ករណីបាក់ទំនប់ទឹកនៅតំបន់ជីករ៉ែមួយក្នុងរដ្ឋ មីណាស់ ហ្គែរ៉េស (Minas Gerais) បានសម្លាប់មនុស្សប្រមាណ៥០នាក់ ខណៈមនុស្សជាង ២០០នាក់ទៀតបានបាត់ខ្លួន នេះបើតាមការបញ្ជាក់របស់អាជ្ញាធរប្រេស៊ីល។


ទំនប់ទឹកនៅតំបន់ជីករ៉ែក្នុងរដ្ឋខាងលើនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនរុករករ៉ែមានឈ្មោះថា វ៉ាល់ សា (Vale SA) បានបាក់កាលពីយប់ថ្ងៃសុក្រ (ពេលវេលានៅប្រេស៊ីល) ខណៈដែលមនុស្ស ៤២៧នាក់ កំពុងស្ថិតនៅជុំវិញតំបន់នោះ។ ក្រោយកើតហេតុមនុស្សជាង ៥០នាក់ត្រូវបានអាជ្ញាធរប្រេស៊ីលអះអាងថា បាត់បង់ជីវិត, ជាង១០០នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល និងជាង២០០នាក់ទៀតកំពុងបាត់ខ្លួន។



គួរបញ្ជាក់ថា កាលពីដំបូងឡើយសាកសពមនុស្សតែ ០៣នាក់ប៉ុណ្ណោះត្រូវបានរកឃើញ ហើយក្រោយមកចំនួនបានកើនឡើងដល់០៧នាក់ និងតួលេខចុងក្រោយពេលនេះ សាកសពមនុស្សសរុបជាង ៥០នាក់ត្រូវបានរកឃើញ ដោយក្រុមសង្គ្រោះមកពីទីក្រុង ប៊ែឡូ ហូរីសហ្សុនតេ (Belo Horizonte) នៃរដ្ឋ Minas Gerais។




ជុំវិញមូលហេតុដែលបង្កឲ្យទំនប់ទឹក នៃតំបន់ជីករ៉ែខាងលើនេះត្រូវបាក់នោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ ព្រោះអាជ្ញាធរប្រេស៊ីលកំពុងតែព្យាយាមស្វែងរកមនុស្សបាត់ខ្លួន ប៉ុន្តែក្រុមហ៊ុន Vale SA អាចនឹងក្លាយជាអ្នកទទួលខុសត្រូវធំ ចំពោះគ្រោះមហន្តរាយនេះ។ ក្រុមហ៊ុននេះត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនរុករករ៉ែធំបំផុតមួយទាំងនៅប្រេស៊ីល និងក្នុងពិភពលោក ដោយមានការផលិតរ៉ែដែក និងនីកែល យ៉ាងច្រើនសន្ធឹកសន្ធាប់៕