Home ពត៍មានថ្មីៗ តោះមកយល់ដឹងពីប្រវត្តិនៃពីធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប អក​អំបុកនិង​សំពះ​ព្រះ​ខែ

តោះមកយល់ដឹងពីប្រវត្តិនៃពីធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប អក​អំបុកនិង​សំពះ​ព្រះ​ខែ

1084

ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក ជា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ដែល​ជា​មរតក​វប្បធម៌​ដូនតា​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​បុរាណ​យូរ​លង់​ណាស់​មក​ហើយ។ សព្វថ្ងៃ ពិធី​បុណ្យ​នេះ ត្រូវ​បាន​ពលរដ្ឋ​ប្រតិបត្តិ​បន្ត​រាល់​ឆ្នាំ និង​ចាត់​ទុក​ថា​ជា​បុណ្យ​ប្រពៃណី​វប្បធម៌​ជាតិ​ដ៏​ធំ​មួយ ក្នុង​ចំណោម​ពិធី​បុណ្យ​សំខាន់ៗ​ជាច្រើន​ទៀត។

ពិធី​នេះ ភាគច្រើន​គេ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ចំ​ពេល​រដូវ​ទឹក​សម្រក​ក្នុង​ខែ​កត្តិក ឬ​ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​ព្រះចន្ទ​រះ​ពេញ​រង្វង់​មូល ត្រូវ​នឹង​ថ្ងៃ​១៥ កើត ខែ​កត្តិក។

តើ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក មាន​ប្រវត្តិ​យ៉ាង​ណា?

ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក តែង​ប្រព្រឹត្ត​ទៅ​ជា​ផ្លូវ​ការ​រយៈពេល ៣​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៤ កើត ដល់​ថ្ងៃ​១ រោច ខែ​កត្តិក ដោយ​មាន​បណ្ដែត​ប្រទីប​នៅ​ពេល​យប់ ធ្វើ​នៅ​តាម​ដង​ទន្លេសាប​នា​កំពង់ផែ​មុខ​ព្រះបរមរាជវាំង។

ប្រវត្តិ​នៃ​បុណ្យ​អុំ​ទូក មាន​តាំង​ពី​បរម​បុរាណ​ដ៏​យូរ​លង់​មក​ហើយ ដែល​មាន​ចងក្រង​នៅ​ក្នុង​ឯកសារ​ប្រវត្តិវិទូ និង​មាន​នៅ​តាម​សិលា​ចារឹក​នៃ​ប្រាសាទ​អង្គរ។

បុណ្យ​អុំ​ទូក​មាន​ការ​បកស្រាយ​ប្លែកៗ​គ្នា​ជាច្រើន ហើយ​ពិធី​ធ្វើ​ក៏​ប្លែកៗ​គ្នា​ដែរ។

សៀវភៅ​ជ័យ​វរ្ម័ន​ទី​៧ នៅ​ក្នុង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​ចងក្រង​ថា នៅ​សម័យ​អង្គរ​នា​គ្រិស្តសករាជ សតវត្ស​ទី​១២ នៅ​កម្ពុជា មាន​សេចក្ដី​សុខ​ក្សេមក្សាន្ត​រុងរឿង​ណាស់ ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ស្ដេច​ចេញ​ធ្វើ​សង្គ្រាម​ជើង​ទឹក​ដើម្បី​បង្ក្រាប​ពួក​ចាម ដោយ​កងទ័ព​ទូក​ជា​ចម្បាំង​រំដោះ​ក្រុង​កម្ពុជា ឲ្យ​រួច​ផុត​ស្រឡះ​ចេញ​ពី​ខ្មាំង​សត្រូវ​នៅ​គ្រិស្ដសករាជ​១១៧៧ ដល់​ឆ្នាំ​១១៨១ រឿង​ចម្បាំង​គ្រា​នោះ​មាន​ឆ្លាក់​នៅ​លើ​ជញ្ជាំង​ប្រាសាទ​បាយ័ន និង​ប្រាសាទ​បន្ទាយឆ្មារ។ ក្នុង​ចម្លាក់​នោះ​មាន​កងទ័ព​ទូក​យ៉ាង​ច្រើន​មហិមា ដែល​មាន​ព្រះ​ឆាយាល័ក្ខណ៍​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ប្រថាប់​ឈរ​លើ​ទីតាំង​នាវា​ចម្បាំង​ដោយ​ទ្រង់​ធ្នូ និង​ដំបង​ដ៏​ស្វាហាប់​ក្នុង​ចំណោម​កងទ័ព​ទូក​ទាំងឡាយ។

