ក្នុងឆ្នាំ ២០១៨ នេះ ក្រុមហ៊ុនផលិតរថយន្តនៃចក្រភពអង់គ្លេស Land Rover បានបញ្ចេញនូវរថយន្តម៉ូដែលថ្មីជាច្រើន ដែលជាការអភិវឌ្ឍពីម៉ូដែលមុន មានដូចជា Range Rover និង Range Rover Sport ជាដើម។ ក្រៅពីការផលិត រថយន្តប្រើថាមពលអគ្គិសនី EV រួចមក Land Rover ក៏បានបញ្ចេញ Range Rover Sport SVR (Special Vehicle) ២០១៨ ផងដែរ។
លើកនេះ Range Rover Sport SVR ២០១៨ មានកម្លាំងខ្លាំងជាងឆ្នាំមុន ដោយមានថាមពលដល់ទៅ ៥៧៥សេះ លើសពីម៉ូដែល SVR រាល់ដងដែលមានត្រឹម ៥០០សេះ។ ការរចនាកាងខាងមុខថ្មី Range Rover Sport SVR ២០១៨ មានរន្ធខ្យល់ធំជាងមុនខ្លាំង ដោយបំបាត់ Fog Lamps (ចង្កៀងតូច២ ផ្នែកខាងក្រោម) ចោលជំនួសដោយសន្ទះខ្យល់ទាំងអស់តែម្ដងជំនួយដល់កម្លាំងដ៏ខ្លាំងក្លារបស់រថយន្តនេះ។
គម្របមុខរចនាមកជាមួយសារធាតុសរសៃកាបូន (Carbon Fiber) ដែលមានទម្ងន់ស្រាល ហើយរឹងមាំខ្លាំង ព្រមទាំងមានរន្ធបញ្ចេញខ្យល់ ២ នៅលើគម្របនោះទៀតផង។ ឡាននេះជាប្រភេទ Automatic មានចង្កឹះលេខ ៨ speed តែបើអ្នកចង់បង្កើនល្បឿនដូចឡានប្រណាំងលេខដៃនោះ អ្នកអាចប្រើប្រាស់លេខដៃ បូក ដក នៅជាប់ចង្កូតបាន។ ចំណែកឯប្រព័ន្ធ Touch Pro Duo សម្រាប់ផ្ដល់ព័ត៌មាននៅខាងក្នុងក៏ត្រូវបាន upgrade ឲ្យលឿននិងស្រួលប្រើជាងមុនឆ្ងាយផងដែរ។