គ្រប់គ្រួសារទាំងអស់តែងប្រាថ្នាចង់បានគ្រួសារតែមានសុភមង្គល ហើយគ្រួសារដែលមានសុភមង្គលនោះគឺជាគ្រួសារដែលពោរពេញដោយស្នាមញញឹម មានសេចក្តីសុខ សុខភាពល្អ និងមានកូនៗដែលដើរតាមគន្លងធម៌ ថែមទាំងមានភាពឆ្លាតវ័យ ក្លាហាន គួរឲ្យស្រលាញ់។
តែគ្រួសារខ្លះក៏ភ្លេចខ្លួន រវល់ នឹងការងារខ្លាំងពេក ក៏ភ្លេចចំណាយពេលវេលាបន្តិចបន្តួចសម្រាប់គ្រួសារ និងផ្តល់សុភមង្គលចំពោះគ្រួសារ រហូតដល់គេគិតថារកប្រាក់ សំខាន់ជាងគ្រួសាររបស់ខ្លួនទៅទៀត។
ជាពិសេសនោះភ្លេចណែនាំប្រៀនប្រដៅកូនៗតូចៗ ឲ្យពួកគេនៅឯកា មិនសូវស្គាល់ពិភពខាងក្រៅថាជួបក្មេងៗដូចជាគ្នានៅខាងក្រៅ និង នាំកូនដើរលេងកម្សាន្តនៅថ្ងៃចុងសប្តាហ៍ជាដើម។
ការដែលកូនមានភាពក្លាហាននេះគឺមិនមែនមកពីតំណពូជទាំងស្រុងនោះទេ ពេលខ្លះក៏វាអាចស្ថិតនៅលើការមើលថែរក្សារបស់កូនៗ ក្រោមការផ្តល់ភាពកក់ក្តៅ និងការផ្តល់កម្លាំងចិត្ត រាល់បញ្ហានានា ពីឪពុកម្តាយរបស់ពួកគេផងដែរ។
ស្របពេលជាមួយគ្នានេះដែរ ដើម្បីឲ្យកូនលោកអ្នកមានភាពវៃឆ្លាតនៅពេលធំឡើង ក៏ដូចជាបច្ចុប្បន្ននោះ ឪពុកម្តាយគួរតែមើលតាមតិចនិកទាំងអស់នេះ ឫក៏អាចធ្វើតាមវិធីដូចខាងក្រោមនេះ៖
១) បង្កើតគំនិតសម្រាប់ពួកគេ៖នរណាក៏ដោយមិនណាក្មេង ឫក៏ចាស់នោះទេ ពួកគេតែងតែត្រូវការណែនាំ យោលបល់គំនិតខ្លះៗ នៅក្នុងបង្កើតអ្វីមួយ ក៏ដូចជាការដោះស្រាយបញ្ហានានា។ ដូច្នោះអ្នកម្តាយ និងគ្រួសារទាំងមូល ត្រូវតែម្តងគំនិតល្អៗ ដូចជាការប្រៀនប្រដៅ និយាយល្អៗសម្រាប់កូន ណែនាំចំនុចខុស ឫក៏ត្រូវផ្សេងៗ ដើម្បីឲ្យពួកគេយកចំនុចល្អទាំងនោះដាក់ក្នុងខ្លួន និងបោះបង់ចំនុចដែលយើងបានប្រាប់ថាធ្វើដូច្នោះគឺវាពិតជាមិនល្អសម្រាប់ខ្លួននោះឡើយ។
នៅពេលដែលយើងនិយាយបែបនេះ បានធ្វើឲ្យកូនជាទីស្រលាញ់កាន់តែក្លាហាន ហ៊ានធ្វើអ្វីៗដែលល្អៗ ហើយវាក៏អាចឲ្យពួកគេចេះដឹងអ្វីល្អ និងអាក្រក់តាំងតែពីក្មេងៗផងដែរ។
