Home ពត៍មានថ្មីៗ មនុស្ស​ម្នាក់បានស្លាប់ និង​របួស​១៥​នាក់ ក្នុង​ហាង​កាហ្វេ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន

មនុស្ស​ម្នាក់បានស្លាប់ និង​របួស​១៥​នាក់ ក្នុង​ហាង​កាហ្វេ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន

695

មានការ​បំផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់ បាន​សម្លាប់​មនុស្ស​ម្នាក់ និង​របួស​១៥​នាក់ ក្នុង​ហាង​កាហ្វេ​មួយកន្លែង​នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃអាទិត្យ នេះ​ជា​ការវាយប្រហារ​លើក​ទី​២ បន្ទាប់​ពី​មានកា​វាយប្រហារ​មួយ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​យោធា​បាន​ចោទប្រកាន់​លើ​ក្រុម​សកម្មប្រយុទ្ធ​គាំទ្រ​រដ្ឋ​អ៊ីស្លាម ។

មេបញ្ជាការ​កងពល​យោធា ឧត្ដមសេនីយ៍ត្រី Cirilito Sobejana បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ទីក្រុង Isulan ដែល​មាន​គ្រិស្ត​សាសនិក​ភាគច្រើន​រស់នៅ​គឺ​ស្ថិតនៅលើ​កោះ Mindanao ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន ជា​ទីតាំង​ដែល​ត្រូវបាន​ឡោមព័ទ្ធ​ដើម្បី​បង្ក្រាប​ក្រុម​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ ។ មិន​មាន​ក្រុម​ណាមួយ​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះឡើយ ។ មេបញ្ជាការ​រូបនេះ បាន​និយាយទៀតថា ការវាយប្រហារ​នេះ​ទំនង​ជា​ធ្វើឡើង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​សេរី Bangsamoro (BIFF) ។ មិន​មាន​ក្រុម​ណា​ផ្សេង​ទៀត​ដែល​ហ៊ាន​បំផ្ទុះ​គ្រាប់បែក និង​មិន​មាន​ក្រុម​ណា​ដែល​បំផ្ទុះ​គ្រាប់បែក​ដោយ​គ្មាន​មូលហេតុ​នោះឡើយ ក្រៅពី​ក្រុម​នេះ ។ ក្រុម BIFF ក៏​ត្រូវបាន​ចោទប្រកាន់​ផងដែរ​ពី​ការ​បំផ្ទុះ​កាលពី​ថ្ងៃ​អង្គារ៍​សប្ដាហ៍​មុន ដែល​មាន​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ​ពី​ការ​បំផ្ទុះ​លើក​ទី​២​នេះ ដោយ​បាន​សម្លាប់​មនុស្ស​៣​នាក់ និង​រង​របួស​ជាង​៣០​នាក់ ៕