សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទៅទស្សនាព្រះវិហារឥស្លាមដ៏មានប្រជាប្រិយ មានអាយុជាង ៤០០ឆ្នាំ ក្នុងទីក្រុងអ៊ីស្តានប៊ុលសាធារណរដ្ឋតួកគី បន្ទាប់ពីពិធីចុះហត្ថលេខាលើឯកសារ និងកិច្ចព្រមព្រៀងអនុស្សារណៈ ចំនួន៨ រួចរាល់។
នៅផ្លូវចូលទៅព្រះវិហារ សម្តេចតេជោ ហ៊ុន សែន បានទទួលទានពោតដុតមួយ ដោយសារតែមានរសជាតិឆ្ងាញ់ សម្តេចតេជោ បានស្នើសុំពូជពោតនោះមកសាកល្បងដាំនៅកម្ពុជា។
សម្តេចបានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ទស្សនកិច្ចនៅទួគី ខ្ញុំសាកល្បងរសជាតិនៃពោតដុត ដែលបុរសលក់ពោតដុតបានលក់ នៅតាមផ្លូវចូលទៅព្រះវិហារមួយ ដែលមានវ័យចំណាស់ជាង៤០០ឆ្នាំ។ ខ្ញុំទទួលទានពោតដុតអស់មួយ ជាមួយសំណើចលេងសើចរបស់មន្ត្រីកម្ពុជា និងមន្ត្រីតួកគីប្រកបដោយមិត្តភាពបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀមចំនួន៨ដែលខ្ញុំ និងប្រធានាធិបតីយតួកគីឯកភាពគ្នា។ ក្នុងពេលបាយជាមួយអភិបាលក្រុងអ៊ីស្តាំប៊ុល ខ្ញុំបានសុំពូជពោតយកទៅដាំសាកល្បងនៅកម្ពុជា ព្រោះរសជាតិពោតនេះពិតជាឆ្ងាញ់ និងមានផ្លែធំ។ ពេលមើលរូបថតខ្ញុំទទួលទានពោត សុំមើលតែពោតបានហើយកុំមើលក្បាលពោះខ្ញុំដែលវាធំប្លែកខុសធម្មតា»។
សម្ដេច មានប្រសាសន៍បញ្ជាក់បន្ថែមថា៖ ក្នុងពេលបាយជាមួយអភិបាលក្រុងអ៊ីស្តាំប៊ុល ខ្ញុំបានសុំពូជពោតយកទៅដាំសាកល្បងនៅកម្ពុជា ព្រោះរសជាតិពោតនេះពិតជាឆ្ងាញ់ និងមានផ្លែធំ ៕