Home ពត៍មានថ្មីៗ អ្នកនយោបាយបក្ស​​ប្រជាធិបតេយ្យមួយចំនួនរបស់អាមេរិចត្រូវបានជនអនាមិកបញ្ជុនគ្រាប់បែកដល់សឹងតែគ្រប់គ្នាដល់ផ្ទះ

អ្នកនយោបាយបក្ស​​ប្រជាធិបតេយ្យមួយចំនួនរបស់អាមេរិចត្រូវបានជនអនាមិកបញ្ជុនគ្រាប់បែកដល់សឹងតែគ្រប់គ្នាដល់ផ្ទះ

455

បើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨នេះបានអោយដឹងថាប៉ូលិសអាមេរិក​បានឱ្យដឹងថា ក្នុងរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ មានកញ្ចប់គ្រាប់បែកច្នៃ​ជាច្រើនត្រូវបានផ្ញើ​ទៅកាន់​ផ្ទះ និងការិយាល័យ​នៃអ្នកនយោបាយអាមេរិក​ល្បីៗ​ មកពីគណបក្សប្រជាធិបតេយ្យ​ជាច្រើននាក់ ក្នុងនោះរួមមាន​ទាំងការិយាល័យ​របស់​សារព័ត៌មាន CNN ក្នុងទីក្រុង​ញូយ៉ក​ផងដែរ។

គោលដៅផ្ញើនៃកញ្ចប់គ្រាប់បែក​ច្នៃដូចៗគ្នា​ទាំងនេះ​មានដូចជា​អតីតប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតី​អាមេរិក លោក ប៊ីល គ្លីនតុន និងភរិយា​របស់លោក គឺលោកស្រី ហ៊ីលឡារី គ្លីនតុន មហាសេដ្ឋី​ដែល ជាម្ចាស់ជំនួយដ៏ធំនៃគណបក្ស​ប្រជាធិបតេយ្យ លោក ចន សូរ៉ូស (George Soros) សមាជិកសភាបក្ស​ប្រជាធិបតេយ្យ​លោកស្រី ដិបប៊ី វ៉ាស្ស៊ឺម៉ាន់ ស្កាល់ស៍ (Debbie Wasserman Schultz) រួមទាំងការិយាល័យសារព័ត៌មាន CNN ក្នុងទីក្រុង​ញូយ៉ក។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន​នៅឯនាយកដ្ឋានប៉ូលិស​នៃទីក្រុងញូយ៉ក អភិបាលក្រុង​ញូយ៉ក លោក បៀល ដឺ ប្លាស៊ីយ៉ូ (Bill De Blasio) ក៏បានចាត់​ទុកផងដែរថា សកម្មភាពទាំងនេះ​គឺជាទង្វើភេរវកម្មយ៉ាង​ច្បាស់ក្រឡែត និងជាការបំភិតបំភ័យមេដឹកនាំអាមេរិក​ តាមរយៈសកម្មភាព​ហិង្សា។

មកទល់នឹងពេលនេះ​មិនមានការបញ្ជាក់​លម្អិត ពីហេតុការណ៍នេះ​នៅឡើយ​នោះទេ ខណៈការស៊ើប​អង្កេតកំពុងធ្វើ​ឡើង។ ក៏ប៉ុន្តែ អ្វីដែល​គេដឹងគេថា ការផ្ញើកញ្ចប់គ្រាប់ច្នៃ​ទៅកាន់អ្នកនយោបាយ​បក្សប្រជាធិបតេយ្យ កើតមានឡើង​នៅចំពេល សហរដ្ឋអាមេរិក​កំពុងត្រៀមរៀបចំ​ការបោះឆ្នោត​សភាពាក់កណ្ដាល​អាណត្តិ ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី០៦ ខែវិច្ឆិកា​ខាងមុខនេះ៕