២) លើកទឹកចិត្តពួកគេមិនថាមានជ័យជំនះ ឫក៏បរាជ័យ៖ជាការពិតណាស់នរណាម្នាក់ក៏ចង់បានការលើកទឹកចិត្ត ពីមនុស្សដែលខ្លួនស្រលាញ់ដែរ ជាពិសេសនោះគឺគ្រួសារដែលរស់នៅជាមួយគ្នារាល់ថ្ងៃ និងតែងហូបបាយរួមតុជាមួយគ្នានោះ យ៉ាងណាមិញក្មេងៗក៏ដូចគ្នានោះដែរ បើសិនជាចង់ឲ្យពួកគេល្អ គ្រួសារ ក៏ដូចជាអ្នកនៅជុំវិញខ្លួន គួរណាតែផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តទៅឲ្យពួកគេ ទោះជាពេលខ្លះគេធ្វើមិនបានល្អយ៉ាងណាក្តី ។
ដូចជាការសិក្សារបស់គេធ្លាក់ចុះ ស្រាប់តែយើងថាឲ្យពួកគេមិនចេះខិតខំរៀនទើបបានទៅជាបែបនេះ ដូច្នោះការនិយាយយ៉ាងដូច្នេះ និងលឺពីអ្នកនៅជុំវិញខ្លួនធ្វើឲ្យពួកគេលែងមានកម្លាំងទឹកចិត្ត ក្នុងការរៀនសូត្រ និងកាន់តែគិតនូវរឿងដែលគេថាឲ្យនោះ។
ម្ស៉ាងវិញទៀតក្មេងៗខ្លះ តែងតែមានគោលដៅរបស់ខ្លួនតាំងតែពីក្មេង ដូចជាចង់ធ្វើជាគ្រូបង្រៀន គ្រូពេទ្យ ប៉ូលីស ជាដើម ដូច្នោះនៅពេលដែលពួកគេដល់គោលដៅថានឹងចង់ធ្វើអ្វីមួយហើយនោះ ប៉ុន្តែវាមានភាពបរាជ័យ ឪពុកម្តាយ ឬអាណាព្យាបាលគួរតែលើកទឹកចិត្តដល់ពួកគេឡើងវិញ ដើម្បីកុំឲ្យពួកគេបាក់ទឹកចិត្ត និងមានភាពអៀនមិនចង់ធ្វើវាបន្តទៀតព្រោះថា សេចក្តីព្យាយាមរបស់កូនៗ ជារឿងដ៏សំខាន់មួយ អាចធ្វើឲ្យជំនឿចិត្ត និងក្លាហានខ្លាំងឡើងទៀត។
៣) ហ្វឹកហាត់កូនឲ្យពួកគេចេះដោះស្រាយបញ្ហាដោយខ្លួនឯងបញ្ហាតែងកើតមានគ្រប់ពេល ជាពិសេសនោះក្មេងៗ ពួកគេពិតជាមិនដឹងថាធ្វើយ៉ាងណា ក៏ដូចជាដោះស្រោយដោយវិធីណានោះទេ ព្រោះតែគេមិនទាន់មានបទពិសោធន៍ជួបរឿង និងបញ្ហាទាំងនោះច្រំដែល ដូចមនុស្សពេញវ័យ។
ដូច្នោះហើយ ដើម្បីឲ្យពួកគេចេះរកវិធី និងមានភាពវ័យឆ្លាតនៅក្នុងការដោះស្រាយបញ្ហា ម្តាយឪពុក គួរតែធ្វើការបង្ហាត់បង្រៀន និងប្រាប់ពីគន្លឹះនៃការដោះស្រាយខ្លះៗ ក៏ប៉ុន្តែយើងមិនត្រូវប្រាប់ពីវិធីទាំងអស់នោះ ទៅកាន់ពួកគេទាំងអស់នោះទេ បើសិនជាឪពុកម្តាយប្រាប់ចាំតែធ្វើរឿងអ្វីគ្រប់យ៉ាងសម្រាប់កូនៗនោះ វានឹងធ្វើឲ្យកូនរបស់លោកអ្នកមិនសូវចេះដោះស្រាយបញ្ហា បានដោយខ្លួនឯង មិនជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួន និងគ្មានភាពក្លាហាននៅក្នុងខ្លួនផងដែរ។
