ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងកក្រើករាជធានីភ្នំពេញ ដែលបានបង្កឲ្យនារីរងគ្រោះម្នាក់ គឺជានិស្សិតឆ្នាំទី ៤ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បង្កឡេីងដោយរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Rang Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF 7777 កំពុងត្រូវបានមជ្ឈដ្ឋានមហាជនខ្មែរទូទាំងប្រទេស មានការតាមដានយ៉ាងខ្លាំង។
មកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់បានជនបង្កហេតុ ដែលបានបើកបររថយន្តស៊េរីទំនើបខាងលើបុកនារីរងគ្រោះនោះទេ ។ ប៉ុន្តែតាមរយៈការបង្ហើបរបស់ម្ចាស់រថយន្ត បញ្ជាក់ថា ក្នុងពេលកើតហេតុនោះ តៃកុងឡាន ជាអ្នកបើក ហើយពេលនេះ បានរត់គេចបាត់ហើយ ប៉ុន្តែលោកក៏បានធ្វើដំណើរពីខេត្ត មកភ្នំពេញ ដើម្បីចូលខ្លួនដោះស្រាយ និងទទួលខុសត្រូវតាមច្បាប់។
លោក យិន ង៉ិច ក៏បានបញ្ជាក់បន្ថែមទៀតថា រថយន្តស៊េរីទំនើប ម៉ាក Rang Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF 7777 គឺជាកម្មសិទ្ធិរបស់លោកផ្ទាល់តែម្តង សម្រាប់ធ្វើដំណើរ ដែលមានតៃកុងរថយន្តជាអ្នកបើកបរ មិនមែនទិញឲ្យកូនស្រី ដែលមានឈ្មោះ យិន ម៉ាណា ជាអ្នកជិះនោះទេ។
បើយើងក្រឡេកមកមើលពីកាមេរ៉ាសុវត្ថិភាពវិញ បើតាមការពិនិត្យយ៉ាងល្អិតល្អន់បញ្ជាក់ថា អ្នកបើកគឺមិនមែនជាមនុស្សប្រុសនោះទេ គឺមនុស្សស្រីជាអ្នកបើកបរ ប៉ុន្តែម្ចាស់រថយន្ត បែរជាមកធ្វើការបញ្ជាក់បែបនេះទៅវិញ។
សម្រាប់ព៌តមានយ៉ាងណាទៀតនោះរង់ចាំមើលការសម្រេចរបស់សមត្ថកិច្ច៕