ប្អូនស្រីបង្កើតរបស់ Miley Cyrus តារាចម្រៀង Noah Cyrus ប្រកាសលក់ទឹកភ្នែកខ្លួន ដែលហូរស្រក់ដោយសារតែអតីតសង្សារ Lil Xan ក្នុងតម្លៃដល់ទៅ 12,000 ដុល្លារ ក្នុងមួយដប។
នៅក្នុងការរៀបចំសម្រាប់ការចេញអាល់ប៊ុមថ្មីរបស់នាង “Good Cry” តារាចម្រៀងប៉ុបរូបនេះបានសហការជាមួយក្រុមហ៊ុនសម្លៀកបំពាក់ Pizzaslime ដើម្បីផលិតរបស់របរជាច្រើនមុខដើម្បីដាក់បញ្ចូលជាមួយអាល់ប៊ុមថ្មី។
ភ្ជាប់ជាមួយអាល់ប៊ុមរួមមានទាំងអាវយឺតដែលបង្ហាញពីមុខរបស់ Billy Ray Cyrus ដែលជាឪពុករបស់នាងសាក់ដោយពាក្យថា “achy, breaky” កែវផឹកទឹកដែលមានសរសេរថា “Noah Cyrus Tears” និងអាវដែលសរសេរថា”sry I’m trash”, “Noah Cyrus sucks” និង “sadness”។
អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺកូនដបតូចមួយដែលមានស្លាក “Noah Cyrus Tears” ជាទឹកភ្នែកពិតៗរបស់នាងដែលលក់ក្នុងតម្លៃ 12,000 ដុល្លារ។ នេះបើយោងតាមការពិពណ៌នារបស់ផលិតផល “នេះគឺជាទឹកភ្នែក 12 ដំណក់ ដែលជាតឹកភ្នែក Noah Cyrus ពិតៗដែលជាលទ្ធផលនៃភាពក្រៀមក្រំរបស់នាង”៕