Home ពត៍មានថ្មីៗ ព្រៃផ្សៃណាស់! ប្តីកាប់ប្រពន្ធកាច់ក្បាល យកបោះចោលចិញ្ចើមផ្លូវដោយសារប្ដីញាណថ្នាំ

ព្រៃផ្សៃណាស់! ប្តីកាប់ប្រពន្ធកាច់ក្បាល យកបោះចោលចិញ្ចើមផ្លូវដោយសារប្ដីញាណថ្នាំ

348

ខេត្តបាត់ដំបង៖ បុរសម្នាក់ បានយកកាំបិតខ្វែវកាប់ប្រហារប្រពន្ធគ្មានញញើតដៃ បណ្តាលដាច់ក្បាល ហើយយកទៅបោះចោលក្បែរថ្នល់ ត្រូវបានអ្នកស្រុកប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ។

ប្តីកំណាច់ដែលកាប់ប្រពន្ធខ្លួនឯងដាច់ក្បាលនេះ មានឈ្មោះយឿត រឿត អាយុ៣៣ឆ្នាំ រីឯស្រ្តីរងគ្រោះជាប្រពន្ធ មានឈ្មោះម៉ាន់ សុធា អាយុ៣៧ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។

មន្ត្រីមូលដ្ឋាន បានដឹងថា មុនពេលកើតហេតុ ប្ដីប្រពន្ធស្រ្តីរងគ្រោះ ទើបនាំគ្នាមកពីស្រុកកំណើតនៅខេត្តកំពង់ស្ពឺ នៅម៉ោង៨យប់ថ្ងៃទី២០ ខែឧសភា ហើយពេលនោះ គ្មានអ្នកណាម្នាក់ដឹងថា ប្តីប្រពន្ធពួកគេមានជម្លោះនឹងគ្នាទេ។ លុះព្រឹកឡើង ស្រាប់តែជនដៃដល់ជាប្តីបានយកកាំបិតខ្វែវកាប់ប្រពន្ធដាច់ក្បាល រួចយកទៅបោះចោលខាងមុខផ្ទះក្បែរថ្នល់ គួរឲ្យរន្ធត់ពេកក្រៃ ត្រូវបានអ្នកភូមិប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍តែម្តង។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះចាប់ខ្លួនជនកំណាចរូបនេះ នាំមកសាកសួរ ។ តាមចម្លើយបឋមរបស់ជនដៃដល់ បានឆ្លើយថា ករណីឃាតកម្មនេះ គឺផ្ដើមចេញពីរឿងប្រចណ្ឌប្រពន្ធ ខ្លាចក្រុមគ្រួសារខាងប្រពន្ធបំបែកបំបាក់ប្រពន្ធពីខ្លួនយកទៅស្រុកកំណើតនៅខេត្តកំពង់ស្ពឺ វិញ ទើបរូបគេសម្លាប់ប្រពន្ធចោលតែម្តង។ តែយ៉ាងណា សមត្ថកិច្ចជំនាញកំពុងសាកសួរជនដៃដល់ ដើម្បីស្វែងរកអំពីមូលហេតុ ដែលនាំឲ្យជននេះចិត្តឃោរឃៅកាត់ក្បាលប្រពន្ធបែបនេះ ។

សពស្រ្តីរងគ្រោះ ត្រូវសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំចាត់ចែង ធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសៅជាពន់ពេក៕