ការដែលឲ្យគេចេះដោះស្រាយបញ្ហាដោយខ្លួនឯងនោះគឺ វាពិតជាការល្អសម្រាប់កូនប្រុសស្រីរបស់លោកអ្នក ប្រសើរជាងយើងទៅដោះស្រាយជំនួសគេ តែយើងក៏ត្រូវគិតថាបញ្ហាអស់នោះ ខ្លាំងពេកឬក៏យ៉ាងណា អាចឲ្យគេដោះសា្រយដោយខ្លួនឬក៏អត់។
៤) ធ្វើជាគំរូល្អដល់កូន៖វាជាការចាំបាច់ណាស់សម្រាប់ឪពុក និងម្តាយគ្រប់រូបដែលត្រូវបង្ហាញអ្វីៗដែលល្អៗសម្រាប់កូនៗតូចៗរបស់លោកអ្នក ព្រោះថាក្មេងៗទាំងឡាយ តែងតែចូលចិត្ត ធ្វើតាម និងមានគំនិតទៅតាមអ្វីដែលពួកគេបានឃើញនៅជុំវិញខ្លួន។
ដូច្នោះហើយឪពុកម្តាយគ្រប់រូបគួរតែធ្វើអ្វីដែលល្អៗ ដូចជាការបង្ហាញក្តីស្រលាញ់ចំពោះគ្រួសារ និងការគោរពគ្នាជាដើម ចៀសវាង ការនិយាយស្តីមិនល្អនៅក្នុងគ្រួសារ ជាពិសេសនោះគឺ កុំឲ្យក្មេងៗឃើញឲ្យសោះនៅពេលដែលឪពុកម្តាយ ក៏ដូចជាអ្នកជិតខាងប្រើប្រាស់អំពើហឹង្សាវាយតប់គ្នា ចំពោះមុខពួកគេយ៉ាងដូច្នោះ។
ព្រោះថារាល់រូបភាព នឹងដក់ជាប់ក្នុងកែវភ្នែករបស់គេនូវសកម្មភាពទាំងល្អ និងអាក្រក់ទាំងអស់របស់អ្នកនៅជុំវិញខ្លួន ហើយវាក៏អាចឲ្យកូនក្លាយជាមនុស្សមា្នក់ដែលបាត់បង់ទំនុកចិត្ត និងភាពកក់ក្តៅ ធ្វើឲ្យគេលែងសូវហ៊ានធ្វើអ្វីផ្សេងដូចជាក្មេងដទៃទៀត។
ការបង្កើតគំរូល្អៗដល់កូនអ្នក ធ្វើឲ្យពួកគេមានទំនុកចិត្តថានឹងអាចធ្វើបានដូចជាម្តាយឪពុកយ៉ាងដូច្នោះ ហើយធ្វើឲ្យគេកាន់តែក្លាហានជាងមុនទៅទៀត។
៥) កុំប្រាប់កូនៗ នៅពេលដែលយើងជួបបញ្ហាជាការពិត ឪពុកម្តាយរូបណាក៏មិនសូវចង់ប្រាប់នូវរាល់បញ្ហាផ្សេងដែលខ្លួនកំពុងតែលំបាកនាពេលបច្ចុប្បន្នណាស់ ព្រោះមិនចង់ឃើញកូនស្រីប្រុសជាទីស្រលាញ់របស់ខ្លួនពិបាកចិត្ត និងគិតច្រើនដូចជារូបខ្លួនដែលកំពុងកើតឡើង។
