Home ពត៍មានថ្មីៗ បច្ចេកវិទ្យា អ្នកវិទ្យាសាស្ត្រគ្រោងធ្វើតេស្ត DNA បឹងទាំងមូល ដើម្បីស្វែងរកការពិតនៃសត្វចម្លែក Loch Ness

អ្នកវិទ្យាសាស្ត្រគ្រោងធ្វើតេស្ត DNA បឹងទាំងមូល ដើម្បីស្វែងរកការពិតនៃសត្វចម្លែក Loch Ness

1315

ក្រុមអ្នកវិទ្យាសាស្ត្រចម្រុះជាតិសាសន៍មួយក្រុម បានរៀបគម្រោងពិនិត្យ DNA នៃបរិស្ថាននៅបឹង Loch Ness ស្ថិតក្នុងប្រទេសស្កុតឡេន ក្នុងគោលបំណងស្វែងយល់ថាតើសត្វចម្លែកដែលគេបានតំណាលតៗគ្នានៅក្នុងរឿងនិទាន មានពិតមែន ឬអត់។

 

Loch Ness Monster ជាឈ្មោះសត្វកវែងម្យ៉ាងដូចដាយណូស័រ។ បច្ចុប្បន្នគេមិនដឹងច្បាស់ថាវាធ្លាប់មានវត្តមាននៅលើផែនដីឬអត់ទេ។ កំណត់ត្រាដំបូងនៃសត្វចម្លែកដែលគេដាក់ឈ្មោះថា Loch Ness Monster នេះគឺមានដំបូងតាំងពីសតវត្សទី ៦មកម្ល៉េះ ដែលពេលនោះគេបានសរសេរថា មានលោកសង្ឃជនជាតិអៀរឡង់ម្នាក់ បានបណ្ដេញសត្វទឹកកំណាចមួយឲ្យមកកាន់ទន្លេ Ness។

 

 

អ្នកតំណាងឲ្យក្រុមអ្នកវិទ្យាសាស្ត្រនេះ លោកសាស្ត្រាចារ្យ Neil Gemmel បាននិយាយថា «យើងនឹងយក DNA ដែលយើងទទួលបាន ដើម្បីប្រៀបធៀបជាមួយទិន្នន័យដែលយើងមានពីសត្វមានជីវិតរាប់មុឺនផ្សេងទៀត ហើយមើលថាតើវាមានលក្ខណៈពិសេសអ្វី ឬអត់»។

 

ការធ្វើតេស្ត DNA ទៅលើបរិស្ថាននេះ គឺមិនមានអ្វីថ្មីនោះទេ ដោយគេធ្វើវាជារឿយៗមកហើយ ដើម្បីតាមដានពីជីវិតសត្វក្នុងសមុទ្រផ្សេងៗដូចជា ត្រីឆ្លាម និងត្រីបាឡែនជាដើម។

 

គ្រប់ពេលដែលសត្វណាមួយធ្វើដំណើរក្នុងទីជម្រករបស់វា វានឹងបន្សល់ទុកនូវបំណែក DNA តូចៗជាច្រើនដូចជា ស្បែក ស្រកា ស្លាប រោម លាមក និងទឹកនោមជាដើម។

រូបភាពដ៏ល្បីល្បាញមួយអំពី Loch Ness Monster នេះក៏ត្រូវបានគេចាប់យកបានកាលពីឆ្នាំ ១៩៣៤ ផងដែរ ដែលវាបង្ហាញពីក្បាលរបស់សត្វចម្លែកមួយ ដែលមានកវែងលេចចេញពីក្នុងទឹក ប៉ុន្តែ ៦០ឆ្នាំបន្ទាប់ពីការលេចចេញនៃរូបភាពនេះគេបានរកឃើញថាវាគឺជារូបភាពប្រឌិតប៉ុណ្ណោះ។

 

ទោះជាយ៉ាងណាក៏ដោយ ការរុករកជាច្រើនត្រូវបានគេធ្វើឡើងបន្តបន្ទាប់រហូតមកក្រោយការលេចចេញនៃរូបភាពនេះ។ ការរុករកដ៏ល្បីល្បាញមួយ ត្រូវបានគេធ្វើឡើងកាលពីឆ្នាំ ២០០៣ ដោយសារព័ត៌មាន BBC បានផ្ដល់ថវិកាយ៉ាងច្រើន ដើម្បីធ្វើការស្រាវជ្រាវរកសត្វចម្លែកនេះ ដោយប្រើបច្ចេកវិទ្យាថ្មីៗ ដោយពេលនោះគេបានស្កេនដោយប្រើបច្ចេកវិទ្យាសូណារ និងផ្កាយរណបពេញបឹងទាំងមូលតែម្ដង ក៏ប៉ុន្តែគេមិនបានទទួលជោគជ័យនោះទេ។

ការប៉ុនប៉ងចុងក្រោយបំផុតគឺ កាលពី ២ឆ្នាំមុននេះ ដែលគេបានប្រើដ្រូន ដែលមានបច្ចេកវិទ្យាខ្ពស់ដើម្បីស្វែងរកសត្វចម្លែកនេះ។ ជាលទ្ធផលគេបានរកឃើញសត្វចម្លែកពិតមែន ក៏ប៉ុន្តែវាគឺជាសត្វចម្លែកសិប្បនិម្មិតដែលគេបានបង្កើតឡើងសម្រាប់ថតរឿង «The Private Life Of Sherlock Holmes» កាលពី ៥០ឆ្នាំមុននោះទេ។

ក្រុមអ្នកវិទ្យាសាស្ត្រមកពីប្រទេស អង់គ្លេស ដាណឺម៉ាក អាមេរិក អូស្ត្រាលី និងបារាំងដែលគ្រោងនឹងធ្វើការរុករកជាថ្មីនេះ បានផ្ដោតសំខាន់ថា ការរុករករបស់គេមិនមែនត្រឹមតែជាការប្រមាញ់សត្វចម្លែកធម្មតានោះទេ។

លោក Gemmel បាននិយាយថា «ស្របពេលដែលការស្វែងរក Loch Ness Monster គឺជាគោលដៅរបស់យើងពិតមែន។ ការរុករករបស់យើងក៏នឹងអាចឲ្យយើងដឹងកាន់តែច្បាស់ពីជីវិតផ្សេងៗដែលរស់នៅក្នុងបឹងនេះផងដែរ»។

គេរំពឹងថា លទ្ធផលនៃការរុករកនេះនឹងត្រូវបានគេដាក់បង្ហាញនៅខែមករា ឆ្នាំ២០១៩ ខាងមុខនេះ៕