Home ពត៍មានថ្មីៗ គ្រោះរញ្ជួយដី និងស៊ូណាមិ​វាយលុកនៅប្រទេសឥណ្ឌូណេស៊ីបានសម្លាប់មនុស្សកើនដល់១,២០៣នាក់

គ្រោះរញ្ជួយដី និងស៊ូណាមិ​វាយលុកនៅប្រទេសឥណ្ឌូណេស៊ីបានសម្លាប់មនុស្សកើនដល់១,២០៣នាក់

1204

តាម​ការ​ដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨នេះបានបង្ហាញថា ទីភ្នាក់ងារគ្រប់គ្រង​គ្រោះមហន្តរាយជាតិ នៃប្រទេស​ឥណ្ឌូណេស៊ី បានឲ្យដឹងពី ​ចំនួនមនុស្សស្លាប់​ដោយសារតែ​គ្រោះ​​រញ្ជួយដី និងរលកយក្សស៊ូណាមិ នៅខេត្ត ស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាលប្រទេសទីបំផុត​បានកើនដល់ ១,២០៣នាក់ហើយ។

​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ បានអំពាវនាវ​សុំការជួយពី​អន្តរជាតិ​ក្រោយពី​ប្រទេសអាស៊ាន​​មួយនេះ បានទទួល​រង​ការ​វាយ​ប្រហារ​យ៉ាងដំណំ​ដោយគ្រោះធម្មជាតិ​ខាងលើ។​​ ទីភ្នាក់ងារ និងអង្គការក្រៅ​រដ្ឋាភិបាល (NGOs) នានា ព្រមទាំង​រដ្ឋាភិបាល​បរទេស​រួមមាន អូស្រ្តាលី ថៃ នូវែលសេឡង់ ​និងតួកគី ជាដើម​នោះ បានតម្រង់ជួរគ្នា​ដើម្បីត្រៀមផ្តល់​ជំនួយ ខណៈដែល​រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងជួប​ការ​លំបាក​​ក្នុង​ការ​កំណត់​​ទំហំ​​ទាំង​ស្រុង​​នៃ​ការ​បំផ្លិច​បំផ្លាញ ដោយសារ​គ្រោះធម្មជាតិ​ដ៏អាក្រក់នេះនៅឡើយ។

គួរបញ្ជាក់ផងដែរថា​អាជ្ញាធរឥណ្ឌូណេស៊ី​កំពុងខ្នះខ្នែងនាំយក​ស្បៀងអាហារ និង​បរិក្ខាចាំ​បាច់ផ្សេងៗ​ទៅកាន់កោះ Sulawei ​នាថ្ងៃចន្ទនេះ ស្របពេលដែល​ចំនួនមនុស្សបាត់​បង់ជីវិត ច្បាស់ណាស់ថា នឹងបន្តកើនឡើង​ថែមទៀត នារយៈពេល ០៣​ថ្ងៃ ​ក្រោយ​​ការ​​វាយ​​​ប្រហារ​ពីរញ្ជួយដី​កម្រិត ៧.៧រ៉ិចទ័រ (ក្រោយមកត្រូវបានទម្លាក់មក ៧.៥រ៉ិចទ័រ) និងរលកយក្ស​ស៊ូណាមិ ដែលបង្កឡើង​ដោយគ្រោះរញ្ជួយដី​នេះ៕

ប្រភពពី៖Freshnews