Home ពត៍មានថ្មីៗ កម្សាន្ត សូដា នីតា បានបោះសំដីដាក់ប្រជាជនខ្មែរថា៖«ទោះបី​ភាពយន្ត​ខ្មែរ​ត្រូវ​បាន​​អ្នក​ផលិត អ្នក​សរ​សេរ អ្នក​សម្តែង​ខំប្រឹង​ធ្វើ​​យ៉ាង​ណា ក៏​ប្រជាជន​ខ្មែរ​មិន​ឲ្យ​តម្លៃ​ដែរ»!

សូដា នីតា បានបោះសំដីដាក់ប្រជាជនខ្មែរថា៖«ទោះបី​ភាពយន្ត​ខ្មែរ​ត្រូវ​បាន​​អ្នក​ផលិត អ្នក​សរ​សេរ អ្នក​សម្តែង​ខំប្រឹង​ធ្វើ​​យ៉ាង​ណា ក៏​ប្រជាជន​ខ្មែរ​មិន​ឲ្យ​តម្លៃ​ដែរ»!

1026

ថ្មីនេះដែរតារាសម្ដែងស្រីចើងចាស់កញ្ញា សូដា នីតាបានបញ្ចេញមតិ ក៏ដូចជាអារម្មណ៍ពិតរបស់ខ្លួន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹង​ភាពយន្តនៅក្នុងប្រទេសកម្ពុជា​ថា មិនសូវទទួលបានការឲ្យតម្លៃ ពីសំណាក់ប្រជាជនខ្មែរ ទោះភាគយន្តខ្មែរយើង អ្នកផលិត អ្នកសរសេរ អ្នកសម្តែង ខំ​ប្រឹងធ្វើយ៉ាងណាក្ដី។

តាមរយៈសារដ៏វែងរបស់កញ្ញាបានរៀបរាប់ថា៖ «​ហ៊ឺ…មិនមានអ្នកមកទប់ស្កាត់ រឿងបរទេស ចិន ថៃ ហុងកុង កូរ៉េ ។ល។ ទេ ទោះភាគយន្តខ្មែរយើង អ្នកផលិត អ្នកសរសេរ អ្នកសម្តែង ខំធ្វើ ខំប្រឹងយ៉ាងណា ក៏ប្រជាជនខ្មែរ យើងមិនឲ្យតម្លៃដែរ! មានជនជាតិខ្មែរភាគតិចណាស់ ដែលមើលរឿងខ្មែរ ព្រោះប្រជាជនខ្មែរយើង មើលរឿងខ្មែរ តែងតែរិះគន់ ថាអញ្ចេះអញ្ចុះ ឆ្គងលិចឆ្គងកើត តែបើរឿងគេវិញ មើលហើយ សមរហូត ទោះតួនោះសម្តែងឆ្គងក៏នៅល្អ ថតខុស​ ខោអាវ សក់ ក៏នៅមើលមិនដឹង នៅតែសរសើរថា រឿងកុនគេល្អ! តែតួគេពូកែសម្តែង ព្រោះតួគេកាន់តែចាស់ ថតកាន់តែយូរ គេកាន់តែយល់រឿងថត ហើយលុយថត​កាន់តែច្រើន ការងារកាន់តែរវល់ គេមិនចោលតួចាស់ៗ ឬតួមុនៗទេ ព្រោះអ្នកថតបានច្រើន​ហើយល្បី មកពីគេមានទេពកោសល្យ ពេញខ្លួនខាងសម្តែង​។ តួខ្មែរយើងភាគច្រើន ឆ្គង ព្រោះតួខ្មែរយើង កាន់តែថតល្បី កាន់តែថត កាន់តែអាយុរាងជ្រេបន្តិច លុយកាន់តែតិច ដើរតួលែងសូវមានតួល្អដើរ ហើយផលិតកម្មខ្លះ មិនហៅថត បើហៅថត​ក៏ឲ្យលុយតិច មិនសមតម្លៃ ចឹងទេសកោសល្យ ក្នុងខ្លួនមនុស្សពូកែ កប់ចោលដោយសារតែរឿងចឹង​»។

កញ្ញាក៏បានបន្ថែមទៀតថា៖ «​(រឿងបរទេស) ទោះស្អាតយ៉ាងណា ពូកែសម្តែងយ៉ាងណា ក៏មុននឹងឡើងតួឯក គឺគេមិនដឹងឆ្លងកាត់ តួរង មិនដឹងប៉ុន្មានរឿងទេ ទើបគេយល់ការថតច្រើន មិនឆ្គងចឹងគ្រប់តួ សូម្បីតួអ្នកបំរើ។ តួយើងឆ្គង ព្រោះ​តួខ្មែរឲ្យតែរាងស្អាតបន្តិច ក្មេងតិច ថតយកលុយថោកតិច ទោះតួនោះមិនឆ្លាប់ថត មិនសូវចេះសម្តែង ក៏លើកធ្វើតួឯកដែរ! ដល់ពេលចេញបញ្ចាំង គឺសម្តែងឆ្គង សម្តែងមិនល្អ ស្របជាមួយប្រជាជនខ្មែរយើង មិនសូវឲ្យតម្លៃតួផង និងចូលចិត្តរិះគន់ផង បូកទាំងរឿងគេចាក់ពេញប្រទេសផង រឿងអីដែលអាចរឿងខ្មែរ ងើបទៅរួច? ដូចជាមានក្រុមហ៊ុនមួយចំនួន ខំជួលតារាគេមក​សម្តែងតែ១ម៉ោង ២ម៉ោង គេយកលុយ រាប់ម៉ឺនដុល្លារ ហើយនៅចេញថ្លៃសំបុត្រយន្តហោះ អូតែលល្អៗ take care មួយចប់ គឺមិនរអ៊ូថាថ្លៃអីទេ តែបើតួខ្មែរវិញ ទារត្រឹម ៥រយ ១ពាន់ ២ពាន់​ដុល្លារ ហើយមិនបាច់ចេញថ្លៃសំបុត្រយន្តហោះ អូតែល អីទេ និយាយពីថា ស្រែកចង់បែកបំពង់កហើយ ថាថ្លៃ បើសុទ្ធតែចឹងៗអី រឿងអីតួខ្មែរ រឿងខ្មែរងើបទៅរួច?»

ជាចុងក្រោយនាងក៏បាននិយាយថា៖ «ខ្ញុំសុំទោសផង បើខ្ញុំសរសេរទៅខុសឆ្គង ឬប៉ះពាល់ តែខ្ញុំនិយាយ ឬសរសេរនេះ គឺចង់ឲ្យយើងជាជនជាតិខ្មែរដូចគ្នា គួរតែមើលឃើញ និងឲ្យតម្លៃគ្នាផង ព្រោះបើយើង​ជនជាតិតែមួយ មិនឲ្យតម្លៃគ្នា តើឲ្យជនជាតិផ្សេងណា មកឲ្យតម្លៃយើងកើត! សុំទោស សុំនិយាយម្តងហើយ!​»