Home ពត៍មានថ្មីៗ គ្រាន់តែឈប់លេងហ្គេមភ្លាម អ្នកជំនួញវ័យក្មេងថៃម្នាក់សាងភាពមានបានរហូតបានក្លាយជាសេដ្ឋីវ័យក្មេង

គ្រាន់តែឈប់លេងហ្គេមភ្លាម អ្នកជំនួញវ័យក្មេងថៃម្នាក់សាងភាពមានបានរហូតបានក្លាយជាសេដ្ឋីវ័យក្មេង

524

លោក Aitthipat Kulapongvanich កើតនៅឆ្នាំ ១៩៨៤ក្នុងគ្រួសារមានបានស្រាប់ ញៀនជាមួយនឹងការលេងហ្គេមអនឡាញ។ ប៉ុន្តែក្នុងការលេងហ្គេមនោះដែរ គាត់បានប្រែក្លាយការកំសាន្តនោះ ទៅជាការរកចំណូលបានចំនួនប្រមាណ១ម៉ឺនដូល្លាក្នុងមួយខែ ក្នុងអាយុត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ។

ឧបសគ្គបានចាប់ផ្តើមកើតឡើងនៅក្នុងដំណើរជីវិតរបស់គាត់ ដោយសារតែច្បាប់របស់ថៃបានរឹតបន្តឹងលើការលេងហ្គេមអនឡាញ ដែលបង្ខំឲ្យគាត់ងាកមកលក់DVD វិញ។ ដោយសារតែមើលឃើញថា ផលិតDVD ដែលគេប្រមូលទិញក្នុងតម្លៃថោក ដើម្បីយកមកលក់បន្ត សុទ្ធតែជាផលិតផលក្លែងក្លាយ និងឆាប់ខូច មុខជំនួញលក់ DVD នេះ ត្រូវបានបញ្ចប់។

ឧបសគ្គកាន់តែធំជាងនេះ ក៏បានកើតឡើងសំរាប់សហគ្រិន ដែលធ្លាប់តែស្គាល់ភាពមានបានតាំងពីតូចនេះ។ គ្រួសាររបស់ Aitthipat Kulapongvanich បានធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច រហូតដល់ក្ស័យធន និងជំពាក់បំណុលគេរហូតដល់ប្រមាណ១.៣លានដូល្លា ដែលត្រូវបង្ខំឲ្យគ្រួសាររបស់គាត់ចាក់ចោលAitthipat Kulapongvanich ទៅនៅប្រទេសចិនក្នុងឆ្នាំ ២០០២។ ដោយសារតែបញ្ហាហិរញ្ញវត្ថុក្នុងគ្រួសារនេះ លោកAitthipat Kulapongvanich ក៏បានបោះបង់ការសិក្សានៅសកលវិទ្យាល័យលើជំនាញគ្រប់គ្រងពាណិជ្ជកម្មផងដែរ។

ក្នុងសេចក្តីអន់ចិត្តនឹងខ្លួនឯងដែលមិនអាចជួយគ្រួសារបាន លោក Aitthipat Kulapongvanich ក៏បានរកឃើញតំរុយមួយ ដែលជាចំណុចចាប់ផ្តើមនៃភាពត្រចះត្រចង់របស់ខ្លួន។ គេសង្កេតឃើញថា ប្រជាជនចិន និងថៃចូលចិត្តទទួលទានកៅឡាក់បំពងស្ករ Chestnut។

ដូច្នេះ Aitthipat Kulapongvanich បានទិញម៉ាស៊ីនផលិតនំ​ Chestnut ក្រោយពីគាត់បានចាប់អារម្មណ៍នឹងនំChestnut របស់ជប៉ុន នៅក្នុងឆ្នាំ២០០៣។ ដោយមិនបង្អង់យូរ គាត់បានផលិតនំនេះដោយខ្លួនឯង ហើយលក់នៅក្នុងផ្សារទំនើប Big C នៅប្រទេសថៃ ប៉ុន្តែដោយសារតែបទពិសោធន៍តិចក្នុងការផលិតនំ និងរសជាតិមិនសមប្រកបសំរាប់អតិថិជន ការលក់មិនទទួលបានជោគជ័យនោះទេ។

