រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ពេលនេះមានក្រុមហ៊ុនឯកជនចំនួន២បាននិងកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនឬHighway ថ្មីមួយបន្ថែមទៀតចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប ។

លោកទេសរដ្ឋមន្ត្រីថ្លែងថា ៖« ខ្ញុំសូមស្នើសុំដល់ក្រុមហ៊ុនឯកជន ដែលមានបំណងចង់វិនិយោគផ្លូវល្បឿនលឿនពីភ្នំពេញទៅ ខេត្តសៀមរាប ពង្រីកទៅជា៤គន្លង ក្រសួងសូមស្វាគមន៍ តែយើងមានក្រុមហ៊ុន២កំពុងសិក្សាធ្វើផ្លូវថ្មីតែម្តង ពីភ្នំពេញទៅសៀមរាប ដោយពង្រីកឲ្យទៅជា៤គន្លង ជាការវិនិយោគប្រភេBOT តែខាងក្រុមហ៊ុនមិនទាន់បានផ្ញើរបាយការណ៍ និងពិភាក្សាជាមួយក្រសួងនៅឡើយទេ »។

លោកទេសរដ្ឋមន្ត្រី បានបន្ដថា ៖« ឥឡូវរាជរដ្ឋាភិបាលពង្រីកផ្លូវពី២គន្លងទៅ៤គន្លងពីភ្នំពេញទៅស្គន់ តែពីស្គន់ទៅសៀមរាប ជាង ២០០គីឡូហ្នឹង មានតែ២គន្លងទេ ហើយយើងមិនទាន់មានគម្រោង ពង្រីកពី២ គន្លងទៅ៤គន្លងឡើយទេ »។កម្ពុជាមានគម្រោងស្ថាបនាផ្លូវល្បឿនលឿនជាច្រើនខ្សែដែលភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចសំខាន់ៗ ដូចជា ភ្នំពេញ-ខេត្តព្រះសីហនុ , ភ្នំពេញ-ក្រុងបាវិត និងភ្នំពេញ-សៀមរាប បន្ដភ្ជាប់ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាដើម ។
លោកបន្តទៀតថា «រដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើបញ្ហានេះហើយ តែការកសាងហេដ្ឋារចនាសម្ព័ន្ធត្រូវការពេលវេលាវែង មិនមែនធ្វើបានក្នុងរយៈពេល១ខែឬ១ឆ្នាំនោះទេ »៕