តារាចម្រៀងរូបសង្ហារ ទឹកដមសម្លេងពិរោះក្រអួនក្រអៅ ពូកែទាំងក្បាច់រាំ ជាពិសេសគឺពូកែខាងម៉ូតសម្លៀកបំពាក់ គឺលោក នីកូ ទើបបានបង្ហាញនូវវីដេអូបទចម្រៀងថ្មីកាលពីម្សិលមិញនេះមានចំណងជើងថា «កុំស្ដាយពេលបាត់បង់ខ្ញុំ»។
សម្រាប់វីដេអូបទ «កុំស្ដាយពេលបាត់បង់ខ្ញុំ» គ្រាន់តែបង្ហោះភ្លាមមានការចែករំលែកជាច្រើននៅលើបណ្តាញសង្គមត្រឹមរយៈពេល 19ម៉ោង មានចំនួនអ្នកចូលទស្សនារហូតដល់ជិត ២៥ម៉ឺននាក់ នឹង ១៨៨០០ ស៊ែរ ក៏ព្រោះតែវីដេអូថ្មីនេះគឺពិតជាកម្សត់អាចធ្វើអោយអ្នកទាំងអស់គ្នាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនក៏ថាបាន។
តាមរយៈវីដេអូបានបង្ហាញពីសាច់រឿងបីផ្សេងគ្នាដែលនិយាយពីសេចក្ដីស្នេហារវាងសង្សារ ប្ដីប្រពន្ធ នឹងចុងក្រោយរវាងម្តាយនិងកូន ប៉ុន្តែនៅចុងបញ្ចប់គឺបានត្រឹមសោកស្តាយចំពោះទង្វើរខ្លួនឯងដែលធ្វើអោយមនុស្សជាទីស្រលាញ់លែងមាននៅលើលោកនេះទៀត។
កាន់តែក្តុកក្តួលនោះគឺលោកនីកូបានភ្ជាប់នូវឃ្លាមួយចំនួននៅចុងបញ្ចប់នៃបទចម្រៀងថា « នៅពេលដែលខ្ញុំចាកចេញទៅហើយ កុំអោបខ្ញុំអីព្រោះខ្ញុំមិនមានអារម្មណ៍ កុំយករបស់ដែលខ្ញុំចង់បានមកអោយ ព្រោះខ្ញុំប្រើវាមិនបាន កុំឆ្លើយសំណួរដែលខ្ញុំធ្លាប់ចង់ដឹង ព្រោះខ្ញុំមិនបានលឺ កុំនិយាយពាក្យថាសុំទោស ព្រោះខ្ញុំភ្ញាក់មកអភ័យទោសអោយអ្នកមិនបានទេ កុំប្រឹងប្រែងធ្វើការ ដើម្បីយកទៅចាយក្នុងបន្ទប់ICU»។
នេះជាឃ្លាមួយដែលចាក់ដោតបំផុតសម្រាប់អ្នកដែលគិតថាខ្លួនមានកំហុស ដូចនេះហើយបើយើងធ្វើអ្វីខុសចំពោះមនុស្សដែលយើងស្រលាញ់ ជាពិសេសឪពុកម្តាយ ត្រូវសុំទោសឬសងគុណ កុំធ្វើអោយពួកគាត់មិនសប្បាយចិត្ត ទាន់ពួកគាត់នៅមានដង្ហើម៕
ចង់ដឹងអត្ថន័យនិងសាច់រឿងកម្សត់យ៉ាងណាទស្សនាវីដេអូខាងក្រោម៖