Home ពត៍មានថ្មីៗ ក្តៅៗ!មាជ សុវណ្ណារ៉ា និងអតីតសមាជិកបក្សប្រឆាំង១៣នាក់ទៀតត្រូវបានដោះលែងតាមការត្រាស់បង្គាប់ពីព្រះមហាក្សត្រ

ក្តៅៗ!មាជ សុវណ្ណារ៉ា និងអតីតសមាជិកបក្សប្រឆាំង១៣នាក់ទៀតត្រូវបានដោះលែងតាមការត្រាស់បង្គាប់ពីព្រះមហាក្សត្រ

2107

ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យ លើកលែងទោសដល់លោក មាជ សុវណ្ណារ៉ា និងសមាជិកអតីតគណបក្សប្រឆាំងចំនួន១៣នាក់ផ្សេងទៀត ឱ្យមានសេរីភាពឡើងវិញហើយ ក្រោយពីមានសំណើពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន ទើបទទួលបាននាព្រលប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ ។ ពេលនេះពួកគេបានចាកចេញពីពន្ធនាគារហើយ ។

មន្រ្តីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញបានថ្លែងថានៅយប់ថ្ងៃទី២៧ ខែសីហានេះឲ្យដឹងថា ការដោះលែងលោក មាជ សុវណ្ណារ៉ា និងអតីតសមាជិកបក្សប្រឆាំង១៣នាក់ទៀត (ទាំងអស់១៤នាក់) ត្រូវធ្វើឡើងនៅយប់ថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០១៨នេះតែម្តង។ ការដែលមិនទាន់ដោះលែងអ្នកទាំង១៤នាក់ នៅវេលាម៉ោង៩៖៣០នាទីយប់នោះ គឺដោយសារហេតុផលសន្តិសុខ, មានមនុស្សយ៉ាងច្រើន នៅខាងមុខពន្ធនាគារ ដូច្នេះការដោះលែងត្រូវពន្យាពេលដល់ម៉ោងប្រមាណជាង ១២យប់ ហើយអ្នកទាំងអស់គ្នា ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកជញ្ជូនទៅកាន់គេហដ្ឋានតែម្តង ដោយសារការពារសុវត្ថិភាព។

អតីតសមាជិកបក្សប្រឆាំងទាំង១៤រូប ដែលត្រូវបានលើកលែងទោសនេះរួមមាន៖

១៖ ឈ្មោះ មាជ សុវណ្ណារ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ

២៖ ឈ្មោះ អឿ ណារិត ភេទប្រុស អាយុ៣៩ឆ្នាំ

៣៖ ឈ្មោះ ឃិន រឿន ហៅ ឃិន ជំរឿន ភេទប្រុស អាយុ៣២ឆ្នាំ

អ្នកទាំងនេះ (៣នាក់ខាងលើ) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមព្រហ្មទណ្ឌលេខ ២៩០ “ប” ក្រ៣ ភ.ព.​ព្រ​.​ទ ចុះថ្ងៃទី២១-០៧-២០១៥ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល២០ឆ្នាំ ពីបទដឹកនាំកុបកម្ម។

៤៖ ឈ្មោះ នាង សុឃុន ភេទប្រុស អាយុ ២៧ឆ្នាំ

៥៖ ឈ្មោះ សាន គឹមហេង ភេទប្រុស អាយុ ៣២ឆ្នាំ

៦៖ ឈ្មោះ ស៊ុំ ពុទ្ធី ភេទប្រុស អាយុ ៤៩ឆ្នាំ

៧៖ ឈ្មោះ កែ ឃីម ហៅ វិនឌី ភេទប្រុស អាយុ ៣៤ឆ្នាំ

៨៖ ឈ្មោះ ទេព ណារិន ភេទប្រុស អាយុ ២៩ឆ្នាំ

៩៖ ឈ្មោះ អាន បឋម ហៅ សុខុម ភេទប្រុស អាយុ ៣៥ឆ្នាំ

១០៖ ឈ្មោះ សាន សីហៈ ភេទប្រុស អាយុ ២៦ ឆ្នាំ

១១៖ ឈ្មោះ អ៊ុក ពេជ្រសំណាង ភេទប្រុស អាយុ ៥១ឆ្នាំ

អ្នកទាំងនេះ (៨នាក់ខាងលើ) ត្រូវបាន​សាលា​ដំបូង​រាជធានីភ្នំពេញសម្រេចផ្តន្ទាទោស​ដាក់​ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល០៧ឆ្នាំ ពី​បទចូលរួមធ្វើកុបកម្ម។ សាលក្រម​ព្រហ្មទណ្ឌនេះ ត្រូវបាន​ភាគី​ជនជាប់ចោទ​ប្តឹងតវ៉ា​ទៅ​​សាលា​ឧ​ទ្ធរណ៍ ហើយសាលា​ឧទ្ធរណ៍​បាន​ចេញសាលដីកា​លេខ ៤៨ ក្រIV “ណ” ចុះថ្ងៃទី​១០-០៥-២០១៨ ដោយតម្កល់ការសម្រេចផ្តន្ទាទោស ដូចតុលាការជាន់ទាប។

១២៖ ឈ្មោះ រឿន ចិត្រា ភេទប្រុស អាយុ ៣៣ឆ្នាំ

១៣៖ ឈ្មោះ យន់ គឹមហួរ ភេទប្រុស អាយុ ២៨ឆ្នាំ

១៤៖ ឈ្មោះ យា ថុង ភេទប្រុស អាយុ ៤៣ឆ្នាំ

អ្នកទាំង១១នាក់ខាងលើនេះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស​ដាក់​ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល០៧ឆ្នាំ ពី​បទចូលរួមធ្វើកុបកម្ម។

គួរកត់សម្គាល់ផងដែរថា អ្នកទាំង១៤រូបខាងលើបានសម្រចដកបណ្តឹងសាទុក្ខ​ និងបណ្តឹងបណ្តឹងឧទ្ធរណ៍នាព្រឹកម៉ិញនេះ ដែលនាំឲ្យសាលក្រម និងសាលដីការបស់តុលាការ បានចូលជាស្ថាពរ ដែលជាផ្នែកមួយនៃការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សំណុំរឿងនេះតាមនីតិវិធីច្បាប់ និងឈានទៅស្នើសុំលើកលែងទោស៕

ប្រភពពី៖Freshnews