Home ពត៍មានថ្មីៗ កីឡា សហព័ន្ធ​កីឡា​រាំ​កម្ពុជា នឹងបញ្ជូនអត្តពលិកជម្រើសជាតិរបស់ខ្លួន ៩នាក់ទៅ​ប្រកួត​លើក​ដំបូងនៅ​ហុងកុង​

សហព័ន្ធ​កីឡា​រាំ​កម្ពុជា នឹងបញ្ជូនអត្តពលិកជម្រើសជាតិរបស់ខ្លួន ៩នាក់ទៅ​ប្រកួត​លើក​ដំបូងនៅ​ហុងកុង​

1197

អត្តពលិក​កីឡា​រាំ ៩រូប ត្រៀម​ចេញ​ទៅ​ប្រកួត​លើក​ដំបូង ដើម្បី​ដណ្តើម​​ជើងឯក​អាស៊ីឆ្នាំ២០១៨ នៅ​ហុងកុង​ស្អែក​នេះ នាសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងចេញដំណើរ នាវេលាម៉ោង ២រសៀលថ្ងៃទី១៣ ខែកញ្ញាស្អែកនេះ។ នេះបើតាមការឲ្យដឹងពីលោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា។

អគ្គលេខាធិការដដែលបន្ដថា ការប្រកួតជើងឯកអាស៊ីនេះ គ្រោងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីក្រុងហុងកុង ហើយនេះគឺជាលើកទី១ ហើយ ដែលកម្ពុជាបានបញ្ជូនអត្តពលិករបស់ខ្លួន ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កម្រិតអាស៊ីមួយនេះ ដែលមានឈ្មោះថា ADSF Asian Single Dance Sport Championship 2018។

លោកស្រីបន្ថែមថា បេសកកម្មនេះ អត្តពលិកកម្ពុជា នឹងត្រូវប្រកួតលើ ២វិញ្ញាសា គឺវិញ្ញាសាឯកឧត្តជន និងវិញ្ញាសា​ចម្រុះជាក្រុម។ រីឯសមាសភាពរបស់អត្តពលិកកម្ពុជារួមមានកីឡាករ ច័ន្ទ វ៊ិចទ័រ, ម៉ូវ ដាវីន, សេង សុខគីម និងកីឡាករ ភុន ស៊ីវុត្រា។ រីឯកីឡាការិនី គឺកញ្ញា ព្រាប ដានីឡា, សាន រូស្សា, យី អ៊ីលីង, ហ៊ាន លក្ម្សី និងកីឡាការិនី ម៉ូវ ដានីតា គ្រាដែល​គូប្រជែងនៅមិនទាន់កំណត់ប្រទេសចូលរួមនោះទេ។

ទោះជាយ៉ាងណាខាងសហព័ន្ធ​កីឡា​រាំ​កម្ពុជាក៏មិនរំពឹងលើលទ្ធផលឈ្នះ ឬចាញ់ពេកទេ ព្រោះតែជាលើកដំបូងសម្រាប់វិស័យដ៏ក្មេងខ្ចីនេះរបស់កម្ពុជា សហព័ន្ធផ្ដោតលើការដកស្រង់បទពិសោធន៍ និងបច្ចេកទេសច្រើនជាង ដើម្បីជំរុញកីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា ឲ្យកាន់តែមានសមត្ថភាព សម្រាប់ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ពិសេសគឺការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន នាឆ្នាំ២០១៩ ខាងមុខតែម្ដង៕

ប្រភពពី៖Freshnews