Home ពត៍មានថ្មីៗ តោះ!មកស្គាល់វីរៈជនខ្មែរពីអតីតកាលដ៏ល្បីល្បាញមួយរូប ដែលជាប់ឈាមជាខ្សែព្រះរាជវង្ស

តោះ!មកស្គាល់វីរៈជនខ្មែរពីអតីតកាលដ៏ល្បីល្បាញមួយរូប ដែលជាប់ឈាមជាខ្សែព្រះរាជវង្ស

702

ទ្រង់ចន្ទ័រង្សី ជាឈ្មោះមេទ័ពខ្មែរមួយរូប ដ៏ល្បីល្បាញ ដែលចាស់ៗ ធ្លាប់ឆ្លងកាត់សម័យសង្រ្គាម នៅចងចាំយ៉ាងច្បាស់ ជាមួយនឹងកងពលតូចលេខ១៣ ខ្លាបៃតង (13éme B.I) ដ៏អង់អាចរបស់ទ្រង់ ទោះយុវជនសម័យក្រោយមិនសូវស្គាល់ទ្រង់ក៏ដោយ។

អ្នកអង្គម្ចាស់នរោត្តមចន្ទ័រង្សី
អ្នកអង្គម្ចាស់នរោត្តមចន្ទ័រង្សី

អ្នកអង្គម្ចាស់នរោត្តមចន្ទ័រង្សី (Prince Norodom Chantaraingsey) ទ្រង់ជាអតីតមេទ័ព មេបញ្ចាការកងពលតូចលេខ១៣ ប្រចាំតំបន់សឹក គីរីរម្យ_កំពង់សិលា ចំណុះយោធភូមិភាគទី២ របស់កងទ័ពរដ្ឋាភិបាល សម័យសាធារណរដ្ឋខ្មែរ (របបលន់នល់ ១៩៧០-១៩៧៥) ទ្រង់ក៏ធ្លាប់គង់ជាអភិបាលខេត្តកំពង់ស្ពឺផងដែរ។ អ្នកអង្គម្ចាស់ ទ្រង់ប្រសូតនៅឆ្នាំ១៩២៦ នៅទីក្រុងភ្នំពេញ ជាបុត្រារបស់ព្រះអង្គម្ចាស់នរោត្តម ចន្ទរេក្ខា និង អ្នកម្នាងសារូនី ទ្រង់ចន្ទរង្សីត្រូវជាចៅបង្កើតរបស់ព្រះបាទនរោត្តម ហើយទ្រង់ក៏ត្រូវព្រះបិតុលា (ពូ) របស់ ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ផងដែរ។

អ្នកអង្គម្ចាស់នរោត្តមចន្ទ័រង្សី

កាលកំឡុងសម័យសង្រ្គាមលោកលើកទី២ ទ្រង់បានចូលធ្វើបំរើកងទ័ព ក្នុងក្របខណ្ឌ័ទាហានស្មគ្រ័ចិត្ត ដែលបង្វឹកហាត់ដោយកងទ័ពជប៉ុន ដឹកនាំដោយឧត្តមសេនីយ៍ តាដាគូម៉ា ក្នុងបំណងបង្កើតជាចលនាទាមទារឯករាជ្យពីបារាំង ក្រោយជប៉ុនចាញ់សង្រ្គាមលោក ទ្រង់បានភាសព្រះកាយទៅប្រទេសថៃ រួចរួបរួមជាមួយអ្មកតស៊ូខ្មែរដទៃទៀត បង្កើតបានជាចលនាខ្មែរឥស្សរៈ ដើម្បីតស៊ូផ្នែកប្រដាប់អាវុធទាមឯករាជ្យពីបារាំង។ បន្ទាប់មកនាឆ្នាំ១៩៥៤ ក្រោយពីប្រទេសកម្ពុជាទទួលបានឯករាជ្យ ក្រោមព្រះរាជ្យបូជនីកិច្ចរបស់សម្តេចឪ ព្រះនរោត្តមសីហនុ ដោយស្មារតីបង្រួបបង្រួមជាតិ និង ស្រឡាញ់សន្តិភាព អ្នកអង្គម្ចាស់ទ្រង់ក៏ដឹកនាំ ទាហានខ្មែរឥស្សរៈរបស់ទ្រង់ប្រមានជាង២ម៉ឺននាក់ មកចុះចូលនឹងរួបរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលកាលនោះកងយោធពលខេមរភូមិន្ទមានត្រឹមតែ៣ម៉ឺន នាក់ប៉ុន្នោះ។

អ្នកអង្គម្ចាស់នរោត្តមចន្ទ័រង្សី

ក្រោយមកបន្ទាប់ពីព្រិត្តិការណ៍រដ្ឋប្រហារ ១៨ មិនា ១៩៧០ប្រទេសកម្ពុជាក៏ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដោយប្រទេសជាតិត្រូវរងការវាយប្រហារពីសំណាក់បញ្ចាមិត្ត ទ្រង់ក៏ត្រលប់ព្រះកាយចូលមក បំរើយោធាសារជាថ្មី ក្នងឋានះដំបូងជាវីរៈសេនីយត្រី និងក្រោយមកក្លាយជា ឧត្ដមសេនីយ៍ត្រី ដឹកនាំបញ្ចាការកងពលតូចលេខ១៣ មានរូបសញ្ញាខ្លាបៃតង។

