ស្ថានភាពទឹកហូរកាត់កំណាត់ផ្លូវជាតិលេខ៤នៅតែបន្តខ្លាំងឡើងនាព្រឹកថ្ងៃទី១៧ ខែកក្កដា នេះដោយសារតែទឹកបានហូរធ្លាក់ពីលើភ្នំឱរ៉ាល់ ដែលជាភ្នុំស្ថិតនៅជួរភ្នំក្រវាញមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង នេះបើតាមក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់។
ភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ លាយឡំជាមួយបរិមាណទឹកយ៉ាងច្រើនដែលហូរធ្លាក់យ៉ាងគំហុកពីតំបន់ភ្នំ បានបង្កឱ្យមានទឹកជំនន់លិចលង់ ចំពោះ ស្ថានភាពទឹកជំនន់មកដល់ព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជនន់នៅលើកំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានសំរោង ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានកើនឡើងវិញ បន្ទាប់ពីបានស្រកចុះបន្តិចនៅវេលាយប់មិញ ។ គិតត្រឹមម៉ោង ៨ ព្រឹកនេះ ទឹកនៅតែបន្តហូរកាត់ពីលើផ្លូវជាតិ និងស្ពាន ប្រវែងប្រមាណ ៨០០-៩០០ ម ក្នុងកម្ពស់ប្រមាណ ១,៤០-១,៥០ ម ។ ការធ្វើចរាចរឆ្លងកាត់ នៅតែបន្តផ្អាកជាបណ្តោះអាសន្ន ៕