Home ពត៍មានថ្មីៗ ផ្អើលពេញផ្លូវ!ពេលឃើញសកម្មភាពប៉ូលីសចាប់កៀកប៉ូលីសដាក់ឡានទោះឋានៈផ្កាយ១ក៏ដោយ

ផ្អើលពេញផ្លូវ!ពេលឃើញសកម្មភាពប៉ូលីសចាប់កៀកប៉ូលីសដាក់ឡានទោះឋានៈផ្កាយ១ក៏ដោយ

662

ហេតុការណ៍ដ៏កក្រើកមួយបានធ្វើអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋខណៈមន្ដ្រី​នគរបាល​ចំនួន​៥​រូប ក្នុង​នោះ​មាន​ថ្នាក់​ឧត្តមសេនីយ៍ត្រី(​ផ្កាយ​១) លោក ភូ សុផល និង​អម​ដោយ​មន្ដ្រី​នគរបាល​៤​រូប​ផ្សេង​ទៀត មាន​ឋានន្តរសក្តិ​អនុសេនីយ៍ឯក (​សក្ដិ​៣) និង​វរសេនីយ៍ត្រី​(​សក្ដិ​៤) ជា​មន្ត្រី​ជំនាញ​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ​ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) ក្រសួងមហាផ្ទៃ ត្រូវ​បាន​ចាប់​ក្រៀក​រុញ​ឡើង​ឡាន​នៅ​ខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មក​រា ដោយ​កម្លាំង​តម្រួត​បទបញ្ជា​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ខណៈ​ចុះ​ទៅ​ឆែក​ទំនិញ​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយ ដែល​តាម​ប្រភព​ថា​ជា​ឃ្លាំង​បារី​ក្លែងក្លាយ ។

ហេតុការណ៍​ប៉ូលិស​ចាប់​ប៉ូលិស​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​មហាជន​នៅ​ចំណុច​នោះ និង​បាន​បន្ត​ការ​ភ្ញាក់ផ្អើល​ ខណៈ​ព័ត៌មាន​គួរ​ឱ្យ​ចាប់អារម្មណ៍​នេះ​ ត្រូវ​បាន​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ព្រោងព្រាត ដែល​មាន​តែ​សំណួរ​គ្មាន​ចម្លើយ រហូត​គេ​និយាយ​បែប​មិនល្អ​ ជុំវិញ​ហេតុការណ៍​នោះ​ថា ដោយសារ​តែ​ការ​ប៉ុនប៉ង​ឆែកឆេរ​ឃ្លាំង​មាន​ខ្នង​ធំ ទើប​មន្ត្រី​ប៉ូលិស​ដែល​ទៅ​ដល់​មុខ​ឃ្លាំង​នោះ​ ត្រូវ​បាន​គេ​ចាប់​វិញ ។

តាម​មន្ដ្រី​នគរបាល​ជាន់ខ្ពស់នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ដកស្រង់​សម្តី​ថា ការ​ចុះ​ឆែកឆេរ​នោះ​ គឺ​គ្មាន​បទបញ្ជា​ពី​ថ្នាក់លើ គ្មាន​ការ​ចូលរួម​ពី​ព្រះរាជអាជ្ញា និង​ពុំ​មាន​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ។ តែបើ​តាម​លោក​ឧត្តមសេនីយ៍ទោ ទូច យុ​ទ្ធា បាន​ប្រាប់​អ្នកកាសែត​ថា មិន​មាន​ការ​ឃាត់ខ្លួន​មន្ត្រី​នគរបាល​របស់​លោក​ទេ គ្រាន់តែ​ជា​ការ​ភាន់ច្រឡំ​គ្នា ក្រោយមក​បាន​ត្រឡប់​មកវិញ ។

មន្ត្រី​នគរបាល​ជាន់ខ្ពស់​បាន​បន្ត​ថា ក្រុម​មន្ដ្រី​នគរបាល​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ​នេះ មុន​ដំបូង​ពួក​គេ​បាន​បើករថយន្ដ​២​គ្រឿង ទៅ​ឈប់​នៅ​មុខ​ឃ្លាំង​ស្ដុក​ទំនិញ​ដ៏​ធំ​មួយ ស្ថិត​នៅ​លើ​ផ្លូវ​១០១៩ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក្នុង​គោលបំណង​របស់​ពួក​គេ​ គឺចង់​ចូល​ទៅ​ឆែកឆេរ ប៉ុន្ដែ​សកម្មភាព​ទាំងនេះ ធ្វើ​ឡើង​ដោយ​​ខុសច្បាប់​ដោយសារ​តែ ៖

ទី​១-​គ្មាន​លិខិត​បេសកកម្ម និង​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​របស់​ខ្លួន ។

