កាលពីចុងឆ្នាំ២០១៧ មហាជនជាច្រើនមានអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង ក្រោយការទទួលស្គាល់របស់ក្រុមហ៊ុន Apple ថាខ្លួនពិតជាបានធ្វើឲ្យទូរស័ព្ទ iPhone មួយចំនួនមានដំណើរការយឺតជាងធម្មតា ដើម្បីដោះស្រាយបញ្ហារលត់ទូរស័ព្ទ ដែលបង្កឡើងដោយសារស្ថានភាពថ្មប្រាកដមែន។
កាលពីម្សិលមិញនេះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានប្រកាសជាសាធារណៈថា ការអាប់ដេតប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple នឹងអាចជួយដោះស្រាយបញ្ហាដើរយឺតនៃទូរស័ព្ទ iPhone ដោយ អនុញ្ញាតិឲ្យអ្នកប្រើប្រាស់ ធ្វើការសម្រេចចិត្តដោយខ្លួនឯង ថាតើពួកគេចង់កាត់បន្ថយល្បឿននៃដំណើរការទូរស័ព្ទ ឬក៏អត់។ ប្រព័ន្ធប្រតិបត្តិការ iOS ថ្មីមួយនេះគឺផ្តោតសំខាន់ទៅលើការកាត់បន្ថយការទាមទារថាមពលថ្ម បញ្ឈប់ការរលត់ដោយខ្លួនឯង (Restart) និងធ្វើឲ្យមានភាពកាន់តែប្រសើរជាងមុន សម្រាប់ថាមពលថ្មនៅលើទូរស័ព្ទ iPhone 6, iPhone 6S, iPhone SE និង iPhone 7 ។
លោក Cook បានថ្លែងថា៖ «យើងនឹងផ្តល់ដំណឹងប្រាប់អ្នកប្រើប្រាស់ថាយើងនឹងកាត់បន្ថយល្បឿននៃដំណើរការទូរស័ព្ទរបស់ពួកគេ ដើម្បីការពារកុំឲ្យមានការរលត់ ប៉ុន្តែ បើសិនជាពួកគេមិនចង់ឲ្យទូរស័ព្ទរបស់ពួកគេមានដំណើរការយឺតទេ ពួកគេអាចបិទវាបាន»។
យ៉ាងណាមិញ លោក Cook បានបន្ថែមទៀតថា ក្រុមហ៊ុន Apple សូមណែនាំអ្នកប្រើប្រាស់កុំធ្វើបែបនេះឡើយ ព្រោះថ្មនៃទូរស័ព្ទ iPhone របស់អ្នកនឹងអាចមានដំណើរការយាប់យឺនជាងមុនមិនខាន និងធ្វើឲ្យទូរស័ព្ទរបស់អ្នករលត់ញឹកញាប់ផងដែរ ដូច្នេះហើយអ្នកគួរតែយល់ព្រម ធ្វើឲ្យដំណើរការទូរស័ព្ទរបស់អ្នកមានសភាពយឺតជាងមុនបន្តិច នៅពេលដែលមានសញ្ញាលោតប្រាប់។
គួរឲ្យដឹងដែរថា ការអាប់ដេតប្រព័ន្ធប្រតិបត្តិការ iOS ថ្មីបំផុតមួយនេះ នឹងត្រូវដាក់ឲ្យចេញប្រើប្រាស់នៅខែក្រោយនេះហើយ៕