Home ពត៍មានថ្មីៗ ពិតជាគួរអោយកោតសរសើរ!ជនជាតិជប៉ុន នៅកម្ពុជា បង្កើតមូលនិធិជួយគ្រួសារជនរងគ្រោះ ក្នុងករណីប្លន់សម្លាប់នៅសៀមរាប

ពិតជាគួរអោយកោតសរសើរ!ជនជាតិជប៉ុន នៅកម្ពុជា បង្កើតមូលនិធិជួយគ្រួសារជនរងគ្រោះ ក្នុងករណីប្លន់សម្លាប់នៅសៀមរាប

455

ករណីប្លន់សម្លាប់ដ៏គួរឱ្យរន្ធត់មួយ ដោយមានជនជាតិជប៉ុន ២នាក់ បានប្លន់សម្លាប់អ្នករត់តាក់ស៊ីខ្មែរនៅស្រុកពួក ខេត្តសៀមរាប។ ករណីឃាតកម្មដ៏ឃោរឃៅនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងសោកស្ដាយជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាជនជប៉ុនរស់នៅកម្ពុជា ដែលបានសម្ដែងការសុំទោសពលរដ្ឋខ្មែរ ចំពោះអំពីប្លន់សម្លាប់ដោយជនសង្ស័យទាំង ២រូប ដែលជាជនជាតិជប៉ុនខាងលើ។

ទន្ទឹមជាមួយគ្នានេះ ប្រជាពលរដ្ឋជប៉ុន ដែលកំពុងរស់នៅ និងបម្រើការងារនៅកម្ពុជា ក៏បានឯកភាពគ្នា ក្រោមការផ្ដួចផ្ដើមគំនិតរបស់លោក កុអ៊ិជិ តាគូម៉ា ដែលជាជនជាតិជប៉ុនម្នាក់ ហើយក៏ជាប្រធានសមាគមជនជាតិជប៉ុននៅកម្ពុជាផងនោះ បានបង្កើតជាមូលនិធិមួយ ដើម្បីប្រមូលថវិកាសម្រាប់ជាការរួមចំណែកជួយដល់គ្រួសារជនរងគ្រោះ មានប្រពន្ធ និងកូន ៤នាក់ ដែលត្រូវរស់នៅដោយបាត់បង់ស្វាមីដ៏ល្អ និងជាឪពុកដ៏ល្អរបស់ពួកគេ។

លោក កុអ៊ិជិ តាគូម៉ា បានឲ្យដឹងថា ក្នុងនាមជនជាតិជប៉ុន លោកសូមចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារជនរងគ្រោះ ហើយប្រជាជនជប៉ុនទាំងអស់មានសេចក្ដីសោកស្ដាយ រន្ធត់ និងអៀនខ្មាស់ជាពន់ពេក ចំពោះទង្វើដ៏សាហាវឃោរឃៅ និងខ្វះការពិចារណារបស់ជនសង្ស័យទាំង ២រូបនេះ ដែលធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាពដ៏ល្អប្រសើររបស់ប្រទេសជប៉ុន និងប្រទេសកម្ពុជា។

លោក កុអ៊ិជិ តាគូម៉ា បន្ដថា «ខ្ញុំមានសេចក្ដីរន្ធត់ និងឈឺចាប់បំផុតចំពោះហេតុការណ៍នេះ។ ខ្ញុំមានសេចក្ដីព្រួយបារម្ភជាខ្លាំងចំពោះទង្វើរបស់ក្រុមមួយក្ដាប់តូច ដែលជាជនជាតិជប៉ុន ដូចពួកយើងដឹងនេះ ដែលបានធ្វើឲ្យប៉ះពាល់ដល់ជំនឿចិត្ត និងមិត្តភាពដ៏រឹងមាំអស្ចារ្យរបស់ប្រទេសជប៉ុន និងកម្ពុជា។ អ្វីៗដែលយើងខ្ញុំទាំងអស់គ្នាអាចធ្វើបាននាពេលនេះ គឺការឧបត្ថម្ភជាថវិកាមួយចំនួនដល់ការសិក្សារបស់កូនៗនៃជនរងគ្រោះ ដើម្បីឲ្យពួកគេបានបន្តការសិក្សា និងកសាងអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ»