ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកសម្លាប់មនុស្សដ៏រន្ធត់មួយបានកើតឡើង នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ ដោយរថយន្ដមួយគ្រឿង បានបុករះបណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ (ម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ) និងមនុស្ស៦នាក់ផ្សេងទៀត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

មុនពេលកើតហេតុជនរងគ្រោះបាន Live វីដេអូផឹកស៊ីនិងរាំលេងយ៉ាងសប្បាយនៅលើផ្លូវឌឿងហែមមុខផ្ទះ នៅពេលដែលគាត់ Live វីដេអូនោះផងដែររថយន្តបង្កក៏បានបើកមកបុករះយ៉ាងកំរោលតែម្ដង។

លោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅចំណុចមុខផ្ទះលេខ១២ ផ្លូវលេខ៣២៤ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលបង្កដោយរថយន្ដមួយគ្រឿង ម៉ាក Lexus RX300 ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ2AN-2395 បើកបរដោយឈ្មោះ ទឹម គឹមទិច អាយុ៣៣ឆ្នាំ ។


មុនពេលកើតហេតុ គេឃើញរថយន្ដបង្កបើកបរក្នុងទិសដៅពីជើង ទៅត្បូង តាមបណ្ដោយផ្លូវលេខ៣២៤ លុះដល់កន្លែងកើតហេតុ ស្រាប់តែ ជ្រុលចង្កូតរថយន្ដបុកមនុស្សកំពុងអង្គុយមុខផ្ទះលេខ១២ តែម្ដង នេះបើតាមការបញ្ជាក់របស់លោកអធិការ។
តាមការបកស្រាយរបស់អធិការនគរបាលខណ្ឌទួលគោកមូលហេតុនេះកើតឡើងដោយសារជនល្មើសបើកបរក្នុងស្ថានភាពស្រវឹង ហើយសម្រាប់ជនបង្កគ្រោះថ្នាក់ចរាចរណ៍នេះ មន្រ្តីជំនាញរបស់លោកកំពុងសួរនាំ ដើម្បីចាត់ការបន្តទៀត៕