Home ពត៍មានថ្មីៗ កីឡា កីឡាការិនីស្នូកឃ័រឆ្នើម ស្រួង ភាវី សម្រេចបំណងឈ្នះមេដាយមាសជើងឯកអាស៊ី

កីឡាការិនីស្នូកឃ័រឆ្នើម ស្រួង ភាវី សម្រេចបំណងឈ្នះមេដាយមាសជើងឯកអាស៊ី

237

កីឡាការនីឆ្នើម ស្រួង ភាវី បានឲ្យដឹងពីកូរ៉េ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះថា នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាស្នូកឃ័រ និងប៊ីយ៉ាអាស៊ី រៀបចំការប្រកួតជើងឯកអាស៊ីផ្នែកនារីនេះឡើង ហើយក៏ជាអ្វីដែលលោកស្រីទន្ទឹងរង់ចាំដែរ ដោយកីឡាការិនីមានដើមកំណើតពីខេត្តត្បូងឃ្មុំរូបនេះ ចង់ចូលរួមប្រកួតក្នុងនាមកីឡាការិនីកម្ពុជា និងដណ្ដើមចំណាត់ថ្នាក់លេខ១ ជូនជាតិរបស់ខ្លួន ហើយពេលនេះលោកស្រីបានសម្ដែងការសប្បាយចិត្តជាខ្លាំង ក្រោយទទួលបានជោគជ័យ និងសម្រេចបំណងរបស់ខ្លួនដូច្នេះ ។

ភាវី បន្ដថា «ការប្រកួតកីឡាស្នូកឃ័រជើងឯកអាស៊ីលើកដំបូងនេះ គឺមានកីឡាការិនី ១៦នាក់មកពី ៣ប្រទេសចូលរួម រួមមានកូរ៉េ ៩នាក់, ជប៉ុន ៦នាក់ និងកម្ពុជាម្នាក់ ដែលជារូបខ្ញុំផ្ទាល់ ។ ជាលទ្ធផល ខ្ញុំបានឆ្លងកាត់ ៦ប្រកួត និងទទួលបានជ័យជម្នះជាប់ៗគ្នា ដើម្បីឈ្នះពាន ចំណាត់ថ្នាក់លេខ១ ក្នុងនោះប្រកួតផ្ដាច់ព្រ័ត្រ ខ្ញុំបានយកឈ្នះកីឡាការិនីកូរ៉េ ៣០-២២ពិន្ទុ ។ ខ្ញុំសប្បាយចិត្ត និងរំភើបខ្លាំងណាស់ ព្រោះនេះគឺជាសមិទ្ធផល ដែលខ្ញុំប៉ងចង់បានយូរមកហើយ គឺខ្ញុំប៉ងដណ្ដើមជូនប្រទេសជាតិកម្ពុជារបស់ខ្ញុំ» ។

គាត់បានបន្តទៀតថាបន្ថែមថា «ជោគជ័យនេះ គឺជាកត្ដារុញច្រាន និងលើកទឹកចិត្តខ្ញុំឲ្យកាន់តែខិតខំបន្ថែមទៀត ដើម្បីបន្ដចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ក្នុងនាមកីឡាការិនីជម្រើសជាតិកម្ពុជា ។ ចំពោះការប្រកួតនេះ ទោះបីមានប្រទេសចូលរួមតិចក្ដី តែវាគឺជាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសជាតិ ហើយខ្ញុំសង្ឃឹមថា ការប្រកួតក្រោយៗ នឹងមានការចូលរួមកាន់តែច្រើន ពិសេសខ្ញុំចង់ឃើញកីឡាការិនីខ្មែរ មានវត្តមានច្រើន ក្នុងព្រឹត្តិការណ៍នេះ ហើយខ្ញុំក៏ត្រៀមខ្លួនជួយជំរុញ និងលើកទឹកចិត្តដល់កីឡាការិនីខ្មែរដូចគ្នាផងដែរ» ។

ទីបំផុតកីឡាការនីស្នូកឃ័រ និងប៊ីយ៉ាជម្រើសជាតិកម្ពុជា ស្រួង ភាវី បានសម្រេចបំណងក្នុងការដណ្ដើមជើងឯក ជូនប្រទេសកម្ពុជា នៅក្នុងការប្រកួតកីឡាស្នូកឃ័រ និងប៊ីយ៉ាជ្រើសរើសជើងឯកអាស៊ីលើកទី១ (The 1st Asian Championship Lalies 3-Cushion 2018) បានហើយ បន្ទាប់ពីលោកស្រីបានផ្ដួលគូប្រកួតជាបន្ដបន្ទាប់ តាំងពីវគ្គជម្រុះ រហូតដល់វគ្គផ្ដាច់ព្រ័ត្រកាលពីម្សិលមិញ នៅសាធារណរដ្ឋកូរ៉េ ៕