Home ពត៍មានថ្មីៗ ទើបតែរញ្ជួយដី នឹងស៊ូណាមិមិនទាន់ស្រួលបួលផង ព្រឹកមិញនេះ គ្រោះរញ្ជួយដី២បានវាយប្រហារជាថ្មី!

ទើបតែរញ្ជួយដី នឹងស៊ូណាមិមិនទាន់ស្រួលបួលផង ព្រឹកមិញនេះ គ្រោះរញ្ជួយដី២បានវាយប្រហារជាថ្មី!

420

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បានឱ្យដឹងថាគ្រោះរញ្ជួយដី០២លើកបានវាយប្រហារលើកោះ Sumba នៃឆ្នេរភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃអង្គារនេះ។

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) គ្រោះរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រ បានកើតឡើងនៅចំងាយ៤០គីឡូម៉ែត្រ ពីកោះ Sumba ដែលជាកោះមួយមានប្រជាជន ៧៥០,០០០នាក់រស់នៅ។ បន្ថែមពីលើនេះ ១៥នាទីក្រោយមកទៀតគ្រោះរញ្ជួយដី ៦.០រ៉ិចទ័របានវាយប្រហារលើតំបន់ដដែល ដោយមានជម្រៅរញ្ជួយទៅក្នុងដី៣០គីឡូម៉ែត្រ។ ក៏ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ និងការខូចខាតនៅឡើយទេ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។

គួរបញ្ជាក់ថា កោះ Sumba មានចំងាយប្រហែល១,៦០០គីឡូម៉ែត្រ ពីភាគខាងត្បូងកោះ Sulawesi ដែលទើបតែរងគ្រោះដោយ សារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានផ្ដាច់ជីវិតមនុស្សជាង១២០៣នាក់៕

ប្រភពពី៖Freshnews