កាលពីពេលថ្មីៗនេះ Caviar ដែលជាឈ្មោះក្រុមហ៊ុនផលិតគ្រឿងប្រើប្រាស់មួយមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី បានបង្ហាញទូរសព្ទម៉ូដែល iPhone X ថ្មីមួយប្រភេទដែលមានតម្លៃថ្លៃបំផុត។
គេបានហៅទូរសព្ទនេះថា iPhone X Tesla និងរចនាឡើងដោយមានការស្រោបមាសលើសំបកខាងក្រៅ។ វាក៏ត្រូវបានគេបំពាក់មកជាមួយនូវបន្ទះស្រូបថាមពលព្រះអាទិត្យនៅផ្នែកខាងក្រោយរបស់វាដើម្បីឱ្យសាកសមទៅនឹងឈ្មោះនៃស៊េរី Tesla ។ ចំពោះសំបក តួខ្លួន និងគែមជុំវិញ ធ្វើឡើងពីឈើមានតម្លៃថ្លៃផងដែរ។
គួរឱ្យដឹងដែរថា ទូរសព្ទដ៏មានតម្លៃនេះមិនងាយដោះគ្រឿងរបស់វាចេញផ្តេសផ្តាសបានទេ។ វាមានកម្រាស់ ១៦,២ មីលីម៉ែត្រ ហើយបើសិនជាគ្មានសំបកទេ វាមានកម្រាស់ត្រឹមតែ ៧,៧មីលីម៉ែត្រដូចធម្មតា។
វាមានពីរជម្រើស គឺទំហំ 64GB ដាក់លក់ក្នុងតម្លៃ ៤០៦៤ ដុល្លារអាមេរិក និង 256GB ដាក់លក់ក្នុងតម្លៃ ៤៨៧៤ ដុល្លារអាមេរិក នៅលើវេបសាយ Carviar ផ្ទាល់តែម្តង។
iPhone X Tesla នេះមានចំនួនកំណត់ត្រឹមតែ ៩៩៩គ្រឿងប៉ុណ្ណោះលើពិភពលោក។ ម៉ូដែលនេះផលិតឡើងជាការកោតសរសើរទៅដល់លោក Elon Musk ដែលមានការប្តេជ្ញាខ្ពស់ក្នុងការផលិតថាមពលដែលមាននិរន្តរភាពសម្រាប់មនុស្សជាតិ៕