Home ពត៍មានថ្មីៗ ចិនសុំខ្ចីបដិមាពីប្រាសាទតាកែវ និងប្រាសាទចៅសាយទេវតា ដើម្បីយកទៅតាំងពិព័រណ៍នៅប្រទេសចិន

ចិនសុំខ្ចីបដិមាពីប្រាសាទតាកែវ និងប្រាសាទចៅសាយទេវតា ដើម្បីយកទៅតាំងពិព័រណ៍នៅប្រទេសចិន

492

លោក CHOU Ming អនុប្រធាននៃពិព័រណ៍សិល្ប:ចិន ក្រោមការគ្រប់គ្រងនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន បានចូលជួប លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាស្តីអំពី ការស្នើខ្ចីរូបបដិមាខ្មែរដើម្បីយកទៅចូលរួមតាំងពិព័រណ៍អរិយធម៌អាស៊ីនៅប្រទេសចិន នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ។

លោក CHOU Ming ថ្លែងថា ពិព័រណ៍នេះនឹងរៀបចំធ្វើឡើងនៅខែឧសភា ឆ្នាំ២០១៩ នៅប្រទេសចិន ហើយគោលបំណងក្នុងការរៀបចំពិព័រណ៍នោះគឺ កិច្ចសហប្រតិបត្តិការបេតិកភណ្ឌវប្បធម៌នៅក្នុងរមណីយដ្ឋានអង្គរ ដែលចាំបាច់ត្រូវការបដិមាដែលមានប្រភពមកពីប្រាសាទតាកែវ និងប្រាសាទចៅសាយទេវតា ។

តបទៅនឹងសំណើនេះ លោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរាមិនទាន់អាចឆ្លើយតបភ្លាមៗបាននៅឡើយទេ ព្រោះថា រាល់រូបបដិមាដែលបានស្នើឡើង ចាំបាច់ត្រូវធ្វើការវាយតម្លៃធានារ៉ាប់រងស្របតាមការគ្រប់គ្រងបុរាណវត្ថុ ដើម្បីធានាបាននូវសុវត្ថិភាព ។ ម្យ៉ាងវិញទៀត អាជ្ញាធរជាតិអប្សរាត្រូវការពេលវេលាដើម្បីផ្តល់ព័ត៌មានទៅស្ថាប័នពាក់ព័ន្ធដើម្បីអាចអនុញ្ញាតឱ្យយកបដិមាចេញពីទីតាំងចេញពីទីតាំងជាក់ស្តែង ។

បន្ថែមលើនោះ អាជ្ញាធរជាតិអប្សរា ក៏បានសន្យាថានឹងជួយសម្របសម្រួលនិងសហការល្អចំពោះកិច្ចការនេះ ព្រោះនេះគឺជាឱកាសល្អដែលកម្ពុជាអាចបង្ហាញអរិយធម៌ខ្មែរទៅកាន់បណ្តាប្រទេសនៅអាស៊ី និងជុំវិញពិភពលោកឱ្យបានស្គាល់ខ្មែរកាន់តែច្បាស់ថែមទៀត ៕