យ៉ាងណាមិញ តាមរយៈវេបសាយមួយបានបង្ហាញថា ការដែល ប្រាប់កូនពីទុកលំបាករបស់ខ្លួននេះអាចធ្វើឲ្យកូនលោកអ្នក មិនចុះចាញ់ និងគ្មានភាពជឿជាក់នៅលើខ្លួនបាន មិនហ៊ានចង់ធ្វើអ្វី ចង់តែជួយម្តាយឪពុក និងគិតគូខ្លាំងដល់ពួកគាត់ដែលកំពុងលំបាក។
ដូច្នោះនៅពេល ដែលយើងប្រាប់ពួកគេបែបនេះធ្វើឲ្យ ពួកគេមិនសូវមានភាពក្លាហាននោះទេ បើសិនជាយើងមិនប្រាប់ ធ្វើឲ្យពួកគេគិតតែរឿងសប្បាយៗ មិនក្លាយជាមនុស្សដែលមានចេះខ្លាចគេនោះទេ។
តែបើសិនជាពួកគេធំ ជាងនេះ ចេះគិតគូច្រើន ម្តាយឪពុកក៏គួរតែប្រាប់កូនខ្លះៗពីទុក្ខលំបាកទាំងនោះ ដើម្បីសម្រាលភាពលំបាករបស់ខ្លួនផងដែរ ព្រោះថាកូនៗក៏អាចជួយឪពុកម្តាយរបស់ខ្លួនបានដែរ មិនថាលំបាកបែបណា។
៦) កោតសរសើរ នៅក្នុងភាពក្លាហានរបស់កូននៅពេលដែលកូនបានសាកល្បងនូវអ្វីថ្មី៖
ឪពុកម្តាយគួរតែសរសើរនូវអ្វីដែលកូនប្រុសស្រីរបស់អ្នកបានធ្វើ ជាពិសេសនោះនូវអ្វីដែលពួកគេបានសាកល្បងធ្វើថ្មីៗតែម្តង ធ្វើដូច្នោះអាចធ្វើឲ្យកូនជាទីស្រលាញ់របស់លោកអ្នកមានភាពរឹងមាំ នៅក្នុងការធ្វើអ្វីមួយ ដោយមិនភ័យខ្លាចថានៅពេលដែលខុស និងមានអ្នកស្តីបន្ទោស។
បើសិនជាឪពុកម្តាយបន្តការស្តីបន្ទោសនូវរាល់អ្វីដែលកូនបានធ្វើ និងការសាកល្បងថ្មីៗនោះ អាចធ្វើឲ្យពួកគេបាក់ទឹកចិត្ត មិនចង់បង្កើតអ្វីដែលថ្មីៗ និងមិនសូវមានភាពក្លាហានបញ្ចេញស្នាដៃដូចមុនៗទៀត។
ដូច្នោះហើយការលើកទឹកចិត្តម្តាយ ចំពោះកូន អាចធ្វើឲ្យគេកាន់តែរឹងមាំ ទោះបីជាគេមិនសូវមានភាពក្លាហានពីកំណើតក្តី ហើយវាក៏អាចឲ្យពួកគេកាន់តែហ៊ានសម្រេចចិត្តធ្វើអ្វីៗដោយខ្លួនឯងបន្តិចម្តងៗ រហូតដល់ពួកគេកាន់តែរឹងមាំជាងមុន។
៧) ធ្វើពិធីជប់លៀងដើម្បីអបអរជោគជ័យរបស់គេ
ភាពជោគជ័យនឹងបរាជ័យតែងដើរទន្ទឹមគ្នា ព្រោះថាគ្មាននរណាអាចនឹងទទួលបានភាពជោគជ័យរហូតនោះទេ តែក៏ត្រូវមានបញ្ហាខ្លះបានចូលមក ។
មិនថាកួនៗ ឫក៏ម្តាយឪពុកនោះទេ នៅពេលដែលពួកគេទទួលបានភាពជោគជ័យអ្វីមួយ អាចមានអ្នកដែលផ្តល់ជាកាដូ ជប់លៀងចំពោះជោគជ័យរបស់ខ្លួន គឺតែងតែមានភាពសប្បាយរីករាយ និងចង់បន្ត ខិតខំឲ្យកាន់តែមានភាពជោគជ័យកាន់តែច្រើនឡើង ជាបន្តបន្ទាប់ទៀត។
