ហេតុតតែស្រលាញ់សិល្បៈបុរាណ យុវជនម្នាក់បានថតបទភ្លេងខ្សែដៀវថ្មីដោយជ្រើសយកទីតាំងសារៈមន្ទីរជាតិ តែត្រូវបានសន្តិសុខដេញទៅវិញ។
តាមរយៈប្រភពផេកឈ្មោះ ROCK BOYeMozZ បានរៀបរាប់ពីអារម្មណ៍សោកស្ដាយដែលខ្លួនបានខិតខំរៀបចំបទភ្លេងពីឧបករណ៍បុរាណខ្សែដៀវ ដែលចង់បង្ហាញពីសិល្បៈវប្បធ៌មរបស់ខ្លួនតាមវីដេអូនោះ ដោយបានជ្រើសរើសទីតាំងសារៈមន្ទីរជាតិដើម្បីថតដែលសមស្របទៅនិងឧបករណ៍នេះណាមួយកន្លែងនោះជាកន្លែងវប្បធម៍នឹងស្ងប់ស្ងាត់។ ប៉ុន្តែគួរអោយសោកស្ដាយបំផុតនោះគាត់ត្រូវបានសន្តិសុខនៅក្នុងសារៈមន្ទីរជាតិប្រាប់ថាមិនអោយថត។
ដោយមិនអស់ចិត្តចំពោះបញ្ហានេះយុវជនម្នាក់នោះក៏បានរៀបរាប់នៅលើបណ្តាញសង្គមថា៖ ថ្ងៃនេះខ្ញុំមានបំណងចង់ថតបទភ្លេងខ្សែដៀវថ្មីសម្រាប់ជូនបងប្អូនទស្សនាដែលខ្ញុំបានជ្រើសយកទីតាំងសារៈមន្ទីរជាតិដើម្បីលេងព្រោះខ្ញុំគិតថាកន្លែងនោះជាកន្លែងវប្បធម៍នឹងស្ងប់ស្ងាត់។ ប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនោះគឺពូម្នាក់ដែលជាសន្តិសុខនៅក្នុងហ្នឹងគាត់មកប្រាប់ថាអត់អោយថតក្នុងហ្នឹងទេ(ក្នុងរបងសារៈមន្ទីរមិនមែនខាងក្នុងកន្លែងដាក់តាំងវត្ថុបុរាណ)មេគាត់ប្រាប់អោយបញ្ឈប់ការថត។ ខ្ញុំក៏តបទៅវិញថាខ្ញុំគ្រាន់តែថតសម្លេងខ្សែដៀវនឹងវីដេអូខ្ញុំលេងនៅកន្លែងទេអត់បានធ្វើអីអោយប៉ះពាល់ដល់ភ្ញៀវទេសចរណ៏ទេហើយខ្ញុំក៏រកកន្លែងស្ងាត់ដើម្បីថតទៀត។ គាត់ថាចង់ថតយ៉ាងម៉េចក៏អត់បានមេគាត់ប្រាប់អោយឈប់បើចង់ថតអោយចេញក្រៅអោយផុត។ ខ្ញុំអស់យោបល់ខ្ញុំក៏តបមួយម៉ាត់ទៅវិញថា ខ្ញុំគិតថានៅទីនេះជាកន្លែងវប្បធម៍ទើបខ្ញុំយករបស់វប្បធម៍មកថតនៅទីនេះ តែទីនេះមិនមែនជាកន្លែងសម្រាប់ខ្មែរអាចមកថតវីដេអូភ្លេងបាន។ គាត់តបមកខ្ញុំវិញថា ប្អូននិយាយនេះដូចគ្មានការចេះដឹងអ៉ីចឹង? ខ្ញុំមិនចេះដឹងដល់លោកពូទេ ខ្ញុំក៏មិនចេះដឹងដល់មេពូដែរ។ តែខ្ញុំចេះមានចិត្តក្នុងការថែរក្សាប្រពៃណីវប្បធម៍ជាងពូនឹងមេលោកពូ។ នៅក្នុងសារៈមន្ទីរមានរោងកាហ្វេគេផឹកស៊ីសើចអ៊ូរអរខ្ញុំថតភ្លេងខ្សែដៀវមិនបាន។ នៅក្នុងសារៈមន្ទីរជាតិបរិវេណខាងមុខគេអាចជិះម៉ូតូជិះឡានចូលក្នុងហ្នឹងបានតែខ្ញុំថតភ្លេងខ្សែដៀវមិនបាន។ នៅក្នុងសារៈមន្ទីរគេអាចថតPre Weddingបាន តែខ្ញុំថតខ្សែដៀវមិនបាន។ ចុងក្រោយពេលចេញមកវិញខ្ញុំស្រែកសួរពួកគាត់ថា “អ៊ីចឹងសារៈមន្ទីរជារបស់ឯកជនមែនរឺមិនមែនពូ?” គាត់តបខ្ញុំបែបឌឺថា “សារមន្ទីរជារបស់ឯកជន”។ “កន្លែងវប្បធម៍តែមិនមែនសម្រាប់អ្នកស្រលាញ់វប្បធម៍ទេ គឺសម្រាប់អាពួកដែលវារកស៊ីកេញចំនេញពីវប្បធម៍”។
នេះគឺជារឿងហួសចិត្តមួយដែរគ្រាន់តែថតវីដេអូនៅបរិវេណខាងក្រៅសោះក៏មិនបានដែរ ៕