ក្នុងឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍នឹងមានស្មាតហ្វូនកំពូល ៣ ម៉ូឌែលត្រៀមដាក់បង្ហាញក្នុងព្រឹត្តិការណ៍ធំនាខែកញ្ញា រួមមាន iPhone X ជំនាន់ថ្មី iPhone X Plus និង iPhone ប្រើអេក្រង់ LCD ទំហំ ៦,១ អ៊ីញ។ បន្តពីនេះ ក៏មាន iPhone SE 2 មួយម៉ូឌែលផ្សេងទៀត វិវត្តតគ្នាពី iPhone SE ហើយប្រភពពីសារព័ត៌មាន T3 បានសង្កត់ធ្ងន់ថា ម៉ូឌែលនេះនឹងមានតម្លៃធូរថ្លៃ ហើយបំពាក់អេក្រង់មានគុណភាពខ្ពស់ល្អជាង iPhone X ថែមទៀតផង។
SE 2 ត្រៀមនឹងបង្ហាញក្នុងខែមិថុនា ទំនងជាប្រើអេក្រង់ Full-Screen ពេញគែមសងខាង គ្មានប៊ូតុង Home និងបន្ថយទំហំស្នាមឆក (Notch) ឲ្យតូចជាត្រកូល X។ សារនេះ ក៏ស្រដៀងគ្នានឹងក្រុមហ៊ុន Olixar ខាងផលិតស្រោមទូរសព្ទបានទម្លាយ ពីស្ថានភាពអេក្រង់ SE 2 ថានឹងមានគុណភាពល្អជាង X អ៊ីចឹងដែរ ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ពីតួលេខកម្រិតបង្ហាញ។
មន្ទិលសង្ស័យមួយផ្សេងទៀតរបស់អតិថិជនទាក់ទងនឹងដុំសាកថ្មរហ័សកម្លាំង ១៨ វ៉ាត់ ដែលល្បីថាមកក្នុងប្រអប់ iPhone ឆ្នាំ ២០១៨ ប៉ុន្តែសម្រាប់ iPhone SE 2 រំពឹងថ្លៃក្បែរ ៥០០ ដុល្លារ នៅមិនទាន់មានការបញ្ជាក់ច្បាស់ការថាក្រុមហ៊ុន Apple ថែមជូនមកស្រាប់ឬតម្រូវឲ្យទិញឡើយ៕