ចំណែក​ឯកសារ​ល្បែង​ប្រណាំង​ទូក​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ​ដែល​និពន្ធ​ដោយ​លោក ថាច់ ប៉ែន ហៅ ប៉ាង ជា​អាចារ្យ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​រង​ខេត្ត​ឃ្លាំង ទឹកដី​កម្ពុជា​ក្រោម បាន​ចែង​ថា សម័យ​លង្វែក ព.ស​២០៧១ គ.ស​១៥២៨ ព្រះបាទ​អង្គចន្ទ​ទី​១ ទ្រង់​តាំង​ពញាតាត ងារ​ជា​ស្និទ្ធ​ភូបា​ជា​ស្ដេចក្រាញ់​នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់។ ស្ដេចក្រាញ់​នេះ​បាន​ចាត់​របៀប​រៀបចំ​ការពារ​ស្រុក​ឲ្យ​មាន​ទាហាន​ជើង​ទឹក​ចែក​ជា ៣​ក្រុម។ ក្រុម​ទី​១ ហៅ​ទ័ព​ស្រួច ហាត់​ច្បាំង និង​ទូក​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​សព្វថ្ងៃ។ ក្រុម​ទី​២ ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង និង​ទូក​ចែវ​ពីរ​ជួរ​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​សព្វថ្ងៃ។ ហើយ​ក្រុម​ទី​៣ ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ មាន​ក្ដោង​មាន​ទ្រង់ទ្រាយ​ដូចជា​ទូក​បាសាក់ ហៅ​ទូក​ប៉ុកចាយ តែ​រាង​ស្ដួច​វែង​មាន​ដំបូល​តែ​មួយ​កាត់​ខាង​មុខ ឥត​ជញ្ជាំង ជា​ទូក​ដាក់​ស្បៀង​អាហារ​សម្រាប់​កងទ័ព។

ប្រភព​ឯកសារ​ទាំង​ពីរ​នេះ បាន​សន្និដ្ឋាន​ថា ប្រទេស​កម្ពុជា សម័យ​បុរាណ​ជា​ប្រទេស​មាន​កងទ័ព​ជើង​ទឹក​យ៉ាង​ខ្លាំង​ពូកែ និង​មាន​ពិធី​ហ្វឹកហ្វឺន ពិធី​សមយុទ្ធ​កងទ័ព​នេះ ហើយ​អាច​សន្និដ្ឋាន​ទៀត​ថា ប្រទេស​កម្ពុជា ធ្វើ​ពិធី​នេះ​រៀង​រហូត​មក គឺ​ជាប់​តំណ​មក​ពី​សម័យ​សមយុទ្ធ​ក្នុង​សម័យ​បុរាណ​នេះ​ឯង ទើប​មាន​ការ​ប្រកួត​ប្រណាំង​ទូក​ង​ជាប់​មក​ដល់​សព្វថ្ងៃ​នេះ។

អាចារ្យ​ពេលា​ការ​នៅ​រាជធានី​ភ្នំពេញ លោក​អាចារ្យ សេង សយ មាន​ប្រសាសន៍​ថា ថ្វីត្បិតតែ​មាន​ការ​ចងក្រង​ឯកសារ និង​តំណាល​ខុសៗ​គ្នា​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ឲ្យ​តែ​និយាយ​ទៅ​ដល់​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក គឺ​តែង​នឹក​ទៅ​ដល់​ការ​រំឭក​ដល់​គុណ​កងទ័ព​ជើង​ទឹក​ខ្លាំង​ពូកែ​នោះ​ឯង៖ «ក្រុង​កម្ពុជា​យើង​នេះ ទឹកដី​កម្ពុជា​យើង​ពី​ដើម​ពេល​នោះ​នៅ​ក្នុង​ទឹកដី​អយុធ្យា​នៅ​ឡើយ​ទេ។ ប្រទេស​យើង​ធំ​ណាស់! មេ​ទ័ព​ដែល​បាន​ពលី​ដើម្បី​ជាតិ​គ្រប់​បែប​គ្រប់​យ៉ាង គឺ​ថា​នឹក​គុណ​ដល់​មេ​ទ័ព​កាលនោះ​ដែល​បាន​បូជា​ជីវិត​ដើម្បី​ប្រទេស​ជាតិ»។

