Home ពត៍មានថ្មីៗ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន ​រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់២,៦៧១គ្រួសារ

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន ​រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់២,៦៧១គ្រួសារ

871

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃសៅរ៍១៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ២,៦៧១គ្រួសារ ដែលរស់នៅភូមិចំនួន​១០​ នៃឃុំកំពង់ទ្រាស​ និងឃុំកោះពីរ​ នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។​

ការចុះសួរសុខទុក្ខនេះ បានធ្វើឡើងនៅទួលសុវត្ថិភាពចំការគរ ដែលស្ថិតនៅក្នុងភូមិទី៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្ដត្បូងឃ្មុំ។

ជាមួយនឹងការចែកអំណោយជូន ប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន​ ២,៦៧១គ្រួសារ​ខាងលើនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តត្បូងឃ្មុំ​ ​នូវ​ស្បៀង​ និងសម្ភារប្រើប្រាស់​ចំនួន ១,៣៦៦គ្រួសារ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះនៅ​ ឃុំព្រែកអាជី​ (មាន​៦ភូមិ)​ ស្រុកក្រូចឆ្មារ​ ខេត្តត្បូងឃ្មុំ។

គ្រួសារនីមួយៗទទួលបាន​៖ អង្ករ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀលទៀត​ ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ជាក់ស្តែង ក្នុងអំឡុងគ្រោះធម្មជាតិ ដោយសារទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំជាដើម ក្នុងរយ:ពេលជាងកន្លះខែមកនេះ កាកបាទក្រហមកម្ពុជា បានចុះចែកនូវអំណោយជាស្បៀង សម្ភារផ្សេងៗទៀត ភ្លាមៗជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះ ដោយទឹកជំនន់នេះផងដែរ ៕

ប្រភពពី៖ Freshnews