Home ពត៍មានថ្មីៗ ពិតជារំភើប!សត្វផ្សោតដែលជាសត្វជិតផុតពូជនៅកម្ពុជាបានផ្ដល់កំណើតអោយសមាជិកថ្មីនៅក្នុងទន្លេមេគង្គ

ពិតជារំភើប!សត្វផ្សោតដែលជាសត្វជិតផុតពូជនៅកម្ពុជាបានផ្ដល់កំណើតអោយសមាជិកថ្មីនៅក្នុងទន្លេមេគង្គ

493

កូនផ្សោតទន្លេមេគង្គទើបកើតថ្មីមួយក្បាល ត្រូវបានគេប្រទះឃើញជាលើកដំបូងក្នុងដើមឆ្នាំ២០១៩ ដោយក្រុមអ្នកចម្លងទូកទេសចរណ៍មើលសត្វផ្សោត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ។ កូនផ្សោតទើបកើតថ្មីមួយក្បាលក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានគេប្រទះឃើញនឹងបានរាយការណ៍ជូនលោក ស្រី ស៊ីថា ជាមន្ត្រីប៉ូលីសទេសចរណ៍ ប្រចាំការនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី បន្ទាប់មកលោក ស្រី ស៊ីថា ក៏បានផ្តល់ព័ត៌មានជូនក្រុមការងាររបស់អង្គការ WWF-កម្ពុជា ប្រចាំខេត្តក្រចេះ។

លុះនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្រុមការងារអង្គការ WWF-កម្ពុជា បានចុះទៅពិនិត្យ និងស្វែងរកកូនផ្សោតទើបកើតថ្មីនោះ ហើយក៏បានប្រទះឃើញកូនផ្សោតទើបកើតថ្មីនោះ។ បន្ទាប់មក ក្រុមការងារក៏បានផ្តិតយករូបថតរបស់កូនផ្សោតដែលទើបកើតថ្មីនោះ និងមេរបស់វា ព្រមទាំងធ្វើការអង្កេតដោយផ្ទាល់។

តាមរយៈការអង្កេតជាក់ស្តែងបានបង្ហាញថា កូនផ្សោតថ្មីស្ថិតនៅក្នុងក្រុមហ្វូងផ្សោតធំចំនួនប្រមាណជាប្រាំមួយក្បាល។ កូនផ្សោតទើបកើតថ្មីនេះ បានឆ្លុះបញ្ជាំងពីភាពវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ រវាងអង្គការ WWF-កម្ពុជា និងដៃគូអភិរក្សដូចជា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរ ប្រជាសហគមន៍នេសាទ ភ្នាក់ងារទេសចរធម្មជាតិ និងអាជ្ញាធរថ្នាក់ខេត្ត ស្រុកឃុំ និងដៃគូអភិរក្សនានា។

ដូចនេះអ្នកទាំងអស់គ្នាអាចដាក់ឈ្មោះអោយកូនផ្សោតដែលគួរអោយស្រលាញ់មួយនេះទាំងអស់គ្នា៕

ប្រភពពី៖WWF-Cambodia អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