Home ពត៍មានថ្មីៗ នារីក្លាហានជនជាតិចិនពីររូបបានបើករថយន្តដេញបុកជនសង្ស័យឆក់ទូរស័ព្ទ២នាក់ ផ្ទប់ជញ្ជាំងផ្ទះរងរបួសធ្ងន់

នារីក្លាហានជនជាតិចិនពីររូបបានបើករថយន្តដេញបុកជនសង្ស័យឆក់ទូរស័ព្ទ២នាក់ ផ្ទប់ជញ្ជាំងផ្ទះរងរបួសធ្ងន់

3788

តាមរយៈគណនេយ្យហ្វេសប៊ុកឈ្មោះ Sophea Sin បានបង្ហោះពីករណីមួយដែលជនជាតិចិនស្រីពីររូបបានបើករថយន្តដេញបុកមនុស្សពីរនាក់ដែលពួកគេអះអាងថាបានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់គាត់ ផ្ទប់នឹងជញ្ចាំងផ្ទះគេ បណ្តាលឲ្យ រងរបួសធ្ងន់ (ក្អួតឈាម) អាចនឹងគ្មានសង្ឃឹមរស់ផង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៥៤ កែងនឹងផ្លូវលេខ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រុសម្នាក់ជាអ្នកនិយាយភាសាចិន និងបានជួយបកប្រែភាសាចិនពីស្រ្តីជនជាតិចិនទាំង២នាក់នោះរួច រៀបរាប់ប្រាប់ឲ្យ ដឹងថា មុនពេលកើតហេតុ គឺជនសង្ស័យទាំង២នាក់ បានជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់គាត់ពីក្នុងរថយន្ត ខណៈ កំពុងឈប់រថយន្តអែបចិញ្ចើមផ្លូវ លេខ៤៦០ ពេលភ្លាមនោះគាត់ក៏បានបើករថយន្តដេញតាមដែរ តែតាមមិនទាន់ ។ ខណៈដែលទូរស័ព្ទដៃគាត់បានភ្ជាប់ប្រព័ន្ធ GPS ផងនោះ គាត់ក៏ឆែកមើលឃើញ ហើយក៏បើករថយន្តរកមើលតាមសញ្ញា Locations និងប្រព័ន្ធ GPS ដែលលោតបង្ហាញតាមផ្លូវរហូតមកដល់ចំណុចកើតហេតុផ្លូវ៤៥៤ កែងផ្លូវ១២៣ ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់នោះ កំពុងព្យាយាមជិះម៉ូតូ Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CL-7241 រត់គេចហើយ ក៏បើករថយន្តបំបុកផ្ទប់នឹងជញ្ជាំងថ្មរបងផ្ទះគេពេញទំហឹង បណ្តាលឲ្យ ជនជាប់សង្ស័យទាំង២នាក់ រងរបួសធ្ងន់ ដោយម្នាក់នៅសល់ដង្ហើមចង្រិត ក្អួតឈាមពេញខ្លួនទៀតផង និងម្នាក់ទៀតសន្លប់ស្ដូកផ្កាប់មុខនៅហ្នឹងកន្លែងតែម្ដង ហើយក៏ឃើញទូរស័ព្ទរបស់គាត់នៅក្បែរជនសង្ស័យនោះដែរ ទើបគាត់រើសយកមកវិញ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរមកចោមរោមមើល តែម្ដង។

ក្រោយមកជនជាប់សង្ស័យទាំង២នាក់នោះ ត្រូវបានដឹកតាមរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនយកទៅសង្គ្រោះបន្ទាន់ បន្តបន្ទាប់គ្នាផងដែរ។សូមបញ្ជាក់ថា ករណីនេះនៅមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ថាជាករណីចោរឆក់ ឬក៏យ៉ាងណា ខណៈសមត្ថកិច្ចមូលដ្ឋានក៏មិនទាន់អាច សន្និដ្ឋានប្រាប់ភ្នាក់ងារយើងបានដែរ ដោយសុំរង់ចាំធ្វើការស្រាវជ្រាវបន្តទៀត ខណៈដែលស្រ្តីជាជនជាតិចិនទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍ ដើម្បីសាកសួរសិន តែស្ថិតក្នុង អាការៈ ភិតភ័យពេកឲ្យក៏ទៅផ្ទះសម្រាកសិន។

តាមរយៈប្រជាពលរដ្ធដែលបានឃើញហេតុការណ៍ផ្ទាល់ក៏បានអះអាងថាករណីនេះមិនទំនងទាល់តែសោះហើយបានស្នើសុំគ្រប់បណ្ដាញសារព៌តមានទាំងអស់ ឲ្យ សមត្ថកិច្ច មេត្តា បើកការស្រាវជ្រាវឲ្យ បាន លម្អិត បើអាចសុំឲ្យ សមត្ថកិច្ចធ្វើ សន្និសីទសារព៌តមាន បង្ហាញឲ្យ ប្រជាពលរដ្ឋ បានដឹងច្បាស់ផង ម៉្យាង ទៀតថ្វីបើជនជាតិចិននោះជាអ្នករងគ្រោះក៏ដោយ តែក្នុងនាមជាជនបរទេស ពួកគេត្រូវមានប័ណ្ណ សំគាល់ ឬលិខិតស្នាមអ្វី ដែលច្បាប់អនុញ្ញាតឲ្យ អាចបើករថយន្តដោយសេរីបែប នេះ៕