Home ពត៍មានថ្មីៗ គ្រាន់តែប្រពន្ធលួចថតរូបភាពស្រីស្នេហ៍សោះ លោក​យោធា​ស័ក្តិ​៤​ខឹងដល់ថ្នាក់​គំរាម​សម្លាប់​បងថ្លៃ​ស្រីនិង ម្តាយក្មេកចោល

គ្រាន់តែប្រពន្ធលួចថតរូបភាពស្រីស្នេហ៍សោះ លោក​យោធា​ស័ក្តិ​៤​ខឹងដល់ថ្នាក់​គំរាម​សម្លាប់​បងថ្លៃ​ស្រីនិង ម្តាយក្មេកចោល

417

តាមការរាយការណ៍បានបញ្ជាក់ បុរស​ជា​​យោធា​ស័ក្តិ​៤​ម្នាក់ ក្រោយ​ខឹង​ប្រពន្ធ​និង​បងថ្លៃ​ស្រី លួច​ថតរូប​ស្រី​ស្នេហ៍​របស់​ខ្លួន បាន​ប្រើ​​ហិង្សាចាប់​​វាយ​ប្រពន្ធ ​ព្រមទាំង​​គំរាម​បាញ់​សម្លាប់បងថ្លៃ​ស្រីនិង ម្តាយក្មេកចោល ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន​ នាំ​ប្រគល់​ឱ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ហេតុការណ៍នេះ បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៨​យប់ ​ថ្ងៃ​ទី​២​ មករា ​ស្ថិត​ចំណុច​​ផ្ទះ​​ជួល ​មួយកន្លែង ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍បន្តថា បុរស​​ជាប់ចោទ​ខាងលើ​​ ឈ្មោះ ហង្ស រ៉ា​ឌ៉ែ​រ អាយុ​២៨​ឆ្នាំ ជា​​យោធា រស់នៅ​ភូមិ​កើតហេតុ​ ដោយ​មាន​ស្រី​ស្នេហ៍​នៅ​ខេត្តកំពង់ស្ពឺ​ ។ ចំណែក​​​​៣​នាក់ទៀត​ ទី​១-ស្ត្រីជា​ប្រពន្ធឈ្មោះ សួន ស្រី​ទូច អាយុ​២៧​ឆ្នាំ ជា​​កម្មករ​រោងចក្រ ស្នាក់​ភូមិ​ភូមិ​កើតហេតុ​ខាងលើ ​ទី​២-ឈ្មោះ សួន រ៉ុ​ន ត្រូវជា​បងថ្លៃ​ស្រី អាយុ​៣២​ឆ្នាំ ជា​ម្មករ​រោង​ចក្រ រស់នៅ​ផ្ទះ​ជួល​ជាមួយ​គ្នា និង​ទី​៣​-ឈ្មោះ សូរ ហ៊ុត ត្រូវជា​ម្តាយក្មេក អាយុ ៥៤​ឆ្នាំ ជា​​កម្មករ​រោងចក្រ​ រស់នៅ​ផ្ទះ​ជាមួយ​គ្នា ។

តាម​សម្តី​ខាង​​ស្ត្រី​រង​គ្រោះទាំង​៣​នាក់បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១​ ធ្នូ​ កន្លងមក ឈ្មោះហង្ស រ៉ា​ឌ៉ែ​រ ដែល​​ជា​ជនជាប់ចោទ ​​បាន​ទៅ​ចូលរួម​មង្គលការ​បងប្អូន​នៅ​ទីរួមខេត្ត​តាកែវ ដោយ​នាំ​ស្រី​ស្នេហ៍​ទៅ​ជាមួយ ព្រមទាំង​ទៅ​អង្គុយ​រួម​តុ​ជាមួយ​ឪពុក​ម្តាយ​របស់​បុរស​ជា​ប្តី​នោះ​​ទៀត តែ​មិន​បាន​យកប្រពន្ធ​ទៅ​ជាមួយ​ទេ ទើប​អ្នកស្រុក​រស់នៅភូមិ​ខាង​ប្តី​ បាន​ទូរស័ព្ទ​មក​ប្រាប់​ប្រពន្ធ​ថា​ ប្តី​របស់​នាងទៅ​ការបងប្អូន​បាន​យក​ស្រី ស្នេហ៍ទៅ​ជាមួយ ។

បន្ទាប់​មក​ស្ត្រី​ជា​ប្រពន្ធបានឱ្យ​បងស្រី​ជូន​ទៅ​កន្លែង​មង្គល​ការ​ខាងលើ ក៏​ឃើញ​ជាក់ស្ដែង​ឪពុក​ម្តាយក្មេក​និង​ស្រី​ស្នេហ៍​កំពុង​អង្គុយ​តុ​ហូប​ជុំ​គ្នា ។ ពេល​នោះ​ប្រពន្ធ​មិន​បាន​ស្រែក​ឡូឡា​ទេ ​បាន​ហៅ​ប្តី​មក​ក្រៅ ដើម្បី​និយាយ​រក​ខុស​ត្រូវ ហើយ​បងស្រីរបស់​ខ្លួន​បាន​ថត​សកម្មភាព​ប្អូនថ្លៃ​របស់​គាត់​ និង​ថតរូប​ស្រី​ស្នេហ៍​នោះ​ផង​ដែរ ។ លុះដល់​ថ្ងៃ​ទី​២៩ ធ្នូ ​ដដែល បុរស​ជា​ប្តី​បាន​មក​ផ្ទះ​វិញ បាន​គំរាម​សម្លាប់​​បងថ្លៃ និង ម្តាយក្មេក​ម្តង​មក​ហើយ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដោយ​ដឹង​ថា បុរស​ខាងលើ​ជា មន្ត្រី​យោធាបាន​ទាក់ទង​ទៅ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បញ្ជូន​ទៅអាវុធហត្ថរាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ត​នឹង​ចាត់វិធាន​ការ​​តាម​ផ្លូវច្បាប់ ៕