Home ពត៍មានថ្មីៗ អបអរសាទរចំពោះមន្ទីរពេទ្យព្រះអង្គឌួង ធ្វើការវះកាត់អ្នកជំងឺគ ថ្លង់ពីកំណើតដោយជោគជ័យ !

អបអរសាទរចំពោះមន្ទីរពេទ្យព្រះអង្គឌួង ធ្វើការវះកាត់អ្នកជំងឺគ ថ្លង់ពីកំណើតដោយជោគជ័យ !

383

ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយក្រុមគ្រូពេទ្យកូរ៉េ និងថៃបានវះកាត់ អ្នក ជំងឺគ-ថ្លង់ពីកំណើតបានដោយជោគជ័យ ដែលគិតរហូតមកដល់ពេលនេះ គឺមានចំនួនជិត​២០នាក់ហើយ ចាប់តាំងពីឆ្នាំ២០១៨ មក។

លោកសាស្ត្រាចារ្យ ស៊ុន សារិន អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានបញ្ជាក់កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ឱ្យដឹងថា អ្នកជំងឺគ-ថ្លង់ដែលបានវះកាត់រួចហើយនោះអាចស្តាប់បាន និយាយបានដូចមនុស្សទូទៅដែរ។ លោក​សាស្ត្រាចារ្យបានបញ្ជាក់ថា “គុណភាពដែលផ្តល់ឱ្យគឺដូចស្រុកគេដែរ ទទួលយកបាន ដូច្នេះ បើប្រជាជនមានបញ្ហាគ-ថ្លង់ សូមមកទាក់ទងរកការព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង”។ លោកសាស្ត្រាចារ្យបានបន្ដថា នេះជាឱកាសល្អមួយ សម្រាប់ប្រជាពលរដ្ឋដែលមានជំងឺគ-ថ្លង់ពីកំណើត ក្នុងការស្វែងរកសេវាព្យាបាលដោយការវះកាត់នៅក្នុងប្រទេសកម្ពុជាតែម្តង។

ក្នុងពិធីបើកសម្ពោធមជ្ឈមណ្ឌលព្រះអង្គឌួង Severance និង KT នៃក្តីសង្ឃឹម កាលពីថ្ងៃទី២២ ខែមីនាឆ្នាំ២០១៩កន្លងមក លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា មន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យជំនាញពីប្រទេសកូរ៉េ បានធ្វើការវះកាត់ អ្នកជំងឺគ-ថ្លង់ ប្រើប្រាស់ជាមួយម៉ាស៊ីនទំនើបរបស់ប្រទេសអូទ្រីស ទទួលបានជោគ ជ័យ១០០ភាគរយ កាលពីឆ្នាំ២០១៨កន្លងទៅនេះ។

លោកសាស្រ្ដាចារ្យបានបន្ដថា បច្ចុប្បន្ន​នេះ មន្ទីរពេទ្យព្រះអង្គឌួងក៏បានវះកាត់អ្នកជំងឺគ-ថ្លង់ពីកំណើត បានចំនួន១០នាក់បន្ថែម​ទៀត៕