Home ពត៍មានថ្មីៗ ពិតជាសំណាងមែន!ក្មេងប្រុស៣នាក់រួចផុតពីសេចក្ដីស្លាប់ក្នុងការលង់កប់ក្នុងល្បាប់ភក់រយៈពេល១យប់

ពិតជាសំណាងមែន!ក្មេងប្រុស៣នាក់រួចផុតពីសេចក្ដីស្លាប់ក្នុងការលង់កប់ក្នុងល្បាប់ភក់រយៈពេល១យប់

509

ក្មេងប្រុសមានអាយុចាប់ពី ៣ ដល់ ៥ ចំនួន ០៣ នាក់បានកប់ក្នុងរណ្តៅល្បាប់ភួកដែលគេកាយយកដីរយះពេលជាងមួយយប់ត្រូវបានសង្រ្គោះអោយផុតពីសេចក្តីស្លាប់ ។

កាលពីថ្ងៃទី27 កក្កដា ឆ្នាំ 2019 នៅ ឃុំទនប់រលកស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីបាត់ក្មេងប្រុសចំនួន ០៣ នាក់ដោយមិនដឹងទៅណាអស់រយះពេលមួយយប់និងពេញមួយព្រឹក ។

តាមការបញ្ជាក់ពីលោក ឈុន វណ្ណារ៉េត មេឃុំកំពេញ ស្រុកស្ទឹងហាវ បានអោយដឹងថា នៅវេលាម៉ោងប្រហែលជាង ៤ រសៀលថ្ងៃកើតហេតុនៅក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ មានពិធីដង្ហែរសពមួយឆ្ពោះទៅកាន់ទីបច្ឆាបូជានៃវត្តពោធិមានជ័យស្ថិតក្នុងឃុំកំពេញ ក្នុងពិធីដង្ហែរសពនោះមានក្មេងៗក្នុងភូមិជាច្រើន(តាមទម្លាប់) បាននាំគ្នារត់តាមក្បួនដង្ហែរដើម្បីរើសលុយដែលគេបាចនៅតាមផ្លូវ ក្រោយពីបាននាំគ្នារត់រើសលុយមក ក្មេងទាំង ៣ នាក់មិនបានត្រឡប់ទៅផ្ទះវិញដូចក្មេងៗក្នុងភូមិដ៍ទៃទៀតទេ ដោយពួកគេនាំគ្នាទៅលេងទឹកប្រឡាយក្បែរវត្តដែល។

នៅក្បែរនោះក៍មានរណ្តៅកាយយកដីជាល្បាប់ភួក ហើយទំនងជាពួកគេនាំគ្នាចុះលេងក្នុងរណ្តៅភួកនោះទើបបណ្តោលអោយពួកគេលង់កប់ក្នុងភួកនោះពេញមួយយប់ និងពេញមួយព្រឹកថ្ងៃបន្ទាប់ទៀត ។

ភ្លាមៗក្រោយពីបាត់ក្មេងមិនឃើញមកផ្ទះ ក្រុមគ្រួសារទាំងអស់របស់ក្មេងទាំង ៣ បានរាយការណ៍ដល់នគរបាលប៉ុស្តិ៍រដ្ឋបាលអាជ្ញាធរឃុំ និងអ្នកភូមិនាំគ្នាដើររក តែរកមិនឃើញសោះ លុះដល់ថ្ងៃបន្ទាប់ទើបមានក្មេងៗអ្នកភូមិជិតខាងប្រាប់ថា ពីល្ងាចម្សិលម៉ិញគេបានឃើញក្មេងរងគ្រោះទាំង៣ ឈរលេងក្បែរទីតាំងកើតហេតុ ទើបចាស់ៗនាំគ្នាទៅពិនិត្យមើល ក៍ឃើញក្មេងរងគ្រោះទាំង៣ កប់ជាប់ក្នុងភួកហើយក៍ស្រង់យកមកសង្រ្គោះបានរួចផុតពីគ្រោះថ្នាក់ទាំងអស់គ្នា ៕