Home ពត៍មានថ្មីៗ អូរសោមជាកន្លែងទាក់ចិត្តសម្រាប់អ្នកដែលចូលចិត្តដំណើរកំសាន្តបែបផ្សងព្រេង​ និងជាទីប្រជុំដោយសម្បត្តិធម្មជាតិដ៏មហាសាល

អូរសោមជាកន្លែងទាក់ចិត្តសម្រាប់អ្នកដែលចូលចិត្តដំណើរកំសាន្តបែបផ្សងព្រេង​ និងជាទីប្រជុំដោយសម្បត្តិធម្មជាតិដ៏មហាសាល

1058

តំបន់អេកូទេសចរណ៍ធម្មជាតិឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាទីប្រជុំដោយសម្បត្តិធម្មជាតិដ៏មហាសាល កម្រមានអ្នកទៅដល់បំផុត។ សំរាប់អ្នកចូលចិត្តធ្វើការផ្សងព្រេងទៅតំបន់ធម្មជាតិនានា ក្នុងប្រទេសកម្ពុជា អាចទៅទីតាំងនេះបាន ពីព្រោះតំបន់អេកូទេសចរណ៍អូរសោម មានទស្សនីយភាពដ៏អស្ចារ្យជាច្រើនមិននឹកស្មានដល់នៅទីនោះ។ ក្នុងតំបន់ទេសចរណ៍ឃុំអូរសោម ភ្ញៀវទេសចរ អាចសម្រាកផ្ទះស្នាក់របស់អ្នកស្រុក មានអាហារប្រចាំតំបន់ប្លែកៗ និងមានមគ្គុទ្ទេសក៍ នាំដើរកម្សាន្តទៅកាន់តំបន់ប្លែកៗជាច្រើន។ ក្នុងនោះមានដូចជាទឹកធ្លាក់រហូតទៅដល់៧កន្លែងផ្សេងគ្នា មានបឹងដ៏ធំ ទស្សនាក្រពើព្រៃ និងតំបន់វាលវែងគ្របដណ្ដប់ដោយធម្មជាតិដ៏ស្រស់បំព្រង។

នៅតំបន់ទឹកធ្លាក់អូរកន្ធាយនេះមានទេសភាពស្អាតខ្លាំងណាស់ ប៉ុន្តែមិនសូវមានអ្នកទៅដល់នោះទេ។ នៅតាមផ្លូវឆ្ពោះទៅទីនោះ យើងត្រូវជិះកាត់ផ្លូវលំតូចៗ មានចម្ការចេករបស់អ្នកស្រុក ត្រូវឆ្លងកាត់ផ្លូវឡើងចំណោត ចុះចំណោត និងឧបសគ្គជាច្រើន រហូតទៅដល់ទឹកធ្លាក់អូរកន្ធាយ។ ប៉ុន្តែមិនធ្វើឲ្យការផ្សងព្រេងនោះឥតប្រយោជន៍ឡើយ ព្រោះភាពអស្ចារ្យនៃធម្មជាតិនៅទីនោះ បានធ្វើឲ្យភាពហត់នឿយធូរស្បើយមួយរំពេច។

ក្រៅពីទៅដល់ទឹកធ្លាក់អូរកន្ធាយ យើងអាចបន្តដំណើរទៅទឹកធ្លាក់មួយកន្លែងទៀតមានឈ្មោះថា ទឹកធ្លាក់ឆាយប្រុយ មានចម្ងាយមិនឆ្ងាយប៉ុន្មានពីទីប្រជុំជនអូរសោមឡើយ។ បើធ្វើដំណើរពីកោះកុងមកខេត្តពោធិ៍សាត់ តាមជួរភ្នំក្រវាញ អាចឆៀងចូលតំបន់ទឹកធ្លាក់នេះយ៉ាងងាយស្រួល តែបើយើងមកពីខេត្តពោធិ៍សាត់វិញ ត្រូវធ្វើដំណើរហួសពីទីប្រជុំជនអូរសោម ប្រមាណជិត៣០គីឡូម៉ែត្រទៀតទើបដល់ទឹកធ្លាក់ឆាយប្រុយ។

តំបន់អេកូទេសចរណ៍ធម្មជាតិអូរសោម ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានចម្ងាយប្រមាណ ១៥៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់៕

ខាងក្រោមនេះជាសម្រស់ទេសភាពរបស់តំបន់អេកូទេសចរណ៍ធម្មជាតិឃុំអូរសោម៖