Home ពត៍មានថ្មីៗ សម្ដេចតេជោ​ ហ៊ុន សែន អនុញ្ញាតឲ្យអត្ដពលិក និងកីឡាករ កីឡាករិនីជាង៧០នាក់ ចូលជួបមុនចេញទៅប្រកួត Asian Games នៅឥណ្ឌូនេស៊ី

សម្ដេចតេជោ​ ហ៊ុន សែន អនុញ្ញាតឲ្យអត្ដពលិក និងកីឡាករ កីឡាករិនីជាង៧០នាក់ ចូលជួបមុនចេញទៅប្រកួត Asian Games នៅឥណ្ឌូនេស៊ី

423

នៅព្រឹកថ្ងៃចន្ទ ១០រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអនុញ្ញាតឲ្យអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនិងប្រតិភូកីឡាសរុបជាង ៧០នាក់ ចូលជួបទទួលដំបូន្មានមួយចំនួនមុននឹងពួកគេចេញទៅចូលរួមប្រកួតកីឡា Asian Games នៅប្រទេសឥណ្ឌូនេស៊ី។

ជានិច្ចកាលរាល់ការការត្រៀមប្រកួតលក្ខណៈចេញទៅប្រកួតកីឡាផ្សេងៗជាផ្លូវការនៅក្រៅប្រទេស សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡា ដែលនេះជាកាយវិការមួយដ៏ប្រពៃសម្រាប់អត្តពលិកជម្រើសជាតិមុនការប្រកួត។

គួរបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ដែលត្រៀមចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃចន្ទនេះ មានជាង ៧០នាក់លើ ១៣ប្រភេទកីឡា ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រិតសម្រាំងត្រៀមបញ្ជូនទៅប្រកួតកីឡា Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី២ ខែកញ្ញាខាងមុខ។ ប្រភេទកីឡាដែលកម្ពុជាចូលរួមប្រកួតនេះ មានដូចជាកីឡាអត្តពលកម្ម ហែលទឹក តេក្វាន់ដូ យូដូ ចំបាប់ គុនដាវ ម៉ូតូទឹក ជឺជិតស៊ូ សូហ្វតេន្នីស កាយសម្ព័ន្ធ ទូកកានូ ការ៉ាតេដូ និងកីឡាទូកក្ដោង៕