បន្ទាប់ពីពេលវេលាចេះតែ រំកិលទៅមុខឥតឈប់ឈរ បង្កឲ្យមានមន្ទិលសង្ស័យមិនដាច់ស្រឡះ ពាក់ព័ន្ធនឹងក្មេងប្រុសម្នាក់ ដែលកន្លងមកត្រូវបានមហាជនសង្ស័យថា ជាកូនប្រុសរបស់តារាចម្រៀង ដ៏ល្បីលំដាប់ប្រទេស គឺកញ្ញា ឱក សុគន្ធកញ្ញា រួចមក នៅថ្ងៃនេះ តារាចម្រៀងបែបយុវវ័យ ឱក សុគន្ធកញ្ញា បានបញ្ចេញសារប្លែកមួយ នៅលើបណ្ដាញសង្គមរបស់នាង ទាក់ទងទៅនឹងថ្ងៃខួបកំណើតវ័យ១២ឆ្នាំ របស់ក្មេងប្រុសម្នាក់នេះ។


ដោយកញ្ញាបានបង្ហោះសារជូនពរមួយថា ៖«វត្តមានរបស់គាត់ក្នុងជីវិតរបស់ខ្ញុំ គឺពោរពេញដោយភាពរវល់វីវក់ គ្មានពេលសម្រាក ពេលវេលាសម្រាករបស់ខ្ញុំ គឺជាពេលវេលារបស់គាត់..! រយៈពេល១២ឆ្នាំ ដែលគាត់ចូលមកបំពេញ អត្ថន័យជាច្រើនសម្រាប់ជីវិតគ្រួសារដ៏តូចមួយនេះ បង្កើតភាពរីករាយ ស្នាមញញឹម ភាពកក់ក្តៅ Wanna say happy birthday to my boy love you»។


ថ្មីៗនេះជាញឹកញាប់ គេឃើញ ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពក្មេងប្រុសម្នាក់នេះនៅលើបណ្ដាញសង្គម ដូចជាចូលរួមដំណើរកម្សាន្តទៅប្រទេសចិនជាមួយគូដណ្តឹង និងកម្មវិធីផ្សេងៗ។


ជុំវិញការបញ្ចេញសារប្លែកៗ ពីសំណាក់តារាចម្រៀង ឱក សុគន្ធកញ្ញា ទាក់ទងនឹងមន្ទិលសង្ស័យថា ជាកូនប្រុសរបស់នាង ប៉ុន្តែការពិតក្មេងប្រុសម្នាក់នោះត្រូវជា ប្អូនប្រុសពៅរបស់កញ្ញា តែប៉ុណ្ណោះដែលមានឈ្មោះថា វិបុល ៕
