Home ពត៍មានថ្មីៗ សម្ដេចក្រឡាហោម ស ខេង ចេញមុខបញ្ជាឲ្យអង្គភាពសំខាន់ៗចំនួន៤ របស់ក្រសួងមហាផ្ទៃ ចុះទៅខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវ និងជួយបង្ក្រាបបទល្មើស

សម្ដេចក្រឡាហោម ស ខេង ចេញមុខបញ្ជាឲ្យអង្គភាពសំខាន់ៗចំនួន៤ របស់ក្រសួងមហាផ្ទៃ ចុះទៅខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវ និងជួយបង្ក្រាបបទល្មើស

620

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់អង្គភាពសំខាន់ៗចំនួន៤ របស់ក្រសួងមហាផ្ទៃ ឲ្យបង្កើតក្រុមប្រតិបត្តិការ ចុះទៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីស្រាវជ្រាវ និងជួយបង្ក្រាបបទល្មើស បន្ទាប់ពីលេចឡើងនូវសកម្មភាពមិនប្រក្រតីមួយចំនួន ។

ការដាក់បញ្ជារបស់ សម្តេចក្រឡាហោមនាយករដ្ឋមន្ត្រីស្តីទី បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចក្រឡាហោម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន អគ្គនាយក អគ្គាធិការ និងបំពាក់ឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ ជូននាយនគរបាលជាតិជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ធម្មតាទេថាជនជាតិណាក៏ដោយ ជាតិសាសន៍ណាក៏ដោយ វាតែងតែមានអ្នកល្អ អ្នកអាក្រក់ ហើយក្នុងពេលដែលស្ថានភាពនៅទីនោះ មិនទាន់បានរៀបចំស្រួល ឲ្យបានសមស្របនៅឡើយទេ អញ្ចឹងបង្កើតនូវបញ្ហាមួយចំនួន ដូចជាបទល្មើសសម្លាប់ ការប្រើប្រាស់គ្រឿងញៀន បញ្ហាបរិស្ថានអនាម័យ ។ យើងដឹងហើយថា ទឹកសមុទ្រដែលជាទីពេញនិយមរបស់ប្រជាពលរដ្ឋកម្ពុជាយើង ក៏ដូចជាភ្ញៀវអន្តរជាតិ ប្រសិនបើយើងមិនបានយកចិត្តទុកដាក់ ឲ្យបានគ្រប់ជ្រុងជ្រោយទេ វាអាចធ្វើឲ្យទឹកសមុទ្រក្លាយជាសមុទ្រដល់ប្រើមិនកើត ។ នេះជាការបារម្ភរបស់យើង»

លោកក៏បានបញ្ជាក់បន្ថែមថា៖ «ប៉ុន្តែសម្រាប់ក្រសួងមហាផ្ទៃ ដែលមានការទទួលខុសត្រូវច្រើន អញ្ចឹងស្នើថា យើងនឹងរៀបចំក្រុមការងារមួយ ដើម្បីទៅគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលក្នុងនោះ ខ្ញុំគិតថាមានអគ្គនាយកដ្ឋាន៤ ដែលដើរតួ អគ្គរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយនិងក្រុមអ្នកច្បាប់ ។ រៀបចំជាក្រុមមួយហៅថាក្រុមប្រតិបត្តិការ ឬក៏ក្រុមគាំទ្រ ។ ប៉ុន្តែមិនមែនថាក្រុមគាំទ្រទៅធ្វើជំនួសរដ្ឋបាល ខេត្តព្រះសីហនុទេ ក៏ប៉ុន្តែទៅគាំទ្រជួយដោះស្រាយ នូវបញ្ហាទាំងឡាយណាដែលខេត្តមិនមានលទ្ធភាព រាល់ទាំងការបង្ក្រាបបទល្មើស ទៅនោះផង»

ប្រភពពី៖អគ្គស្នងការដ្ឋាននគរបាលជាតិ