Home ពត៍មានថ្មីៗ បច្ចេកវិទ្យា ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក គ្រោងនឹងបង្ហាញវត្តមានរថយន្តគ្មានមនុស្សបើក គ្មានចង្កូត គ្មានឈ្នាន់ជាន់ហ្វ្រាំង និងឈ្នាន់ជាន់ហ្គែរ នៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ (មានវីដេអូ)…

ក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិក គ្រោងនឹងបង្ហាញវត្តមានរថយន្តគ្មានមនុស្សបើក គ្មានចង្កូត គ្មានឈ្នាន់ជាន់ហ្វ្រាំង និងឈ្នាន់ជាន់ហ្គែរ នៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ (មានវីដេអូ)…

727

អាមេរិក៖ ក្រុមហ៊ុន General Motors គឺជាក្រុមហ៊ុនផលិតរថយន្តលំដាប់ថ្នាក់ពិភពលោកមួយរបស់អាមេរិក។ ក្រុមហ៊ុនយក្សមួយនេះតែងតែផលិតម៉ូដែលរថយន្តជាច្រើន ដោយមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាទំនើបៗ និងជាពិសេសនោះគឺផ្តោតយកចិត្តទុកដាក់ខ្លាំងទៅលើប្រព័ន្ធសុវត្ថិភាពក្នុងពេលបើកបរតែម្តង។

ដោយយោងតាមប្រភពព័ត៌មាន មីរ័រ របស់ចក្រភពអង់គ្លេស បានចុះផ្សាយកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៨ ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត General Motors បានបង្ហាញអំពីគម្រោងថ្មីរបស់ខ្លួនមួយ ដែលនឹងដាក់បង្ហាញវត្តមានរថយន្តគ្មានមនុស្សបើក នៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។

ក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកមួយនេះក៏បានឲ្យយើងដឹងទៀតថា ម៉ូដែលរថយន្តគ្មានមនុស្សបើកមួយនេះគឺមានឈ្មោះថា Cruise AV។ វាត្រូវបានរចនាឡើងដោយដំណើរការដោយខ្លួនឯង គ្មានចង្កូត គ្មានប្រអប់លេខ គ្មានឈ្នាន់ជាន់ហ្វ្រាំង និងជាន់ហ្គែរឡើយ។ ក្រុមហ៊ុនសង្ឃឹមថា រថយន្ត Cruise AV នឹងអាចកាត់បន្ថយចំនួននៃគ្រោះថ្នាក់ចរាចរណ៍ដែលកើតមាននៅតាមដងផ្លូវ។ គ្រោះថ្នាក់ទាំងនោះរហូតដល់ ៩៤ ភាគរយ បង្កឡើងដោយមនុស្សដែលជាអ្នកបើកបរ និងនាំឲ្យមានចំនួនមនុស្សរងរបួស និងស្លាប់បាត់បង់ជីវិតអស់ជាច្រើន។

ប្រភពដដែលបានបន្តរៀបរាប់ឲ្យដឹងថា រថយន្តបើកបរដោយខ្លួនឯងនេះនឹងដំណើរការដោយប្រើប្រាស់ថាមពលអគ្គិសនី ដើម្បីកាត់បន្ថយការបញ្ចេញនូវឧស្ម័នពុល និងជួយឲ្យបរិស្ថានកាន់តែប្រសើរ។

ដើម្បីឆ្លើយតបទៅនឹងក្តីបារម្មណ៍ដែលមនុស្សមួយចំនួនគិតថា ប្រសិនបើរថយន្តមួយនេះមិនបំពាក់ចង្កូត ឈ្នាន់ជាន់ហ្វ្រាំង និងហ្គែរ វាអាចបង្កជាគ្រោះថ្នាក់ តែអ្នកនាំពាក្យក្រុមហ៊ុន General Motors បានឆ្លើយតបថា៖

សុវត្ថិភាពត្រូវបានរៀបចំឡើងគ្រប់ដំណាក់កាលនៃការរចនា ការអភិវឌ្ឍន៍ ការផលិត ការតេស្តសាកល្បង និងការត្រួតពិនិត្យថាត្រឹមត្រូវឬអត់។ ប្រព័ន្ធទាំងមូលនៅក្នុងរថយន្តនឹងដំណើរការដោយសិនស័រ (Sensor) ផ្សេងៗគ្នា ដែលអនុញ្ញាតឲ្យរថយន្តមើលឃើញអំពីបរិស្ថាននៅក្បែរខ្លួនវាបាន ៣៦០ ដឺក្រេ។ ហើយវាអាចកំណត់ដឹងថា មានអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវ ឬវត្ថុឆ្លងកាត់ភ្លាមៗ នោះវានឹងធ្វើការឆ្លើយតបបានយ៉ាងឆាប់រហ័ស។ វាបានឆ្លងកាត់ការតេស្តជាមួយកោណ។ ពេលទទួលបានដំណឹងបន្ទាន់ រថយន្តនឹងធ្វើការឆ្លើយតបដើម្បីចៀសវាងគ្រោះថ្នាក់ភ្លាម។

នៅពេលដែលរថយន្តមួយនេះធ្វើចរាចរណ៍ អតិថិជនទាំងអស់អាចប្រើប្រាស់កម្មវិធីនៅលើទូរស័ព្ទដើម្បីធ្វើការហៅវាមកជិះ ដូចជាការហៅនៅលើកម្មវិធី Uber អ៊ីចឹងដែរ។

អ្វីដែលកាន់តែពិសេសនោះគឺ អ្នកដំណើរអាចប្រើប្រាស់កម្មវិធីនៅលើទូរស័ព្ទដើម្បីធ្វើការកំណត់សីតុណ្ហភាពនៅក្នុងរថយន្ត ប្តូរប៉ុស្តិ៍វិទ្យុដែលខ្លួនពេញចិត្ត មុននឹងរថយន្តមកដល់។ នៅពេលចូលដល់ក្នុងរថយន្ត អ្នកដំណើរអាចប្រើប្រាស់ឧបករណ៍ដែលមានអេក្រង់ថេបប្លេតថាច់ស្ក្រីន ដើម្បីធ្វើការទំនាក់ទំនងជាមួយនឹងរថយន្តបានផងដែរ។

នៅពេលនេះ គេមិនទាន់បញ្ជាក់ឲ្យបានច្បាស់ទេថា តើសេវាកម្មប្រើប្រាស់រថយន្តនេះមានតម្លៃប៉ុន្មាន? ចំណែកឯថ្ងៃ និងទីកន្លែងដែលរថយន្តនេះចេញក៏មិនទាន់ដឹងច្បាស់នៅឡើយដែរ ដោយគេគ្រាន់តែដឹងថានៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះប៉ុណ្ណោះ៕