ចិន៖ អ្នកវិទ្យាសាស្ត្រជនជាតិចិន បានកសាងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានក្លូនកូនស្វាមួយគូ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។កូនស្វា ដែលគេបានក្លូន(Clone) ក្នុងជីវបច្ចេកវិទ្យា សំដៅលើការបង្កើតរូបរាងកាយរបស់ភាវៈរស់មួយផ្សេងទៀត ដែលត្រូវចម្លង (DNA) ឲ្យដូចគ្នានៃអង្គដើម។
កូនស្វាដែលពួកគេក្លូនបាននោះ ជាសត្វស្វាដែលមានកន្ទុយវែង មានឈ្មោះចុង ចុង និងមួយក្បាលទៀត ត្រូវបានដាក់ឈ្មោះឲ្យថាហួ ហួ។ ពួកវា ត្រូវបានគេក្លូនដោយប្រើប្រាស់វិធីសាស្ត្រមួយប្រភេទហៅកាត់ថា SCNT ដែលធ្លាប់ត្រូវបានគេយកមកក្លូនកូនចៀមមួយក្បាល ឈ្មោះ Dolly The Sheep កាលពីឆ្នាំ ១៩៩៦។
បច្ចុប្បន្ន កូនស្វាទាំងគូនេះ មានសុខភាពល្អជាធម្មតាទេ ហើយត្រូវបានគេចិញ្ចឹម ដោយដាក់ក្នុងកែវទ្រុងទារក។
គួរឲ្យដឹងថា កាលពីឆ្នាំ ២០០៣ ធ្លាប់មានអ្នកវិទ្យាសាស្ត្រមួយក្រុម មកពីសាកលវិទ្យាល័យ Pittsburgh បានព្យាយាមធ្វើការក្លូនលើពពួកសត្វស្វាដែរ ប៉ុន្តែពុំបានឃើញលទ្ធផល ដូចដែលរំពឹងទុកនោះទេ។ ដោយឡែកនេះជាលើកទីមួយហើយ ដែលអ្នកវិទ្យាសាស្ត្រជនជាតិចិនខាងលើ អាចក្លូនសត្វស្វាបានសម្រេចជោគជ័យ។
គេរំពឹងថា ភាពជោគជ័យនេះ នឹងជម្រុញឲ្យអ្នកវិទ្យាសាស្ត្រក្លូនបង្កើត សត្វស្វាឲ្យកាន់តែច្រើនឡើងៗ ដើម្បីយកពួកវាជាប្រយោជន៍ ក្នុងការពិសោធន៍ ក៏ដូចជាសិក្សាស្វែងយល់អំពីជំងឺរបស់មនុស្ស៕
ប្រភពពីៈKhmerload