ស្បែក ស ខ្ចី ជាទំនោរថ្មី១ របស់មនុស្សសម័យទំនើប ស៊ីវិល័យ ភាគច្រើនជាយុវវ័យ និងស្ត្រីខ្លះ ឬហៅថាតាមគេតាមឯង។ ដោយសារតែចង់ស្អាតតាមគ្នា ទើបអ្នកលាបខ្លះ មិនសូវចាប់អារម្មណ៍ពីផលប៉ះពាល់ដែលបង្កដោយគ្រឿងសម្អាងទាំងនោះ។
ដោយហេតុនេះ ទើបគេសង្កេតឃើញថា ស្ត្រី១ភាគធំ ដែលមានជីវភាពធម្មតា ឬក្រោមនេះ ច្រើនជ្រើសរើសផលិតផលឡេលាយ បកស្បែក ដែលមានតម្លៃថោកៗ ប៉ុន្តែមានប្រសិទ្ធភាពឲ្យសលឿនទាន់ចិត្ត ដោយមិនបានគិតពីផលវិបាកនាពេលក្រោយនោះទេ។
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ី ស៊ីថាច នាយផ្នែកជំងឺសើស្បែក នៃមន្ទីរពេទ្យព្រះកុសុមៈបានពន្យល់ថា ការប្រើឡេលាយជាផ្នែក១ នៃផលិតផលគ្រឿងសម្អាងខុសបច្ចេកទេស ដែលលាយផ្សំគ្មានរូបមន្តត្រឹមត្រូវ មានន័យថា ចេះលាយតគ្នា លក់ចែកចាយ និងគ្មានស្តង់ដារ ផ្លូវការ។
ផលប៉ះពាល់នៃការប្រើឡេលាយ បកស្បែក មាន២ គឺ រយៈពេលខ្លី ភ្លាមៗ និងរយៈវែង។
១. បញ្ហាប្រឈមភ្លាមៗឡេលាយអាចឲ្យធ្វើស្បែក ស លឿន ខុសប្រក្រតី មានចន្លោះតែពី ២ ទៅ ៣ម៉ោង ឬយ៉ាងយូរ១សប្ដាហ៍តែប៉ុណ្ណោះ។ ភាពស ទាន់ចិត្តបានធ្វើឲ្យអ្នកប្រើសប្បាយចិត្តខ្លាំង។ ប៉ុន្តែវិធីនេះ ក៏ធ្លាប់ហុចជាផលអវិជ្ជមាន ដែលវេជ្ជបណ្ឌិតឯកទេសជំងឺសើស្បែក ធ្លាប់ជួបករណីអ្នកជំងឺខ្លះ ឡើងរមាស់ស្បែកផ្ដើមពីតិចតួច រហូតដល់ធ្ងន់ធ្ងរ ហើមមាត់ស្ពុល រោលស្បែកប្រតាក ឬឡើងបន្ទាលត្រអាកចូលក្នុងស្បែកជ្រៅ។
២. ផលប៉ះពាល់រយៈពេលយូរ
លោកវេជ្ជបណ្ឌិត ម៉ី ស៊ីថាច បានបញ្ជាក់ថា ករណីនេះ អាចជះឥទ្ធិពលអាក្រក់ទៅថ្ងៃក្រោយ និងមានរយៈពេលយូរ។ អ្នកប្រើឡេលាយ បកស្បែក ឲ្យ ស លឿនជ្រុល ប្រឈមនឹង ការបង្កទៅជាជំងឺដូចជាស្បែក ប្រតិកម្មជាមួយកម្ដៅថ្ងៃ មានន័យថា មិនអាចស្ថិតនៅក្រោមពន្លឺថ្ងៃបាន អាចបង្កជាកកខ្ទុះ១ចំហៀងមុខ។លោកវេជ្ជបណ្ឌិត បន្ថែមថា ករណីធ្ងន់ធ្ងរខ្លាំង គឺអ្នកជំងឺប្រឈមនឹងជំងឺមហារីកស្បែក គ្មានថ្នាំព្យាបាល ដែលនាំគ្រោះថ្នាក់ដល់ជីវិត៕