ទី​២-​មិន​មាន​ព្រះរាជអាជ្ញា​ចូលរួម​ដឹកនាំ​កម្លាំង ។

ទី​៣-​កម្លាំង​ទាំងនេះ​ មិន​បាន​ចូលរួម​សហការជាមួយ​កម្លាំង​មូលដ្ឋាន ។

ហេតុការណ៍​នេះ ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១១ ​និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​១០ មក​រា នៅ​ចំណុច​​មុខ​ឃ្លាំង​ស្តុ​ប​បារី​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ មុខ​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា ក្នុងភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​មន្ដ្រី​នគរបាល​រូប​នេះ គឺ​មន្ត្រី​នគរបាល​ទាំង​៥​នាក់ មុន​ដំបូង​ឡើយ​ស្លៀកពាក់​ស៊ី​វិល ដោយ​សម្លៀក​បំពាក់​ជា​ឯកសណ្ឋាន​នគរបាល ត្រូវ​បាន​ដាក់​នៅ​ក្នុង​រថយន្ដ​ទាំងអស់ ប៉ុន្ដែ​នៅ​ពេល​យក​រថយន្ដ​ទៅ​ឈប់​ចត​មុខ​ឃ្លាំងទំនិញ ដែល​មាន​ម្ចាស់​ជា​ឧកញ៉ា​ម្នាក់​នោះ ក៏​បាន​ធ្វើការ​សួរនាំ​ថា កម្លាំង​មក​ពី​ខាង​ណា ប៉ុន្ដែ​ពួក​គេ​មិន​ប្រាប់ សុំ​លេខ​ទូរស័ព្ទ​ក៏​មិន​ឲ្យ ហើយ​អញ្ជើញ​ឲ្យ​ចូល​ក្នុង​ក៏​មិន​ព្រម​ចូល ហេតុ​ដូច្នេះ​ហើយ​ទើប​ម្ចាស់​ឃ្លាំង​បាន​សុំ​អន្ដរាគមន៍ ទៅ​ថ្នាក់លើ​រហូត​បញ្ជា​ឲ្យ​កម្លាំង​តម្រួត​បទបញ្ជា​ចេញ​ទៅ​ឃាត់ខ្លួន​ពួក​គេ​តែ​ម្ដង គឺ​ឃាត់​ទាំង​ចង្កោម ។

នគរបាល​ដែល​ត្រូវ​កម្លាំង​តម្រួត​បទបញ្ជា​នាំ​ខ្លួន​នោះ ​ត្រូវ​បាន​គេ​ស្គាល់​ម្នាក់​​លោក​ឧត្តមសេនីយ៍ត្រី ភូ សុផល ជា​នគរបាល​នៅ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ផល​ក្លែងក្លាយ ​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​និង​សុ​វត្ថិភាព​សង្គម​នៃ​ក្រសួងមហាផ្ទៃ ។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​កម្លាំង​នគរបាល​រូប​នោះ​ បាន​ឃាត់​រថយន្ត​ដឹក​បារី​មួយ​គ្រឿង​​នៅ​មុខ​ឃ្លាំង ​ដើម្បី​ត្រួតពិនិត្យ ខណៈ​ពេល​នោះ​ មិន​ទាន់​បាន​ចូល​ត្រួតពិនិត្យ​ឃ្លាំង​នៅឡើយ ស្រាប់តែ​មាន​កម្លាំង​នគរបាល​មូលដ្ឋាន​មក​អ​ញ្ចើ​ញ​ទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ។ លុះ​ក្រោយមក​ស្រាប់​តែ​មាន​កម្លាំង​តម្រួត​បទបញ្ជា​ប្រដាប់​ដោយ​កាំភ្លើងគ្រប់​ដៃ​ចំនួន​២​រថយន្ត​ទទួលបញ្ជា​ឱ្យមក​នាំ​ខ្លួន​មន្ត្រី​នគរបាល​ទាំងនោះ ឡើង​រថយន្ត​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​តម្រួត​បទបញ្ជា​ ដើម្បី​សាកសួរ ។

ទាក់ទិន​ការ​នាំ​ខ្លួន​នគរបាល​នេះ​ លោក​ឧត្តមសេនីយ៍ទោ ទូច យុ​ទ្ធា អនុប្រធាន​លេខាធិការដ្ឋាន និង​ជា​ប្រធាន​ប្រតិបត្តិការ​នៃ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​ និង​សុ​វត្ថិភាព​សង្គម​នៃ​ក្រសួងមហាផ្ទៃបានឱ្យ​ដឹង​ថា ការ​នាំ​ខ្លួន​មន្ត្រី​នគរបាល​ គឺ​ជា​ការ​យល់​​ច្រឡំ ។

នៅ​វេលា​ម៉ោងជាង​២​រសៀល​ គេ​បានឃើញ​លោក​ឧត្តមសេនីយ៍​មួយ​រូប ​ដែល​ត្រូវ​បាន​កម្លាំង​តម្រួត​បទបញ្ជា​នាំ​ខ្លួន​នោះ​បាន​វិល​ត្រឡប់​មក​វិញ ដើម្បី​យក​រថយន្ត​របស់​លោក ។ ការ​សាកសួរ​ទៅ​កាន់​លោក​ផ្កាយ​១​រូប​នេះ លោក​និយាយ​ខ្លី​ថា​ «ជា​ការ​យល់​ច្រឡំ» ។

ទោះបីជា​បែប​ណា​ក្តី​ ការ​ប៉ុនប៉ង​ឆែកឆេរ​ឃ្លាំង​សង្ស័យ​ស្តុក​បារី​ក្លែងក្លាយ​នោះ ក៏​បាន​ដកថយ​វិញ ហើយ​ឃ្លាំង​របស់​ឧកញ៉ា​រូប​ណា​នោះ គេ​ឃើញ​បើកទ្វារ​ចេញ​-​ចូល​ធម្មតា ​ហាក់​គ្មាន​រឿង​អ្វី​កើតឡើង​ឡើយ ៕

ប្រភពពី៖ Koh Santepheap Daily