នារីរងគ្រោះជាអ្នកដំណើរថ្មើរជើងម្នាក់ ក្តៅចិត្តខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីអ្នកបើកបរចិត្តសឿងម្នាក់ បានជិះរថយន្តមកកៀរនាងសឹងតែនឹងដួស អត់ទ្រាំមិនបានក៏ទាញដុំថ្មគប់ រួចក៏ត្រូវម្ចាស់ឡានបើកបុកកិនពីលើ រងរបួសបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ ត្រូវបានគេដឹងថា កើតឡើងកាលពីថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ នៅតាមបណ្តោយផ្លូវមួយកន្លែង ស្ថិតក្នុងទីក្រុង Lianyungang ភាគខាងជើងខេត្ត Jiangsu ប្រទេសចិន។
ជាក់ស្តែង តាមរយៈវីដេអូឃ្លីបថតជាប់ដោយកាម៉េរាសុវត្ថិភាព នៅក្នុងថ្ងៃកើតហេតុនោះ គេឃើញនារីរងគ្រោះចំនួន ២នាក់ បានធ្វើដំណើរដោយថ្មើរជើង (ដើរ) អែបតាមចិញ្ចើមផ្លូវមួយកន្លែងក្នុងទីក្រុង Lianyungang ស្របពេលមានរថយន្តពណ៌.ស SUV មួយគ្រឿង បានបើកយឺតៗពីក្រោយពួកនាង។ ហើយភ្លាមៗនោះ ក៏ស្រាប់តែធ្វើសកម្មភាព បើកកៀរនារីរងគ្រោះទាំងពីរ ហាក់មានចេតនា បំណងចង់បំបិទផ្លូវមិនឲ្យដើរ។
ដោយសារតែ ខឹងក្តៅចិត្តខ្លាំងពេក ទៅនឹងទង្វើអសីលធម៌របស់អ្នកបើកបរ ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះ នារីរងគ្រោះដែលដើរនៅខាងមុខគេ ពាក់អាវពណ៌ខ្មៅ ខោខូវប៊យខៀវ ដែលប៊ិះតែនឹងត្រូវឡានកៀរដួលនោះ ក៏ស្រាប់តែប្រវេប្រវា ស្ទុះអោនរើសដុំដីដុំថ្ម គប់កញ្ចក់ឡានផ្ទៃខាងមុខតែម្តង ប៉ុន្តែមិនបានបែកនោះឡើយ។ ហើយភ្លាមៗនោះ ម្ចាស់រថយន្តទំនងជាក្តៅចិត្តនឹងនាងវិញ ក៏បានបើករថយន្តបំបុកកិនពីលើ ទៅលើសួននៅចិញ្ចើមផ្លូវក្បែរនោះតែម្តង។
គួរឲ្យដឹងផងដែរថា ទាក់ទងទៅនឹងករណីខាងលើនេះទៀតសោត ប្រភពមិនបានឲ្យដឹងច្បាស់ទេថា ជាករណីប៉ុនប៉ង គំនុំសងសឹក ហើយនឹងមានការឃាត់ខ្លួនម្ចាស់រថយន្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ឬយ៉ាងណានោះទេ ៕