អ្នកអង្គម្ចាស់នរោត្តមចន្ទ័រង្សី

ទាហានខ្មែរក្រហមរួមទាំងពួកសត្រូវឈ្លានពាន គ្រាន់តែលឺថាត្រូវទៅប្រយុទ្ធគ្នាជាមួយ ទាហានខ្លាបៃតង របស់ទ្រង់ ពួកនោះខ្លាចឡើងញ័រសាច់បាត់ទៅហើយ មិនហ៊ាន ចេញប្រយុទ្ធទល់មុខគ្នាទេ ព្រោះគេល្បីថាទាហានទ្រង់ចន្ទរង្សីម្នាក់ ស៊ីពួកខ្មាំង៥នាក់ ព្រោះដោយសារតែកងទ័ពរបស់ទ្រង់ គោរពវិន័យយ៉ាងម្មត់ចត់ ហើយទទួលបានការឧបត្ថម្ភទាំងស្មារតី និង សម្ភារៈយោធាល្អៗបំផុត ដែលទ្រង់ចំណាយថវិការទិញផ្ទាល់ខ្លួន មកផ្គត់ផ្គង់អោយកងពលរបស់ទ្រង់ ដោយហេតុយកបុព្វហេតុជាតិជាធំ។

អ្នកអង្គម្ចាស់នរោត្តមចន្ទ័រង្សី

នៅពេលដែល ក្រុងភ្នំពេញត្រូវបានវាយបែក ដោយខ្មែរក្រហម នាថ្ងៃទី១៧ មេសា ១៩៧៥ អគ្គសេនាធិការយោធាសាធារណរដ្ឋខ្មែរ នៅភ្នំពេញបានចេញបញ្ចា អោយទាហានទាំងអស់ទូទាំងប្រទេស ដាក់អាវុធចុះជាមួយខ្មែរក្រហម ក៏ប៉ុន្តែទ្រង់មិនបានស្តាប់ទេ ផ្ទុយទៅវិញ ទ្រង់បានដឹកនាំទាហានដែលសេសស់របស់ទ្រង់ ដកថយចូលព្រៃម្តុំគីរីរម្យដើម្បីប្រឆាំងនឹងពួកខ្មែរក្រហម យ៉ាងអង់អាចគួរអោយកោតសរសើរ។ ទ្រង់រួមទាំងទាហានដែលស្មោះត្រង់ បានបន្តប្រយុទ្ធពីក្នុងព្រៃ រហូតដល់ពេលដែលទ្រង់ បើកប្រត្តិបត្តិការសឹកប៉ងវាយចេញ ឈ្ពោះទៅកាន់ព្រំដែនប្រទេសថៃ ដើម្បីរៀបចំមូលដ្ឋានរំដោះប្រទេសនៅទីនោះ ក៏ប៉ុន្តែជាអកុសល ព្រះអង្គម្ចាស់មេទ័ព ត្រូវបានពទ្ធ័ជាប់នាកំលុងពេលវាយរំដោះខ្លួន ដោយសារ រថពាសដែករបស់ទ្រង់ដាច់ច្រវាក់ ទ្រង់ក៏ត្រូវបានទាហានខ្មែរក្រហមធ្វើគតនាគ្រានោះទៅ (នៅប្រហែលខែមេសា ឆ្នាំ១៩៧៦ ឬ ១៩៧៧)។ ទោះជាទ្រង់សុគតក្តី តែកិត្តិនាមទ្រង់ នៅតែជាក្តីសង្ឃឹមមួយដើម្បីសេរីភាពរបស់ប្រជាជនខ្មែរ ដែលកាលនោះកំពុងរងគ្រោះស្ថិតក្នុងរបបវាលពិឃាត ដោយសារមានពាក្យចចាមអារ៉ាមតគ្នា អំពីកងទ័ពទ្រង់ដែលនៅបន្តប្រយុទ្ធនឹងពួកខ្មែរក្រហម ដើម្បីរំដោះប្រទេសជាតិ រហូតដល់ឆ្នាំ១៩៧៩។

គំរូវីរភាពរបស់ទ្រង់ រួមទាំងវីរជនខ្មែរដ៏ទៃទៀត បានបង្ហាញអោយឃើញច្បាស់ថា ទឹកចិត្តស្នេហា និង ការពារជាតិមាតុភូមិ នៅឋិតជាប់នឹងបេះដូង កូនខ្មែរគ្រប់ៗជំនាន់ ដូច្នេះយើងជាកូនខ្មែរ ត្រូវមានស្មារតីស្រឡាញ់ជាតិនិងមាតុភូមិ របស់យើងមិនថាទោះយើងទៅនៅដល់ទីណា ឬធ្វើអ្វីនៅកន្លែងណា យើងនៅតែមានឈាមជ័រជាខ្មែរ ហើយឈាមជ័រនេះហើយដែលធ្វើអោយយើងមានមោទនាភាពដែលបានកើតមកជាកូនខ្មែរ៕

អ្នកអង្គម្ចាស់នរោត្តមចន្ទ័រង្សី