រែដីខ្សាច់ទៅជាដី ដែលអាចធ្វើដំណាំបាន

1137

លោក Faisal Mohammed Al Shimmari ដែលជាកសិករម្នាក់នៅក្នុងសហព័ន្ធអារ៉ាប់រួម បាននិយាយថា «វាថ្លៃខ្លាំងណាស់សម្រាប់ឲ្យយើងទិញទឹកដើម្បីដំណាំទាំងនេះ» ។

 

កសិករត្រូវតែប្រើសុីទែនទឹកដើម្បីស្តុកទឹក លើសពីនេះទៅទៀតការធ្វើដំណាំនៅលើដីខ្សាច់ត្រូវការប្រើទឹកច្រើនជាង ដីធម្មតាដល់ទៅ៣ដងឯណោះ។ ហេតុនេះហើយដែលនាំឲ្យ សហព័ន្ធអារ៉ាប់រួមនាំចូលអាហារពីខាងក្រៅ ៨០%។ការកាប់បំផ្លាញព្រៃឈើបាននាំឲ្យផ្ទៃដីជាច្រើនក្លាយទៅជា វាលខ្សាច់ជារៀងរាល់ឆ្នាំ។ បើយោងតាមរបាយការណ៍ពីអង្គការសហប្រជាជាតិបានឱ្យដឹងថា នៅឆ្នាំ២០៤៥ នឹងមានប្រជាជនយ៉ាងតិចណាស់ ១៣៥លាននាក់ដែលនឹងបាត់បង់ផ្ទះសម្បែងរបស់ពួកគេដោយសារតែដីទាំងនោះនឹងត្រូវបានក្លាយជាវាលខ្សាច់។

ហេតុនេះហើយបានជានាំឲ្យអ្នកវិទ្យាសាស្ត្រម្នាក់ បានរកឃើញវិធីមួយដែលអាចប្រែក្លាយវាលខ្សាច់ទៅជាទឹកដីបៃតងមួយបានជាថ្មីម្ដងទៀត។

អ្នកវិទ្យាសាស្ត្រជនជាតិន័រវេស លោក Kristian Morten Olesen បានធ្វើប័ណ្ណប៉ាតង់មួយទៅលើដំណើរការមួយដែលលាយភាគល្អិតតូចៗនៃដៃឥដ្ឋជាមួយទឹក រួចបូកផ្សំវាជាមួយភាគល្អិតតូចៗនៃដីខ្សាច់ ដើម្បីជួយកែប្រែសណ្ឋានដីនៃវាលខ្សាច់។ គាត់បានធ្វើការស្រាវជ្រាវទៅលើបច្ចេកវិទ្យាដែលមានឈ្មោះថា Liquid Nanoclay (LNC) នេះតាំងពីឆ្នាំ២០០៥ មកម្ល៉េះ។

លោក Kristian បាននិយាយថា «ដំណោះស្រាយរបស់យើងនេះបូកផ្សំភាគល្អិតៗនៃដីខ្សាច់ ជាមួយនឹងដីឥដ្ឋដែលនាំឲ្យសមាសភាគនៃដីនោះប្រែប្រួល ហើយនាំឲ្យវាអាចចាប់យកទឹកបានច្រើន និងយូរជាងធម្មតា»។

 

គាត់បានបន្តថា «ដំណើរការរបស់យើងមិនប្រើសារធាតុគីមីអ្វីនោះទេ។ យើងអាចធ្វើការកែប្រែគុណភាពនៃសណ្ឋានដីខ្សាច់ ឲ្យក្លាយទៅជាដីដែលអាចដាំដំណាំបាន ដោយប្រើពេលត្រឹមតែ ៧ម៉ោងប៉ុណ្ណោះ»។

បើតាមការពិសោធន៍របស់គាត់នៅក្នុងសហព័ន្ធអារ៉ាប់រួមបានរកឃើញថា គេអាចធ្វើដំណាំនៅលើវាលខ្សាច់ដោយប្រើទឹកតិចជាងមុនដល់ទៅ ២ ដងឯណោះ។

ហើយវាជាសញ្ញាមួយដែលបង្ហាញពីក្ដីសង្ឃឹម សម្រាប់អ្នករស់នៅតាមតំបន់វាលខ្សាច់នៅពេលខាងមុខ៕