មរណភាពរបស់បិតាសង្គ្រោះកុមារកម្ពុជា លោកវេជ្ជបណ្ឌិត Beat Richner នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ កំពុងនាំឲ្យប្រជាពលរដ្ឋខ្មែរនឹកស្តាយស្រណោះអាឡោះ អាល័យយ៉ាងខ្លាំងចំពោះរូបលោក ក៏ដូចជាទង្វើប្រកបដោយគុណធម៌របស់លោកផងដែរ។
បន្ទាប់បានធ្លាក់ខ្លួនឈឺអស់ជាច្រើនខែ លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក។ បើទោះបីជាគ្មានឈាមជ័រជាខ្មែរ លោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិតចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា។
ដើម្បីសម្ដែងការគោរពដឹងគុណដ៏ជ្រាលជ្រៅលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនថា ក្រសួងសុខាភិបាល កំពុងគិតគូររៀបចំពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសាស្រ្តាចារ្យ វេជ្ជបណ្ឌិត Beat Richner ដើម្បីសម្តែងនូវការគោរពដល់គាត់ ដែលពិធិគោរពវិញ្ញាណក្ខន្ធសពរបស់គាត់នេះ នឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល ។ ដោយឡែកនៅមន្ទីរពេទ្យគន្ធបុប្ផា ក៏មានរៀបចំពិធីគោរពវិញ្ញាណ្ខ័នគាត់នៅបណ្ណាល័យក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាផងដែរនៅថ្ងៃដដែលនេះ៕