Home ពត៍មានថ្មីៗ កីឡា ក្មេងៗ និងគ្រូបង្វឹក១៣នាក់ មានសំណាងបានទៅមើលការប្រកួតផ្ដាច់ព្រ័តរបស់ World Cup បើសិនពួកគេចេញពីល្អាងទាន់ពេលវេលា

ក្មេងៗ និងគ្រូបង្វឹក១៣នាក់ មានសំណាងបានទៅមើលការប្រកួតផ្ដាច់ព្រ័តរបស់ World Cup បើសិនពួកគេចេញពីល្អាងទាន់ពេលវេលា

775

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសជាសារធារណៈថា ក្មេងៗទាំង១២នាក់ និងគ្រូបង្វឹកមួយរូប ដែលជាប់នៅក្នុងល្អាងថាំហ្លួង នឹងត្រូវបានអញ្ជើញទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ World Cup នៅប្រទេសរុស្ស៊ី បើពួកគេទាំង១៣នាក់អាចចេញពីល្អាងភ្នំនោះដោយសុវត្ថិភាពទាន់ពេលវេលា។

ខណៈពេលនេះដែរ សហព័ន្ធបាល់ទាត់ពិភពលោក FIFA ក៏បានផ្តល់ជាកម្លាំងចិត្តដល់ក្រុមបាល់ទាត់ដែលជាប់ក្នុងរូងភ្នំនោះផងដែរ ដោយខាងសហព័ន្ធបានបញ្ជូនសំបុត្រដោយពោរពេញទៅដោយការលើកទឹកចិត្តទៅកាន់សហព័ន្ធបាល់ទាត់ប្រទេសថៃដោយផ្ទាល់។

ក្នុងសំបុត្រនោះបានសរសេរថា ៖

ពួកយើងបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ក្នុងការវិវត្តនូវសកម្មភាពស្វែងរកនិងជួយសង្គ្រោះកីឡាករបាល់ទាត់ក្មេងៗទាំង១២រូបរួមទាំងគ្រូបង្វឹករបស់គេដែលជាប់គាំងនៅក្នុងរូងភ្នំថាំហ្លួងតាំងពីថ្ងៃទី២៣ ខែមិថុនាមក ហើយពួកយើងមានអារម្មណ៍សប្បាយរីករាយឥតឧបមា ក្រោយពីឮដំណឹងថាពួកគេត្រូវបានអ្នកជួយសង្គ្រោះរកឃើញនិងនៅមានសុខភាពល្អ។

[..] តំណាងឲ្យសហគមន៍បាល់ទាត់អន្តរជាតិទាំងមូល ពួកយើងសូមចូលរួមអាណិតអាសូរពេកក្រៃដល់ក្រុមគ្រួសាររបស់ជនរងគ្រោះទាំងនោះនិងសូមជូនពរឲ្យពួកគេឆាប់ចេញពីគ្រោះថ្នាក់ទាំងនោះដោយសុវត្ថិភាព។

[…] ពួកយើងសង្ឃឹមថា ពួកគេនឹងអាចជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេឆាប់ៗនេះ ហើយបើសុខភាពពួកគេបានបាននឹងធឹងឡើងវិញ ពួកយើងរីករាយនឹងអញ្ជើញក្រុមបាល់ទាត់ទាំង១២រូប រួមជាមួយគ្រូបង្វឹករបស់ពួកគេ ដើម្បីមកចូលរួមទស្សនានូវប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ World Cup ឆ្នាំ២០១៨ ដែលប្រពឹ្រត្តិទៅនៅទីក្រុង Moscow ប្រទេសរុស្ស៊ី ហើយពួកយើងសង្ឃឹមអស់ពីសុទ្ធចិត្តថា ពួកគេនឹងអាចមកចូលរួមពិធីដ៏អស្ចារ្យនេះបាន៕