តារាចម្រៀងពហុជំនាញ អ្នកនាង ខាត់ សុខឃីម បានប្រតិកម្មយ៉ាងខ្លាំងទៅលើប្រជាជនកម្ពុជាមួយចំនួនដែលបានចោលសំរាមផ្ដេសផ្ដាសគ្មានរបៀបនៅវត្ត ពុទ្ធគិរីវង្ស ជាទីសក្ការៈបូជានិងកន្លែងទេសចរណ៍ថ្មីមួយស្ថិតនៅខេត្តតាកែវ ដែលទទួលបានការចាប់អារម្មណ៍ និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យទៅទស្សនា និងគោរពបូជាយ៉ាងច្រើន ។
ដោយសារតែមានការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធទៅនឹងវត្តពុទ្ធគិរីវង្ស បានប្រែក្លាយទៅជា ទីកន្លែងពោរពេញទៅដោយ សំរាមកកកុញ ទើបធ្វើអោយអ្នកនាងទប់អារម្មណ៍មិនជាប់និងបានសរសេរសារ នៅលើគណនីហ្វេសប៊ុកថា៖
«ទៅណាមកណា បរទេសគេចំណាំខ្មែរត្រង់ថា ពេលអង្គុយហើយក្រោកឈរ បោសគូថខោ ហ្នឹងខ្មែរហើយ តែឥឡូវគេអាចចំណាំមួយទៀតបាន គឺទៅដើរនៅទីណាចោលសំរាម តែផ្តេសតែផ្តាស គ្មានរបៀបរៀបរយចឹង ដូចមានក្នុងរូប។ ទូរទស្សន៍ក៏ចាក់ផ្សាយពីបញ្ហារឿងចោលសម្រាមនេះ ដូចបានសំណូម ហើយ Facebook ចុះយ៉ាងច្រើនហូរហែ ពីទិដ្ឋភាពមិនគួរកើតមាននេះ តែខ្មែរមួយចំនួនដែលបានចោលសំរាមនេះ មិនព្រមយកភ្នែកមើលទេ ហើយគេនិយាយប្រាប់ស្រួល មិនស្រួលខឹងគេទៀត ។ ហ៊ឺម….!»។
ដូច្នេះសូមមេត្តាបងប្អូនជនរួមជាតិមេត្តាចូលរួមថែរក្សាបរិស្ថានតំបន់ទេសចរណ៍យើងទាំងអស់គ្នា!