ពិធី​បុណ្យ​អុំ​ទូក ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពេញ​បូណ៌មី ខែ​កត្តិក ស្រប​ទៅ​នឹង​រដូវ​ទឹក​ជំនន់​ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ហើយ បាន​ធ្វើ​ឲ្យ​បឹងបួ​ទាំងឡាយ​ក្លាយ​ទៅ​ជា​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ ហើយ​ក៏​បញ្ជាក់​ថា ពេល​នោះ​ស្រូវ​ស្រែ​កំពុង​ទុំ​ហើយ។ នៅ​ពេល​ដែល​ទឹក​ទន្លេ​មេគង្គ​លិច​ជន់ ខែ​សីហា ដល់​ខែ​វិច្ឆិកា ទឹក​ជំនន់​បាន​ចាក់​ចូល​ស្រោចស្រព​បឹងបួ​តាម​រយៈ​ទន្លេសាប​ដែល​ហូរ​ពី​ត្បូង​ទៅ​ជើង។ ដល់​រដូវ​ទឹក​សម្រក​ដែល​ចាប់​ផ្ដើម​នៅ​ខែ​វិច្ឆិកា ទឹក​បឹងបួ​ហូរ​ត្រឡប់​តាម​ទន្លេសាប​ដដែល​ពី​ជើង​ទៅ​ត្បូង​វិញ។

ដី​ល្បប់​ដោយសារ​ទឹក​ជំនន់​នៃ​ទន្លេ​បឹងបួ​ទាំងឡាយ បាន​ធ្វើ​ឲ្យ​ដី​មាន​ជីជាតិ។ ដំណាំ​ទាំងឡាយ​ដែល​កសិករ​ធ្វើ​តាម​សង្វាក់​នៃ​ទឹក​សម្រក បាន​ផ្ដល់​ផល​យ៉ាង​ច្រើន រាំង​ស្កាត់​នូវ​គ្រោះ​ទុរភិក្ស។ ដូច្នេះ​ការ​រៀបចំ​ពិធី​បុណ្យ​អុំ​ទូក​នេះ ក៏​ឧទ្ទិស និង​សម្ដែង​នូវ​ការ​ដឹង​គុណ​ទន្លេ​មេគង្គ និង​ទន្លេសាប ដែល​បាន​ផ្ដល់​ជីជាតិ​យ៉ាង​សំខាន់​បម្រើ​ដល់​វិស័យ​កសិកម្ម។

ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក ក៏​មាន​ពិធី​មួយ​ដែល​សំខាន់​ជា​អត្តសញ្ញាណ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​នេះ​ដែរ គឺ​ការ​បណ្ដែត​ប្រទីប។

ពិធី​បុណ្យ​បណ្ដែត​ប្រទីប ដែល​ជា​ទូទៅ​គេ​តុបតែង​ទូក កប៉ាល់​តូច​ធំ​លំអ​ដោយ​ភ្លើង​ចម្រុះ​ពណ៌ រំលេច​ជា​រូបភាព​ផ្សេងៗ ភ្លឺ​ផ្លេក ហើយ​បណ្ដែត​ឲ្យ​រសាត់​ទៅ​មក​យឺតៗ​នៅ​លើ​ដង​ទន្លេ​ចតុមុខ​ទល់​មុខ​ព្រះបរមរាជវាំង ដោយ​មាន​អបអរ​ដោយ​បាញ់​កាំជ្រួច។