ដោយប្រាជ្ញាឈ្លាសវៃរបស់ Aitthipat Kulapongvanich គាត់បានលួចទៅកត់សំគាល់រសជាតិ និងគ្រឿងផ្សំក្នុងការផលិតរបស់អ្នកដទៃទុក ដើម្បីយកមកផលិតខ្លួនឯង ដែលធ្វើឲ្យការលក់មានការកើនឡើងជាលំដាប់។ ក្នុងរយៈពេលដ៏ខ្លី Aitthipat Kulapongvanich បានពង្រីកសាខាដល់ទៅ៣០កន្លែង និងត្រូវបានដោយTESCO Lotus និង Big C គាំទ្រ ហើយគេថែមទាំងបន្ថែមនូវជម្រើសផលិតផលសំរាប់ឲ្យអតិថិជនជ្រើសរើសទៀតផង។

ប៉ុន្តែបញ្ហាសំរាប់គាត់កើតឡើងមិនចេះចប់។ ការផលិតនេះ នាំមកកាន់ក្លិនមិនល្អ និងការបញ្ចេញផ្សែង ដែលនាំឲ្យប៉ះពាល់ដល់ផ្សារទំនើប។ ដោយសារតែបែបនេះ ផ្សារទំនើប TESCO Lotus បានស្នើឲ្យ Aitthipat Kulapongvanich ទៅផលិតនៅខាងក្រៅផ្សារទំនើប។ ប៉ុន្តែគាត់បានព្យាយាមដោះស្រាយបញ្ហានេះរហូតដល់បានទទួលជោគជ័យ។

មហិច្ឆតារបស់ Aitthipat Kulapongvanich នៅតែមាន ទោះបីជាគាត់ទទួលបានជោគជ័យក្នុងកំរិតមួយយ៉ាងនេះហើយ។ នៅពេលដែលដឹងថាផលិតផលនំសារាយរបស់គាត់ មិនមែនឈរក្នុងលំដាប់ទីមួយទេនោះ គាត់នៅតែមានអារម្មណ៍មិនសុខចិត្ត។ ដូច្នេះ គាត់បានបន្ថែមការផ្សព្វផ្សាយ ដោយសហការជាមួយ 7 Eleven និងការពង្រីកផលិតផលរបសខ្លួនយ៉ាងធំ ដើម្បីដាក់លក់ទៅកាន់ផ្សារទំនើបនានាក្នុងប្រទេស។

សេដ្ឋីវ័យក្មេងនេះ បាននិយាយថា គេអាចទទួលបានជោគជ័យក្នុងកំរិតនេះ គឺដោយសារតែការអភិវឌ្ឍខ្លួនឯង ការចេះឆក់ឳកាស និងការសិក្សាពីរបៀបធ្វើជំនួញ។ គាត់បានបន្ថែមថា គេត្រូវចេះបង្កើតយីហោរបស់ខ្លួនឯង ដើម្បីទាញយក និងរក្សាអតិថិជន ហើយការដាក់យីហោថាថៅកែណយនេះ គឺដោយសារតែឪពុកគាត់តែសើចនៅពេលដែលនិយាយថាកូនរបស់គាត់នឹងក្លាយជាថៅកែណយ។ ក្រុមហ៊ុនរបស់គាត់បានឈរក្នុងលំដាប់ទីមួយក្នុងចំណោមគូប្រជែងរបស់ខ្លួន ហើយគាត់បានបន្ថែមថា ការធ្វើជំនួញហាក់ដូចជាការលេងហ្គេមអញ្ចឹង ព្រោះគេត្រូវឆ្លងកាត់ឧបសគ្គដើម្បីឈានដល់វគ្គបញ្ចប់៕

ប្រភពពី៖អាណាចក្រ