រឿងអាស្រូវលើការបង្ខាំងអ្នកជំងឺទុក ពេលអត់លុយឱ្យទៅខាងមន្ទីរពេទ្យ វ៉ិចតូរៀ ក៏ត្រូវបានគណៈកម្មការចម្រុះចុះស្រាវជ្រាវ និងសាកសួរដល់បុគ្គលិកចំនួន២៣នាក់ ហើយ សម្រេចបិទមន្ទីរពេទ្យជាបណ្តោះអាសន្នព្រមទាំងឃាត់ខ្លួនជនជាតិចិន ជាអ្នកគិតលុយម្នាក់ពាក់ព័ន្ធ គំរាមកំហែងទារលុយ និងចាក់សោបង្ខាំងលើអ្នកជំងឺ ។

ការចុះពិនិត្យសាកសួរ និងធ្វើការបិទមន្ទីរពេទ្យ«វ៉ិចតូរៀ» នេះ បានធ្វើឡើងតាំងពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៤ មករា ដឹកនាំដោយលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក និងមានការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីសាលារាធានីភ្នំពេញ, ក្រសួងសុខាភិល, មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងការិល័យអន្តោប្រវេសន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ ។



មន្ទីរពេទ្យ «វ៉ិចតូរៀ» ស្ថិតនៅលេខ៦១A ផ្លូវ៣១៥ ក្រុម២៧ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដែលមានលោកស្រីវេជ្ជបណ្ឌិតសៀង សុគន្ធ អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ជាអ្នកឈរឈ្មោះលើអាជ្ញាប័ណ្ណអោយជនជាតិចិន ដែលជាអ្នកគ្រប់គ្រងសហគ្រាសឈ្មោះLI GUO ដែលធ្វើសកម្មភាពអាជីវកម្មមន្ទីរព្យាបាលជំងឺ ។ នៅក្នុងការត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានធ្វើការត្រួតពិនិត្យ សាកសួរបុគ្គលិកទាំងអស់ ចំនួន២៣នាក់ ក្នុងនោះមានបុគ្គលិកពេទ្យចំនួន១៩នាក់, ជនជាតិខ្មែរ១៣នាក់, ជនជាតិចិនចំនួន៦នាក់និងសន្តិសុខចំនួន៤នាក់ ។



បន្ទាប់ពីសាកសួរនៅវេលាម៉ោង១០ និង៣០នាទីយប់ ក៏បានបញ្ចប់ប្រតិបត្តិការ ដោយឃាត់ខ្លួន ជនជាតិចិន ជាអ្នកគិតលុយម្នាក់ ឈ្មោះA zhi ភេទប្រុស អាយុ៤៣ឆ្ នាំបញ្ជូនទៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីសាកសួរ ព្រមទាំងបិទឃ្លុមបេទីតាំងមន្ទីរពេទ្យតែម្តង ។ តាមព័ត៌មានបានឱ្យដឹងថា ការបិទមន្ទីរពេទ្យ «វ៉ិចតូរៀ» នេះ យោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលលេខ០០៣អប ស/ ប ព ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ សម្រេ ចបិទមន្ទីរពេទ្យវ៉ិចតូរៀ ជាស្ថាពរ ចាប់ពីថ្ងៃទី១៤ខែមករា ឆ្នាំ២០១៩និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះភឿន មួយហ៊ាង ភេទស្រីអាយុ ១៩ឆ្នាំ មានលំនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ៕
ប្រភពពី៖ Koh Santepheap Daily