តែបើសិនជាភាពជោគជ័យរបស់យើងគ្មានអ្នកចង់ដឹង គ្មានអ្នកអបអរយើង ជាពិសេសឪពុកម្តាយនោះ គឺអាចធ្វើឲ្យបាក់ទឹកចិត្ត មិនចង់ខិតខំបន្តទៀត ព្រោះពេលខ្លះក៏គិតថាភាពជោគជ័យដែលយើងបានមកគ្មានអ្វីអស្ចារ្យនោះឡើយ ។
ជាពិសេសនោះគឺក្មេងៗពួកគេនៅក្មេងមែនពិត តែគេពិតជាចង់បានការសរសើរ ក៏ដូចជាជប់លៀងមួយសម្រាប់គ្រួសារ ដើម្បីឲ្យគេកាន់តែហ៊ានបង្ហាញនូវស្នាដៃដែលគេបានធ្វើនោះបន្តទៀត នាំមកជាមួយនឹងភាពជោគជ័យ។
៨) យល់ចិត្តកូនៗ
ជាការពិតណាស់ ក្មេងៗជាច្រើនពិតមិនចង់មានការរឹតបន្តឹងខ្លាំងពីគ្រួសារនោះឡើយ ព្រោះថាពួកគេក៏ចង់បាននូវភាពសប្បាយរីករាយមានសេរីភាព តែយ៉ាងណាក៏មិនត្រូវបណ្តោយកូនៗខ្លាំងពេកនោះទេ យើងត្រូវតែមើលតាមស្ថានភាព ព្រោះឥទ្ធិពលនៃភាពយុវវ័យ ភ្លើតភ្លើន ធ្វើឲ្យពួកគេកាន់តែពិបាកលើសដើម។
យ៉ាងណាមិញ ការរឹតបន្តិងចំពោះគ្រួសារនេះអាចធ្វើឲ្យក្មេងមានទម្លាប់រឹងរូស និងអាចធ្វើឲ្យគេមិនមានភាពជាអ្នកដឹកនាំ ហើយថែមទាំងធ្វើឲ្យកូនប្រុសស្រីរបស់អ្នកខ្វះភាពក្លាហានទៀតផង។
ដូច្នោះម្តាយគួរណាតែយល់ចិត្តកូន នៅពេលដែលគេកំពុងធ្វើអ្វីមួយ ដូចជានៅពេលដែលគេកំពុងតែអង្គុយសិក្សាម្តាយឪពុក គួរណាតែទៅលើកទឹកចិត្តសួរនាំពីស្ថានភាពខ្លះៗ នៅឯសាលារៀន ក៏ដូចជាយកនំចំនី ទឹកដោះគោឲ្យកូន ខណៈកំពុងតែសិក្សា។
ធ្វើដូច្នោះអាចធ្វើឲ្យពួកគេ កាន់តែមានកម្លាំងចិត្តក្នុងការធ្វើកិច្ចការងារបន្តទៀត ព្រោះតែដឹងថានឹងមានម្តាយឪពុកចាំតែមើលថែ និងគាំទ្រគ្រប់ពេលនោះ។
យ៉ាងណាមិញ ប៉ុន្មានចំនុចដែលបានរៀបរាប់ខាងលើគ្រាន់តែជាការដកស្រង់ពីវេបសាយមួយចំនួនប៉ុណ្ណោះ ដូច្នោះបើសិនជាអ្នកកំពុងអានដែលមានកូន និងត្រៀមសម្រាប់ថ្ងៃអនាគត ប៉ុន្មានចំនុចនេះសម្រាប់ប្រៀបប្រដៅ ចង់ឲ្យកូនមានភាពក្លាហានមិនចេះខ្លាចគេនោះ ម្តាយឪពុកគួរតែធ្វើនូវចំនុចមួយចំនួនខាងលើនេះ៕
ប្រភព៖ independent & brave