ពលរដ្ឋ​ខ្មែរ​នៅ​តាម​តំបន់​ខ្លះ ក៏​នៅ​រក្សា​ទំនៀម​ធ្វើ​បុណ្យ​បណ្ដែត​ប្រទីប​នៅ​ថ្ងៃ​ចេញ​ព្រះវស្សា គឺ​នា​វេលា​យប់​ថ្ងៃ​១៥ កើត ខែ​អស្សុជ។ ពិធី​បុណ្យ​បណ្ដែត​ប្រទីប​នេះ គឺ​គេ​រៀបចំ​ក្បូន​ធ្វើ​ពី​ដើម​ចេក មាន​រាង​ជា​ទូក ឬ​សំពៅ ផ្ទុក​ដោយ​ស្រូវ​អង្ករ ចំណី​អាហារ នំនែក​ផ្លែឈើ​ច្រើន​មុខ។

ក្នុង​ពេល​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​នេះ ពិធី​សំពះ​ព្រះ​ខែ និង​អក​អំបុក ក៏​ត្រូវ​ធ្វើ​ឡើង​ស្រប​គ្នា​ដែរ។

ឯកសារ​ដែល​ផ្សាយ​លើ​គេហទំព័រ​របស់​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ បាន​បញ្ជាក់​ប្រវត្តិ​ពិធី​សំពះ​ព្រះ​ខែ និង​អក​អំបុក គឺ​ធ្វើ​ឡើង​សំដៅ​គោរព​ទៅ​ដល់​ការ​សាង​បារមី​របស់​ព្រះពុទ្ធ កាល​ដែល​ព្រះអង្គ​នៅ​ជា​ព្រះពោធិសត្វ​នៅ​ឡើយ ដែល​កាល​នៅ​ក្នុង​ជាតិ​មួយ​នោះ ទ្រង់​កើត​ជា​សត្វ​ទន្សាយ​ឈ្មោះ​ថា «សស​បណ្ឌិត»។ ឯកសារ​ដដែល​ផ្សាយ​ថា នៅ​ថ្ងៃ​ដែល​ព្រះចន្ទ​ពេញបូណ៌មី ឬ​ពេញ​វង់ ទន្សាយ «សស​បណ្ឌិត» បាន​អធិដ្ឋាន​ឧបោសថសីល​របស់​ខ្លួន ដោយ​បំណង​ធ្វើ​ជីវិត​បរិច្ចាគ​ដើម្បី​បំពេញ​នូវ​ពោធិសម្ភារ​ឲ្យ​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ។

ពិធី​អក​អំបុក​នេះ​វិញ ពេល​ដល់​រដូវ​កាល​ម្តងៗ ពលរដ្ឋ​នៅ​តាម​ជនបទ ស្រែ​ចម្ការ បាន​នាំ​គ្នា​ប្រមូល​ផល​ស្រូវ​ថ្មី មាន​អង្ករ​ដំណើប ឬ​អង្ករ​ខ្សាយ យក​មក​លីង​ដាល់​ជា​អំបុក ដោយ​រួម​គ្នា​ជា​ក្រុម​ក្នុង​ភូមិ​រៀងៗ​ខ្លួន និង​នៅ​តាម​ទី​វត្ត​អារាម ដោយ​ពុំ​សូវ​មាន​គេ​លក់​ដូរ​នោះ​ទេ។

ប៉ុន្តែ​បច្ចុប្បន្ន អំបុក​មាន​ការ​ធ្វើ​អាជីវកម្ម​លក់​ដូរ​នៅ​តាម​ទីប្រជុំជន ជាពិសេស​នៅ​រាជធានី​ភ្នំពេញ។

នៅ​ក្នុង​ថ្ងៃ​អក​អំបុក សំពះ​ព្រះ​ខែ​នោះ​ដែរ តាម​ជំនឿ​របស់​ប្រជាពលរដ្ឋ និង​កសិករ នៅ​តែ​មាន​ជំនឿ​តាម​បែប​បុរាណ​នៅ​ឡើយ ក៏​មាន​ពិធី​សម្រក់​ទៀន​មួយ​ទៀត ដើម្បី​ផ្សង​មើល​ពី​ទឹក​ភ្លៀង ជា​ជំនឿ​លើ​ការ​ដាំដុះ និង​ត្រៀម​គ្រាប់​ពូជ​ដំណាំ​ឲ្យ​បាន​ផល​នៅ​ឆ្នាំ​ក្រោយ​ទៀត៕